ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមក្នុងសន្និសីទប្រធានរណសិរ្សលើកទី៣ នៅទីក្រុងហាណូយប្រទេសវៀតណាម

ប្រទេសវៀតណាម៖ ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៧ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរយៈពេល ៣ ថ្ងៃ នៅទីក្រុងហាណូយសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមសន្និសីទប្រធានរណសិរ្សលើកទី៣ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សារ៉ាតុន រដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីប្រធានរណសិរ្សមាតុភូមិវៀតណាម គឺលោក Tran Than Man និង ប្រធានរណសិរ្សកសាងជាតិឡាវ លោក Saysomphone Phomihane។

ថ្លែងក្នុងឱកាសសន្និសីទនេះសម្តេចប្រធានរដ្ឋសភា ក្នុងនាមជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានលើកឡើងថា ការជួបជុំគ្នារវាងប្រធានរណសិរ្សនៃប្រទេសបី កម្ពុជា ឡាវ វៀតណាម នាពេលនេះពិតជាមានសារៈសំខាន់ ក្នុងការពូនជ្រុំ ពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្ដភាព និងសហប្រតិបតិ្ដការរវាងប្រទេសទាំងបី ឲ្យកាន់តែប្រសើរ និងរឹងមាំថែមទៀត។ ជាមួយគ្នានេះដែរ សន្និសីទលើកទី៣ នេះ ក៏ជាការប្រមូលផ្តុំនូវគំនិត និងបញ្ញាញាណដ៏ទូលំទូលាយសម្រាប់រិះរកវិធានការដ៏សមស្របនានា ដើម្បីរួមគ្នាដោះ

ស្រាយភាពការប្រឈម ឬភាពអវិជ្ជមាននានា ដែលកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនសំដៅធានាបាននូវសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ដែលជាបំណងប្រាថ្នារួមរបស់ប្រទេសទាំងបី ស្របទៅទិសស្លោក “ភាពជាអ្នកជិតខាងល្អ” ។

សម្តេចប្រធានបានបញ្ជាក់បន្ថែមទៀតថា ប្រទេសទាំងបី ធ្លាប់បានឆ្លងកាត់ការលំបាក និងភាពប្រឈមរួមគ្នាជាច្រើន ជាពិសេសការតស៊ូ ប្រយុទ្ធប្រឆាំងនឹងពូកអាណានិគមនិយម និងចក្រពត្តិនិយម ទម្រាំទទួលបានសន្ដិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និងបានកំពុងបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្ដិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានឡើងរាយការណ៏អំពីសមិទ្ធផល និងសកម្មភាពរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម និងសង្កត់ធ្ងន់ថា សន្និសីទនេះប្រារព្ធឡើងក្នុងបំណងដើម្បីបង្ហាញពីសក្ខីភាពនៃការពង្រឹងចំណងសាមគ្គីភាព មិត្តភាពស្អិតរមួត រួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមករវាង ប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ហើយសមាគមមិត្តភាពនៃប្រទេសទាំងបី មានតួនាទី និងបេសកកម្មដ៏សំខាន់ក្នុងការធ្វើជាស្ពាន និងជាអ្នកការទូតរបស់ប្រជាជន ដើម្បីបំពេញបន្ថែមជួយដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងបី ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារមហាជន ប្រជាជន អតីតយុទ្ធជន នារី និងយុវជន ធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយអ្នកក្រ និងជនរងគ្រោះដោយធម្មជាតិជាដើម និងផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមករវាងសមាគមទាំងបី។

ជាមួយគ្នានេះ លោក ញ៉ែម វ៉ាលី អគ្គលេខាធិការ នៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានឡើងរាយការណ៌អំពីលទ្ធផល៣ ឆ្នាំ ដែលរណសិរ្សកម្ពុជាសម្រេចបានក្នុងការអនុវត្តដំណាក់កាលឆ្នាំ២០១៣-២០១៦ ស្តីពី ការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ។

នៅចុងបញ្ចប់នៃសន្និសីទលើកទី៣ នេះ ប្រធានរណសិរ្សនៃប្រទេសទាំងបីបានចុះហត្ថលេខាលើនៅក្នុងអនុស្សារណៈស្តីពី “កម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងបី ដោយផ្តោតលើចំនុចសំខាន់ៗចំនួន៦ រួមមាន៖

ទី១- បន្តជំរុញខ្លំាងការងារឃោសនាអំពីខ្លឹមសារជាក់ស្តែង មានដូចជា ប្រពៃណីនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងបី។

ទី២- ជំរុញសកម្មភាពជួយប្រាស្រ័យ ចងសម្ព័ន្ធមេត្រីភាពរវាងរណសិរ្សតំបន់នៃប្រទេស ទំាងបី។

ទី៣- រៀបចំសកម្មភាពអបអរសាទរទិវារំលឹកខូបអនុស្សាវរីយ៍ធំៗក្នុងឆ្នាំ២០១៧ នៃប្រទេសទំាងបី ដូចជា ថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទំាងបី ជាដើម។

ទី៤- បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រៀបចំគណៈប្រតិភូមន្រ្តី ទៅបំពេញទស្សនកិច្ច បំពេញការងារ និងហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា។

ទី៥- ភាគីទាំងបីរួមសហការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅប្រជាជន កសាងចំណងមិត្តភាព យោគយល់គ្នារវាងប្រជាជន នៃបណ្តាប្រទេស ដើម្បីរួមចំណែករក្សា សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ទី៦- នៅឆ្នាំ២០២០ ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ៕ ហេង សូរិយា