ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ​ត្រឡប់​ពី​កិច្ចប្រជុំ​ប្រចាំ ឆ្នាំ​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និវត្ត​មក​ដល់​កម្ពុជា​វិញ​ហើយ​ នា​ព្រឹក​ថ្ងៃ​ទី​២៨​មក​រា​ បន្ទាប់​ពី​បាន​អញ្ជើញ​ ទៅ​ចូល​ រួម​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​៤៥​ នៅ​ទីក្រុង​ដា​វ៉ូស​ ក្លូ​ស្ទ័​រ​ (Davos​ Kloster)​ ប្រទេស​ស្វ៊ី​ស​ ។​

សូម​បញ្ជាក់​ថា​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០១៥​ នៃ​វេទិកា​សេដ្ឋកិច្ច​ ពិភពលោក​លើក​ទី​៤៥​ ដែល​បាន​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​២២​និង​២៣​ ខែមករា​ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្ទ័​រ​ ប្រទេស​ស្វី​ស​ មានការ​អញ្ជើញ​ចូលរួម​ពី​មេដឹកនាំ​ពិភពលោក​ ៤០​ប្រទេស​ បណ្តា​វិជ្ជាករ​ សង្គម​ស៊ី​វិល​និង​ធុរជន​សំខាន់ៗ​សរុប​ជាង​២​ពាន់​៥០០​នាក់​ ដោយ​ បាន​ចែករំលែក​ ការ​យល់​ដឹង​ គំនិត​ផ្តួចផ្តើម​ និង​សកម្មភាព​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ឆ្លើយ​តប​ ទៅ​នឹង​ បញ្ហា​ប្រឈម​ ដែល​កំពុង​កើតឡើង​ នា​ពេល​បច្ចុប្បន្ន​ ។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ មេដឹកនាំ​របស់​ពិភពលោក​ដទៃ​ទៀត​ដែរ​ បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ចំនួន​៣​ នៅ​ក្នុង​វេទិកា​ សេដ្ឋកិច្ច​ ពិភពលោក​លើក​ទី​៤៥​នោះ​។​

សុន្ទរកថា​គន្លឹះ​ទី​១​ ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ នៃ​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ ក្រោម​ប្រធានបទ​ កម្ពុជាៈ​សករាជ​ថ្មី​នៃ​កាលានុវត្តភាព​ កំណើន​ ការ​ផ្លាស់​ប្តូរ​ និង​សមាហរណកម្ម​អាស៊ាន​ ។​ សុន្ទរកថា​គន្លឹះ​ទី​២​ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ក្រោម​ប្រធានបទ​ សន្តិសុខ​ស្បៀង​សកលលោក​ (​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​២០១៥)​ និង​សុន្ទរកថា​គន្លឹះ​ទី​៣​ ថ្លែង​នៅ​ក្នុង​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ក្រោម​ប្រធានបទ​ តើ​សេដ្ឋកិច្ច​អាស៊ាន​ទទួលផល​ប្រយោជន៍​ពី​ សមាហរណកម្ម​ក្នុង​តំបន់​ ដ៏​ទូលំទូលាយ​យ៉ាងដូចម្តេច​ ក្នុង​បរិការណ៍​សេដ្ឋកិច្ច​សកលលោក​ថ្មី​។​

លោក​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ បាន​ប្រាប់​អ្នក​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​យ៉ាង​ដូច្នេះ​ថា​ ក្រៅពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៥​ ក៏​មាន​ក្រុមហ៊ុន​ពីរ​ធំៗ​ នៅ​ប៉ែក​អឺរ៉ុប​មានការ​ចាប់អារម្មណ៍​ មក​វិនិយោគ​នៅ​កម្ពុជា​ ដែល​សម្តេច​តេ​ជោ​ បាន​ចាត់​លោក​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ជួប​ជាមួយ​ តំណាង​ក្រុមហ៊ុន​ពីរ​ធំៗ​នោះ​,​ទី​១​គឺ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​លើ​យន្ត​ ហោះ​ ដែល​ក្រុមហ៊ុន​មួយ​នេះ​ មានការ​ចាប់អារម្មណ៍​ពី​កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​កម្ពុជា​ និង​ទី​២​ ក្រុមហ៊ុន​ ផលិត​កែ​ច្នៃ​ស្បៀង​ ហើយ​គោលបំណង​នៃ​ការ​ជួប​នេះ​ ភាគី​កម្ពុជា​បាន​ បង្ហាញ​ពី​សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ដល់​ក្រុមហ៊ុន​ទាំង​ពីរ​ ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា​ ក្នុង​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។​

ដោយឡែក​ក្នុង​ដំណើរ​ទៅ​កាន់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ ពិភពលោក​លើក​ទី​៤៥​ នោះ​ ទាំង​មុន​និង​ក្រោយ​ពេល​ ចូលរួម​កិច្ចប្រជុំ​ នៅ​ ទីក្រុង​ដា​វ៉ូស​ ក្លូ​ស្ទ័​រ​ ក្នុង​ឱកាស​ស្នាក់​នៅ​ ទីក្រុង​ហ្ស៊ូ​រីក​(Zurich)​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏​បាន​ជួប​ សំណេះសំណាល​សួរសុខទុក្ខ​ ជាមួយ​ជនរួមជាតិ​ខ្មែរ​ដែល​កំពុង​រស់នៅ​ ប្រទេស​ស្វី​ស​ផង​ដែរ​។​

តាម​រយៈ​ការ​សំណេះសំណាល​នោះ​ សម្តេច​តេ​ជោ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ស្ថានភាព​របស់​ ប្រទេស​កម្ពុជា​មិន​ដូច​ ពី​ពេល​មុន​ទៀត​ទេ​ គឺ​កម្ពុជា​កំពុងធ្វើការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​ ចាប់តាំងពី​ទីក្រុង​រហូត​ដល់​តំបន់​ ចុងកាត់មាត់ញក​ ។​

សម្ដេច​បញ្ជាក់​ថា​ អ្វី​ដែល​បងប្អូន​ បានឮ​ និង​បានឃើញ​នៅ​តាម​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ គឺ​វា​មិន​ទាន់​គ្រប់គ្រាន់​ នោះ​ទេ​ គឺ​មាន​តែ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ធ្វើ​ដំណើរ​ទៅ​លេង​ ស្រុក​កំណើត​ដោយ​ផ្ទាល់​ទេ​ ទើប​អាច​ដឹង​ថា​ តើ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ បែប​ណា​នោះ​។​ តាម​រយៈ​ ការ​សំណេះសំណាល​ក្នុង​លក្ខណៈ​ជាម​ហា​គ្រួសារ​នោះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​ អំណរ​គុណ​ផង​ដែរ​ ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​នៅ​ឯ​ក្រៅប្រទេស​ ដែល​បាន​រួម​វិភាគទាន​ដល់​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។​

ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិ​ន្រៃ្ត​យ៍​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ បានឱ្យ​ដឹង​ថា​ មាន​ជនរួមជាតិ​ខ្មែរ​កំពុង​រស់នៅ​ប្រទេស​ស៊្វីស ចំនួន​សរុប​ប្រមាណ​១​ម៉ឺន​នាក់​ ពោល​គឺ​រស់នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ស្វ៊ី​ស​ ៕

img_4401(1)

img_4397

img_4400