ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យលោក ឌិញ ឡាថាំង ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបសវនាការនេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានសម្តែងនូវការអបអរសាទរជូនលោក ឌិញ ឡាថាំង ដែលត្រូវបានមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២ ជ្រើសតាំងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។

សម្តេចបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាឱកាសនេះ ពិតជាបានរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព សាមគ្តីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀត និងនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

លោក ឌិញ ឡាថាំងបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់សម្តេចប្រធាន ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្នុងបរិយាកាសរាក់ទាក់និងស្និទ្ធស្នាល។

លោកបានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដើម្បីពង្រឹងពង្រីកទំនាក់ទំងនងរវាងសាលារាជធានីភ្នំពេញ និងសាលាក្រុងហូជីមិញ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមសង្ឃឹមថា នឹងរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរ។

លោកបានសម្តែងការអបអរសាទរ ចំពោះវន្ឍភាពដែលប្រទេសកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ក្រោមព្រះរាជដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងអំណរគុណចំពោះព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រដល់ការតស៊ូរបស់ប្រជាជនវៀតណាម ក្នុងការរំដោះ និងកសាងប្រទេសជាតិ ៕

លោកបានបញ្ជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បានចាត់ទុកទំនាក់ទំនងនៃប្រទេស និងប្រជាជនទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានឡើយ។

លោកបានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់សម្តេចប្រធានព្រឹទ្ធសភា អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យជាអាទិ៍ លើវិស័យវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ដែលពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនជាលំដាប់។

លោកបានជម្រាបថា ទីក្រុងហូជីមិញគឺជាទីក្រុងនាំមុខគេនៃប្រទេសវៀតណាម ក្នុងការទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយនឹងសាលារាជធានីភ្នំពេញលើវិស័យវិនិយោគ សេដ្ឋកិច្ច សេវាកម្ម និងទេសចរណ៍។ ម៉្យាងវិញទៀត ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដែលជាឱកាសនាំឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ចនេះ នឹងបង្កើន និងពង្រឹង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា។

សម្តចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះជំនួយ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ សម្តេចបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បានជួយប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាល ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីម៉ិញ ដែលពិតជាមានសារសំខាន់ណាស់ ហើយសម្តេចបានសំណូមពរឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការទាំងនេះ ឲ្យកាន់តែស៊ីជម្រៅថែមទៀតតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូជំនាញ គណៈប្រតិភូអង្គការមហាជន ពិសេសគឺគណៈប្រតិភូយុវជន ពីព្រោះយុវជនមានតួនាទីសំខាន់ក្នុងការបន្តវេន និងថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

សម្តេចបានប្រសិទ្ធពរជូនប្រធានគណៈប្រតិភូ មានសុខភាពល្អ ទទួលបានជោគជ័យ និងជូនពរឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរស្ថិតស្ថេរជារៀងរហូត ៕

1

2