ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចម៉ែយាងគោរពវិញ្ញាណក្ខន្ធសពអ្នកម្នាង អ៊ុក ផល្លារណឫទ្ធិ នៅវត្តបទុមវតី

ភ្នំពេញៈ នៅព្រឹក ថ្ងៃ អង្គារ ៧ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងគោរពវិញ្ញាណក្ខន្ធសពអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ នៅវត្តបទុមវតី បន្ទាប់ពីសពត្រូវបានយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីកាលពីរសៀលថ្ងៃ១៧ មិថុនាឆ្នាំ២០១៨ ។

យាងនិងអញ្ជើញទទួលព្រះរាជដំណើររបស់សម្តេចមហាក្សត្រីនាពេលនោះ មានព្រះរាជវង្សា នុវង្សសម្តេចក្រុមព្រះ មន្រី្តជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងសាច់សារលោហិតអ្នកម្នាង អ៊ុក ផល្លា ជាច្រើនព្រះអង្គ/នាក់ ។

នាឱកាសនោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ បានអុជ ទៀន ធូប និងគោរពដល់ដួងវិញ្ញាណក្ខន្ធសពអ្នកម្នាង អ៊ុក ផល្លារណឫទ្ធិ ទាំងព្រះរាជហរទ័យក្តុកក្តួលបំផុត ។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា ទាយា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលមរណភាពនៅវេលារសៀល ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោយជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្រោយកើតហេតុ សម្ដេចក្រុមព្រះ និងអ្នកម្នាង បានរងរបួសធ្ងន់ដូចគ្នា ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។រហូតមកដល់វេលាថ្ងៃត្រង់ នៃថ្ងៃកើតហេតុនេះ ពោល គឺម៉ោង១២និង២៣នាទីរសៀល អ្នកម្នាង អ៊ុក ផល្លា ក៏បានលាចាកលោកនេះ ខណៈដែលសម្តេចក្រុមព្រះបញ្ជូនទៅព្យាបាលរបួសនៅក្រុង បាងកក ៕ ប្រាថ្នា