ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក ស្រី Anna Maj Hulgard ឯកអគ្គរាជទូតស៊ុយអែត ចូលជួបសំដែងការគួរសម និងជំរាបលា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ស្រី Anna Maj Hulgard ឯកអគ្គរាជទូតស៊ុយអែត ចូលជួបសំដែងការគួរសម និងជំរាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកស្រី Anna Maj Hulgard ពេញចិត្តយ៉ាងខ្លាំងក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាហើយពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងស៊ុយអ៊ែរ។

សម្តេចតេជោ រីករាយ និងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ រួមទាំងក្ណុងពេលដែលប្រទេសកម្ពុជា រងសម្ពាធនៃទណ្ឌកម្ម ដែលពេលនោះ ស៊ុយអ៊ែត បានជួយកម្ពុជារួមទាំការបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជាផងដែរ។ ដោយឡែក នៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអ៊ែត បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាសកលមួយតាមផ្នែកសង្គម ដោយគាំទ្រធ្វើយ៉ាងណាអោយខាងរដ្ឋាភិបាល វិស័យឯកជន និងពលករ មានទំនាក់ទំនងល្អ ធ្វើការជាមួយគ្នា ដើម្បីអោយបរិយាកាសការងារប្រសើរឡើង ហើយកម្ពុជា បានចាត់ទុកនេះ គឺជាសហប្រតិបត្តិការផ្លាស់ប្តូរនូវបទពិសោធន៍ដ៏សំខាន់។

ឆ្នាំនេះ គឺជាឆ្នាំដែលប្រទេសស៊ុយអ៊ែត ដាក់បេក្ខភាពដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៦ នៅអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានបញ្ជាក់ថាកម្ពុជាគាំទ្របេក្ខភាពរបស់ប្រទេសស៊ុយអ៊ែត ហើយប្រទេសស៊ុយអ៊ែតក៏បានគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជា បេក្ខភាពក្រុមប្រឹក្សាសង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន ត្រៀមនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ុយអ៊ែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ុងហ្កោលីនាពេលខាង មុខ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ និងលោកស្រីបានផ្លាស់ប្តូរមតិគ្នាជុំវិញបញ្ហាអន្តរជាតិមួយចំនួនរួមទាំងការបោះឆ្នោតនៅសហរដ្ឋអាមេរិក សមុទ្រចិនខាងត្បូង និងស្ថាន ភាពនៅអ៊ឺរ៉ុបជាដើម ៕

1

2

3