ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យលោកវ៉ាង ហ្គូសៀងចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត ឱ្យ ឯកឧត្តម វ៉ាង ហ្គូសៀង (WANG Guosheng) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទ នៃសភាប្រជាជនចិនទូទំាងប្រទេស ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ខណៈដែលលោកបានដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ក្នុងការពង្រឹងពង្រីក ផ្លាស់ប្តូរបទពិសោធន៍ ការងារក្នុងវិស័យកសិកម្ម ជាមួយកម្ពុជា ពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ។ សម្តេចបានចាត់ទុកថា ដំណើរទស្សននេះជាផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន កាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ ដោយក្នុងពេលនោះ សម្តេច និងលោក ចាង តេជាង ប្រធានសភាតំណាងប្រជាជនចិន បានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទំាងពីរ ឲ្យកាន់ តែស៊ីជម្រៅថែមទៀត។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចចក្រី បានសម្តែងការពេញចិត្តចំពោះសមិទ្ធផលទំាងឡាយដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល ប្រទេសទំាងពីរ កម្ពុជា-ចិន នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា ចិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។

បន្ថែមពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើមរបស់ប្រធានាធិបតី ស៊ី ជិនពីង នូវគោលនយោបាយខ្សែក្រវ៉ាត់មួយវិថីមួយ “ ខ្សែក្រវ៉ាត់ ផ្លូវសេដ្ឋកិច្ចសូត្រ និងផ្លូវសូត្រសមុទ្រ សម្រាប់ សតវត្សរ៍ទី២១” ដែលគោលនយោបាយនេះ នឹងជួយលើកកម្ពស់បន្ថែមទៀត លើកិច្ចសហប្រតិបត្តិការវិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដើម្បីវិបុលភាពទាំងអស់គ្នា ហើយកម្ពុជាប្រាកដណាស់ នឹងទទួលបានផលប្រយោជន៍ ពីគោលនយោបាយប្រទេសចិននេះ។

NKD-36x6_outline

លោក វ៉ាង ហ្គូសៀង បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនៅពេលនេះ។ លោក បានរម្លឹកពីការផ្លាស់ប្តូរដំណើទស្សនកិច្ច ទៅវិញទៅមកនៃថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសកម្ពុជានិងចិន ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ ដែលបានធ្វើឲ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ កាន់តែរឹងមាំឡើង ទំាងនៅខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

លោកប្រធានគណៈប្រតិភូ បានលើកឡើងថា ទំនាក់ទំនងសភាប្រទេសទំាងពីរមាន សារៈសំខាន់ណាស់ ក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរឡើងរវាងកម្ពុជា-ចិន។

លោក វ៉ាង ហ្គូសៀង បានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជា-ចិន ដែលមានតំាងពីយូរណាស់មកហើយនោះ ជាទំនាក់ទំនងពិតប្រាកដ ស្មោះត្រង់ ផ្តល់ប្រយោជន៍ទៅវិញទៅមក និងយោគយល់។

សូមជម្រាបថា លោក វ៉ាង ហ្គូសៀង ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៦។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភា គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយស្ថាប័ននានា របស់កម្ពុជាខាងវិស័យកសិកម្ម និងត្រូវចុះបំពេញទស្សនកិច្ចពិនិត្យសិក្សាស្វែងយល់លើការងារកសិកម្មដោយផ្ទាល់នៅខេត្តសៀមរាបផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា លើវិស័យកសិកម្មនេះឲ្យកាន់តែស៊ីជម្រៅ លម្អិតថែមទៀតនោះ សម្តេចបានផ្តល់អនុសាសន៍ជូន គណៈប្រតិភូសភាប្រជាជនចិន ជួបពិភាក្សាការងារជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជននបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាកម្ពុជា បន្ទាប់ពីជំនួបសវនការ ជាមួយសម្តេចរួច៕

r a e