ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ហ៊ុន​ សែន​ រំឭក​អំពី​គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​(​វគ្គ​៣)​

«​ ឯ​កូនក្រមុំ​មាន​ ១៣​ រូប​ អង្គុយ​នៅ​កៅអី​ជួរ​មុខ​ និង​ កូន​ក​ម្លោះ​១៣​រូប​ អង្គុយ​នៅ​ពីក្រោយ​កូនក្រមុំ​ដែល​ជា​គូ​របស់​ខ្លួន​។​ សូមកុំ​ច្រឡំ​កៅអី​ដែល​យើង​អង្គុយ​មិនមែន​ជា​កៅអី​ធម្មតា​ទេ​ តែ​ជា​កៅអី​ក្មេង​រៀន​ដែល​យក​មក​តម្រៀប​ឱ្យ​កូន​ក​ម្លោះ​កូនក្រមុំ​អង្គុយ​ក្នុង​ពេល​រៀប​ការ​។​ ជា​ការ​ចាប់ផ្តើម​គណៈ​ចាត់តាំង​បានឱ្យ​មនុស្ស​១​នាក់​អាន​ប្រវត្តិរូប​ខាង​ស្រី​ និង​ ខាង​ប្រុស​ម្នាក់​ម្ដងៗ​ទាំង​២៦​នាក់​។​ ខ្ញុំ​បាន​ត្រឹមតែ​មើល​ខ្នង​ និង​ ក​រ៉ា​នី​ ពីក្រោយ​ដែល​ក្នុង​ចិត្ត​អាណិត​អនាគត​ភរិយា​ដែល​មិន​គួរ​លះបង់​មក​យក​ខ្ញុំ​ជា​ជន​ពិការ​ មក​រៀប​ការ​អត់​ឪពុក​ម្តាយ​ អត់​បងប្អូន​សាច់ញាតិ​បែប​នេះ​សោះ​។​ ចំពោះ​រូប​ខ្ញុំ​ក៏​តូចចិត្ត​អាណិត​ខ្លួនឯង​ អាណិត​ដល់​គូ​ផ្សេង​ទៀត​ ដែល​ពិការ​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៅ​ទៀត​។​ ហើយ​គូ​ប្តី​ប្រ​ព​ន្ឋ​របស់​ពួក​គេ​ត្រូវ​អង្គការ​ផ្សំផ្គុំ​ឱ្យ​ខុស​ពី​គូ​ខ្ញុំ​ដែល​បាន​ស្ដីដណ្តឹង​មុន​នឹង​មានចិត្ត​ស្រឡាញ់​គ្នា​មុន​រៀប​ការ​ថ្ងៃនេះ​។​ កម្មវិធី​បាន​ចាប់ផ្តើម​ បន្ទាប់​ពី​អាន​ប្រវត្តិរូប​ចប់​ គឺ​ដល់​កម្មវិធី​ដែល​គ​ណះ​អធិបតី​យ​សួរ​សំណួរ​មក​កាន់​កូនក្រមុំ​ និង​កូន​ក​ម្លោះ​ឱ្យ​ឆ្លើយ​មួយគូ​ម្ដងៗ​ ដោយ​សួរ​កូនក្រមុំ​មុន​និង​សួរ​កូន​ក​ម្លោះ​ជា​ក្រោយ​។​ ១២​គូ​ឆ្លើយ​ចប់​ដល់​វេន​ខ្ញុំ​ជា​គូ​ទី​១៣​ រ៉ា​នី​ ឆ្លើយ​សំណួរ​បាន​យ៉ាង​ល្អ​ទាំង​២​សំណួរ​។​ ក្នុង​ចំណោម​ ១២​ គូ​មុន​ គឺ​តែ​១​សំណួរ​ម្នាក់​ប៉ុណ្ណោះ​គឺ​ដល់​ រ៉ា​នី​២​ សំណួរ​។​ ចំណែក​ខ្ញុំ​ឡើង​ដល់​៣​សំណួរ​។​ សំណួរ​ដែល​ខ្ញុំ​ចង​ចាំ​ជាងគេ​គឺ​ (​តើ​សម​មិត្ត​មាន​ល​ទ្ឋ​ភាព​កសាង​ភរិយា​ឱ្យ​ក្លាយទៅជា​វណ្ណៈ​អធន​ វណ្ណៈ​ក​ម្មា​ជីព​បាន​ឬទេ​?)​។​ នេះ​ជា​សំណួរ​តម្រង់​ទៅ​រក​ រ៉ា​នី​ ដែល​មាន​ស្បែក​ស​ និង​ជា​គ្រួសារ​អ្នក​ធូរធារ​ដែល​រស់​តាម​ដង​ទន្លេមេគង្គ​។​ បន្ទាប់​ពី​សួរ​សំណួរ​សា​ម៉ី​ខ្លួន​ទាំង​២៦​រូប​ចប់​ហើយ​ គណៈអធិបតី​ក៏​បាន​សួរ​ទៅ​ចាស់ទុំ​ដែល​បាន​អញ្ជើញ​ចូលរួម​ដែល​អ្នក​សួរ​ហៅ​ថា​សាក្សី​។​ ចាស់ទុំ​២​នាក់​បាន​ឡើង​និយាយ​ក្នុង​នោះ​មាន​ លោក​បង​ ជុំ​ ហ៊​ល​ អតីត​មេ​បញ្ជ​ការ​ខ្ញុំ​ ឡើង​និយាយ​ដោយ​ប្រើ​ពាក្យ​ថា​សមរម្យ​ហើយ​ និង​បាន​ជូនពរ​ដល់​ពួក​យើង​។​ (​លោក​ ជុំ​ ហ៊​ល​ ក្រោយ​ឆ្នាំ​១៩៧៩​ ធ្វើ​ជា​អភិបាល​ក្រុងព្រះសីហនុ​រហូត​ឆ្នាំ​១៩៩៣​ ទើប​ចូល​និវត្ត​ន៏​ និង​ ទទួលមរណៈភាព​នៅ​ឆ្នាំ​ ២០១៤)​។​

​នៅ​ម៉ោង​ប្រមាណ​ ២:00​ រសៀល​ កម្មវិធី​មិន​ទាន់​បញ្ចប់​ទេ​។​ ពួក​យើង​ឃ្លានបាយ​ ស្រេក​ទឹកតែ​មិន​ហ៊ាន​មាត់ករ​អ្វី​ទាំងអស់​។​ ម្តងនេះ​ដល់​វេន​គណៈអធិបតី​ស្រោច​ទឹក​និង​ឱ្យ​ពរ​ជ័យ​ ដោយ​ផ្តើម​ពី​ទស្សនៈ​សភាព​ការ​ណ៌​ដែល​រៀបរាប់​ពី​សភាពការណ៍​ពិភពលោក​ សភាពការណ៍​តំបន់​ និង​អន្តរជាតិ​ ដោយ​ជេរ​ពួក​សេរីនិយម​ សូ​វៀត​ និង​វៀតណាម​មួយ​ឆ្អែត​ ទើប​ចូល​មក​សភាពការណ៍​កម្ពុជា​ដែល​ផ្តោត​ធំ​លើ​ការងារ​នយោបាយ​ សតិ​អារ​ម្ម​ណ៌​ ការ​វាយ​កំទេច​គាស់​រំលើង​វណ្ណៈ​ជិះជាន់​ កំចាត់​ចោល​កម្ម​សិ​ទ្ឋិ​សួនតួ​ទាំង​ទ្រព្យសម្បតិ្ត​ ទាំង​មនោ​សញ្ច​ត​នា​ បោសសំអាត​ពួក​ខ្មាំង​បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​…​។​ល​។​ ច្រើន​ណាស់​ចាំ​មិន​អស់​ទេ​នូវ​ពាក្យ​បណ្តាសារ​របស់​របស់​ប្រធាន​គណៈអធិបតី​ដែល​ប្រើ​ពេល​ជាង​១​ម៉ោង​។​ ពិធី​ផ្សំផ្គំ​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​ ៣​ និង​៣០​នាទី​ល្ងាច​ ដោយ​ប្រើ​ពេល​៧​ម៉ោង​កន្លះ​ និង​ ដោយ​គ្មាន​ឈប់​សម្រាក​។​

​នៅ​ម៉ោង​ប្រហែលជា​៤:00​ ល្ងាច​ យើង​ហូប​បាយ​ជុំ​គ្នា​ទាំង​ប្តី​ប្រ​ព​ន្ឋ​ ទាំង​ភ្ញៀវ​ចូលរួម​ ដោយ​អង្គុយ​បាយ​លើ​ស្ពក​។​

​រ៉ា​នី​ បាន​ក្លាយជា​ភរិយា​ខ្ញុំ​ជា​ផ្លូវការ​ហើយ​ តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ហ៊ាន​និយាយ​រក​នាង​នៅឡើយ​។​ នៅ​ពេលបាយ​ រ៉ា​នី​ បាន​ដួស​បាយ​ឱ្យ​ខ្ញុំ​ និង​ជួយ​ដួស​បាយ​ឱយ​យុ​ទ្ឋ​ជន​ពិការ​ដៃ​ម្នាក់​ទៀត​ ព្រោះ​ប្រ​ព​ន្ឋ​គាត់​នៅ​អៀន​។​ កំពុង​តែ​ហូប​បាយ​ មាន​កម្មាភិបាល​តំបន់​មក​ប្រាប់​ពី​ផ្ទះ​ដែល​គូ​នីមួយៗ​ត្រូវ​សម្រាក​។​ ចំពោះ​អ្នក​ពិការ​ជើង​គឺ​នៅផ្ទះ​ផ្ទាល់​ដី​ រីឯ​អ្នក​មិន​ពិការ​ជើង​គឺ​នៅផ្ទះ​ខ្ពស់​។​ ហូប​បាយ​រួច​ខ្ញុំ​ប្រាប់​ប្រ​ព​ន្ឋ​ខ្ញុំ​ថា​ ខ្ញុំ​ទៅ​យក​បា​ឡូ​ទៅ​ផ្ទះ​សម្រាក​មុន​ សុំ​ទៅ​យក​ អីវ៉ាន់​ទៅ​តាម​ក្រោយ​។​ ប្រ​ព​ន្ឋ​ឆ្លើយ​ថា​ ចាស៎​។​ អត់​ទាន់​ហ៊ាន​និយាយ​ពាក្យ​ បង​ អូន​នៅឡើយ​។​ នេះ​មិនមែន​ជា​ព្រះថោង​តោង​ស្បៃ​ទេ​ តែ​ជា​ព្រះថោង​ស្វែងរក​ផ្ទះ​នៅ​ក្រោយ​ពេល​រៀប​ការ​។​

​ស្ត្រី​ម្ចាស់ផ្ទះ​ដែល​ខ្ញុំ​ត្រូវ​សម្រាក​បាន​ទទួល​ខ្ញុំ​ដោយ​រាក់ទាក់​ហើយ​ប្រាប់​ខ្ញុំ​ថា​ ផ្ទះ​នេះ​គាត់​មិន​បាន​នៅ​តាំងពី​ឆ្នាំ​១៩៧១​ មក​ម្ល៉េះ​ព្រោះ​ខ្លាច​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក​។​ តែ​ផ្ទះ​នេះ​អុំ​សំអាត​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ព្រោះ​ប្រធាន​ភូមិ​មក​ខ្ចី​សំរាប់​ឱ្យ​ក្មួយៗ​ទើប​រៀប​ការ​សម្រាក​។​ ខ្ញុំ​ក៏​សួរ​ទៅ​គាត់​វិញ​ថា​ តើ​អុំ​នៅឯណា​?​ គាត់​ចង្អុល​ទៅ​ផ្ទះ​តូច​ក្បែរ​នោះ​នៅ​ផ្ទាល់​ដី​មាន​ទាំង​លេណដ្ឋាន​ការពារ​ផង​។​ នៅ​ពេល​ខ្ញុំ​កំពុងនិយាយ​ ស្រាប់តែ​ឃើញ​ប្តី​ប្រ​ព​ន្ឋ​គូ​ ទី​១២​ បណ្តើរគ្នា​មក​ដល់​ ខ្ញុំ​សួរ​ថា​ ហែម​ និង​ វ​ណ្ណា​ សម្រាក​នៅផ្ទះ​ណា​?​ គាត់​ឆ្លើយ​ថា​ផ្ទះ​ណឹ​ង​ដែរ​។​ ខ្ញុំ​ពិតជា​ហួសចិត្ត​ផ្ទះ​តូច​មួយ​ផ្សំ​ដំណេក​ដល់​ទៅ​២​គូរ​ (​គូរ​ទី​១២​ ប្តី​ឈ្មោះ​ ហែម​ និង​ ប្រ​ពន្ទ​ឈ្មោះ​ វ​ណ្ណា​)​។​ យើង​ឡើង​ទៅ​លើ​ផ្ទះ​ទាំងអស់​គ្នា​។​ នៅ​លើ​ផ្ទះ​មាន​គ្រែ​មួយ​ មាន​មុង​ តែ​គ្មាន​វាំងនន​ទេ​។​ ហែម​ប្រាប់​ខ្ញុំ​ថា​ បង​សែន​ ឯង​សម្រាក​លើ​គ្រែ​ចុះ​ ឯខ្ញុំ​ចង​វាំងនន​នៅ​ក្បែរ​ទ្វារ​។​ ខ្ញុំ​សួរ​គាត់​វិញ​ថា​បាន​វាំងនន​ពី​ណា​មក​?​ ហែម​ឆ្លើយ​ថា​ អង្គការ​ចែក​ឱ្យ​តាំងពី​នៅ​មន្ទីរ​តំបន់​ចុះ​បង​ឯង​អត់​ទាន់​បាន​ទទួល​ទេ​ឬអី​?​ ខ្ញុំ​គ្រវីក្បាល​និង​ឆ្លើយ​ថា​អត់​ទេ​។​ ហែម​ក៏​ជួយ​ប្រាប់​ទៅ​អ្នក​ទទួលខុសត្រូវ​ដើម្បី​សុំ​វាំងនន​ឱយ​ខ្ញុំ​។​

​ខ្ញុំ​រង់ចាំ​ប្រ​ព​ន្ឋ​ខ្ញុំ​តែ​មិនឃើញ​មក​សោះ​ ដោយសារ​នាង​នៅ​ជាប់​និយាយ​លេង​ជាមួយ​ម្ចាស់ផ្ទះ​ដែល​នាង​សម្រាក​កាលពី​យប់មិញ​។​ ខ្ញុំ​ងូតទឹក​មុន​និង​បាន​រៀបចំ​កន្លែង​សម្រាក​ឱ្យ​ហើយ​។​ ពេល​នេះ​ខ្ញុំ​បាន​ដោះ​សម្លៀក​បំពាក់​ខ្មៅ​ ស្លៀក​ឯកសណ្ឋាន​កងទ័ព​វិញ​ហើយ​។​ សុំ​បញ្ជាក់​ថា​ពេល​ស្ថិត​នៅ​ក្នុង​ពិធី​ គេ​តម្រូវ​ឱយ​កូន​ក​ម្លោះ​ស្លៀកខោ​ខ្មៅ​ ពាក់អាវ​ខ្មៅ​ដៃ​វែង​ រីឯ​កូនក្រមុំ​ស្លៀកសំពត់​ខ្មៅ​និង​ពាក់អាវ​ខ្មៅ​ដៃ​វែង​ គឺ​មិន​អនុញ្ញាត​ឱយ​ស្លៀកពាក់​ខុស​ពី​នេះ​ឡើយ​។​ ភរិយា​ខ្ញុំ​ និង​រូប​ខ្ញុំ​មិន​បាន​ទទួល​អ្វី​ផ្សេង​ក្រៅពី​របស់របរ​ផ្ទល់​ខ្លួន​ដែល​ធ្លាប់​មាន​នោះ​ទេ​ ក្រោយ​ពី​បាន​រៀប​ការ​រួច​ហើយ​។​ អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គឺ​រូប​រ៉ា​នី​ និង​អ្វី​ដែល​រ៉ា​នី​បាន​ទទួល​គឺ​រូប​ខ្ញុំ​។​ យើង​មិន​ចង់បាន​អ្វី​ខុស​ពី​នេះ​ឡើយ​។​ ក្បែរ​ក្បាល​ព្រលប់​ខ្ញុំ​ឃើញ​រ៉ា​នី​ឱប​បា​ឡូ​មក​ដល់​ ខ្ញុំ​ក៏​ទៅ​ទទួលយក​បា​ឡូ​ពី​នាង​ឡើង​លើ​ផ្ទះ​។​ រ៉ា​នី​បាន​សួរ​ខ្ញុំ​ថា​ បង​មាន​ក្រមា​ទេ​ ខ្ញុំ​សុំ​ខ្ចី​ផ្លាស់​មុជទឹក​។​ ខ្ញុំ​ថា​មាន​ ក្រមា​ខ្ញុំ​ទទឹក​ស្រាប់​ ខ្ញុំ​ក៏​ដើរទៅ​យក​ក្រមា​ឱ្យ​ប្រ​ព​ន្ឋ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ដែល​ទើប​ហៅ​ខ្ញុំ​ថា​ “​បង​”​ ដែល​ពាក្យ​នេះ​ខ្ញុំ​រង់ចាំ​ជា​យូរ​មក​ហើយ​។​

​អំពើ​របស់​អង្គការ​ថ្ងៃនេះ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយទៀត​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​តស៊ូ​ដើម្បី​ផ្តួលរំលំ​របប​អត់​ប្រពៃណី​ និង​ គ្មាន​សាសនា​នេះ​។​ ថ្ងៃនេះ​វា​និយាយ​ពី​បោសសំអាត​ពួក​បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​ វា​និយាយ​ត្រូវ​ព្រោះ​ខ្ញុំ​ជា​មេ​ពួក​បង្កប់​នេះ​តែ​ម្តង​។​ ងាក​មក​និយាយ​ពី​ភរិយា​ខ្ញុំ​វិញ​ ខ្ញុំ​អាណិត​នាង​ណាស់​ មិន​គួរ​មក​រងកម្ម​ជាមួយ​មនុស្ស​ពិការ​ដូច​រូប​ខ្ញុំ​នេះ​ទេ​ មក​រៀប​ការ​ដោយ​គ្មាន​ឪពុក​ម្តាយ​ និង​បងប្អូន​ញាតិ​មិត្ត​កំដរ​។​ ការ​អាណិត​ធ្វើ​ឱយ​ខ្ញុំ​យល់​ពី​នាង​កាន់តែ​ច្បាស់​ថា​ នាង​ទទួលយក​ខ្ញុំ​ដោយ​សុ​ទ្ឋ​ចិត្ត​មិន​ប្រកាន់​រើសអើង​ចំពោះ​ជន​ពិការ​ឡើយ​។​ ឆ្លង​ផុត​រាត្រី​ផ្សំ​ដំណេក​ ៥​ មក​រា​ ១៩៧៦​ លុះ​ព្រឹក​ឡើង​មន្ទីរ​យោធា​តំបន់​បាន​យក​រឺ​ម៉ក​ម៉ូតូ​មក​ដឹក​ពួក​យើង​ទៅ​អង្គភាព​វិញ​។​ យើង​អត់​បាន​ទទួលទាន​អ្វី​ទាំងអស់​ក៏​នាំ​គ្នា​ចេញដំណើរ​ទៅ​។​ អ្នក​រួម​ដំណើរ​មាន​ ប្តី​ប្រ​ព​ន្ឋ​ខ្ញុំ​២​នាក់​ គូ​ទី​១២​ ហែម​ និង​ វ​ណ្ណា​២​នាក់​ ជំនួយការ​សេនាធិការ​យោធា​តំបន់​ឈ្មោះ​ សុ​ជាតិ​ ១​នាក់​ និង​អ្នក​ជិះ​ម៉ូតូ​ជា​ប្រធាន​មន្ទីរ​យោធា​តំបន់​:​ឈ្មោះ​ស៊ី​ថា​។​ ចេញពី​ភូមិ​ច្រាប​មិន​បាន​ប៉ុន្មាន​ផង​ម៉ូតូ​ក៏​វា​បែក​កង់​ ពួក​យើង​ប្រឹង​រុញ​ទាំង​ម៉ូតូ​ទាំង​រឺ​ម៉ក​មក​ប៉ះ​កង់​នៅ​ផ្សារ​សួង​ ទំ​រាំ​រក​កន្លែង​ប៉ះ​កង់​បាន​ និង​ប៉ះ​កង់​រួច​គឺ​ម៉ោង​ប្រហែល​ ១១:00​ ថ្ងៃត្រង់​ទៅ​ហើយ​។​ ពួក​យើង​មិន​ខ្វល់​ពី​ការ​ឃ្លាន​ទេ​ គឺ​ត្រូវ​រូតរះ​ចេញដំណើរ​ភ្លាម​ដើម្បី​ទៅ​ដល់ទី​បញ្ជាការ​យោធា​តំបន់​ដែល​បោះទីតាំង​នៅ​ចំការ​ដូង​ ភូមិ​សំរោង​ ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្តកំពង់ចាម​ ។​

​កំណាត់​ផ្លូវជាតិ​លេខ​៧​ កាលពី​ពេល​នោះ​គឺ​ខូចខាត​ស្ទើរ​អស់ហើយ​មិន​អាច​ធ្វើ​ដំណើរ​បាន​លឿន​ទេ​។​ យើង​ចេញពី​ផ្សារ​សួង​បាន​មិន​ទាន់​ដល់​១០​គីឡូម៉ែត្រ​ផង​ កង់​រឺ​ម៉ក​ខាង​ក៏​ឆ្វេង​ធ្លាយ​ទៀត​ តែ​យើង​អាច​នៅ​សប់​បញ្ចូល​ខ្ស​ល់​ធ្វើ​ដំណើរ​បាន​។​ ដំបូង​សប់​១​ដង​អាច​ធ្វើ​ដំណើរ​បាន​ប្រហែល​១​គីឡូម៉ែត្រ​ ជា​បន្តបន្ទាប់​សប់​បញ្ចូល​ខ្យល់​លែង​ចូល​។​ ខ្ញុំ​ប្រាប់​ស៊ី​ថា​និង​សុ​ជាតិ​ ដែល​អ្នក​ទាំង​២​នាក់​សុ​ទ្ឋ​តែ​ជា​អតីត​យុ​ទ្ឋ​ជន​និង​កូនសិស្ស​ខ្ញុំ​លើ​ការងារ​ផែនទី​ថា​ ទុក​រឺ​ម៉ក​ផ្ញើ​ប្រជាជន​នៅ​ទី​នេះ​ ស៊ី​ថា​និង​សុ​ជាតិ​ប្រ​ញ៉ាប់​ជិះ​ម៉ូតូ​ទៅ​ចំការ​ដូង​យក​កង់​ម៉ូតូ​មក​ដូរ​ បើ​មិន​ទាន់​យប់​នេះ​ទេ​ចាំ​ស្អែក​ចាំ​មក​វិញ​។​ ឯ​ពួក​ខ្ញុំ​ដើរទៅ​មុខ​បន្តិចទៀត​ចាំ​សុំ​អ្នក​ភូមិ​សម្រាក​មួយ​យប់​សិន​។​ រុញ​រឺ​ម៉ក​មក​ដាក់​ទុក​តាម​ភ្លឺស្រែ​រួច​ហើយ​ ស៊ី​ថា​ និង​ សុ​ជាតិ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។​ រីឯ​ពួក​ខ្ញុំ​៤​នាក់​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​ដល់​ភូមិ​តា​ហៀវ​ ស្រុក​ ពញ្ញាក្រែក​ ដែល​នៅ​ជាប់​ផ្លូវ​លេខ​៧​ហើយ​ចូល​ទៅ​ក្នុងភូមិ​នោះ​ដើម្បី​សុំ​សម្រាក​។​ លោកពូ​អ្នក​ម៉ី​ង​ម្ចាស់ផ្ទះ​ទទួល​ពួក​យើង​រាក់ទាក់​ខ្លាំង​ណាស់​ តែ​គាត់​មិន​ទាន់​ហ៊ាន​ឱ្យ​យើង​សម្រាក​ទេ​ គឺ​រង់ចាំ​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​ភូមិ​សិន​។​ ខ្ញុំ​ក៏​មិន​បាន​ប្រាប់​ពួក​គាត់​ថា​ខ្ញុំ​ជា​មេ​បញ្ជ​ការ​កង​ទ​ព័​ដែរ​ កាំភ្លើងខ្លី​របស់ខ្ញុំ​សៀត​នៅ​ចង្កេះ​មើល​មិនឃើញ​ទេ​។​ យើង​ត្រូវ​រង់ចាំ​ព្រោះ​ប្រធាន​ភូមិ​ទៅ​បោក​ស្រូវ​មិន​ទាន់​ត្រឡប់​មក​វិញ​។​ នៅ​ពេល​ប្រធាន​ភូមិ​មក​ដល់​មេឃ​ក៏​ចាប់ផ្តើម​ង​ងិ​ត​ហើយ​ គាត់​ជួយ​ពួក​យើង​ភ្លាម​ដោយ​ឱ្យ​អង្ករ​៤​កំប៉ុង​មក​ម្ចាស់ផ្ទះ​ដាំ​ឱ្យ​យើង​ទទួលទាន​។​ តាំងពី​ព្រលឹម​រហូត​យប់​ប្រហែល​១៣​ម៉ោង​ ទើប​យើង​បាន​ហូប​បាយ​។​ ហើយ​បើ​គិត​ពី​ពេលបាយ​នៅ​រៀប​ការ​ពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​៥​ មក​រា​ រហូត​ម៉ោង​៨​យ​ ប់​ថ្ងៃ​ ៦​ មក​រា​នេះ​មាន​រយះ​ពេល​២៨​ម៉ោង​ ទើប​យើង​បាន​បាយ​។​ ខ្ញុំ​ស្រក់​ទឹកភ្នែក​អាណិត​ប្រ​ព​ន្ឋ​ខ្ញុំ​ខ្លាំង​ណាស់​ តែ​ទឹកភ្នែក​នេះ​មិន​ឱ្យ​ប្រ​ព​ន្ឋ​ខ្ញុំ​ដឹង​ទេ​។​

​ពេល​យប់​ម្ចាស់​ផ្ចះ​រៀបចំ​ឱ្យ​ពួក​ខ្ញុំ​ដេក​ប្រុស​ដោយ​ប្រុស​ ស្រី​ដោយ​ស្រី​ ខ្ញុំ​បាន​សុំ​ម្ចាស់ផ្ទះ​ដើម្បី​បាន​ដេក​ជាមួយ​ភរិយា​ខ្ញុំ​ រីឯ​ ហៀ​ម​ ជាមួយ​ប្រ​ព​ន្ឋ​គេ​ តែ​ម្ចាស់ផ្ទះ​បាន​ឆ្លើយ​តប​ដោយ​ការ​សុំ​ទោស​ព្រោះ​ខ្លាច​ក្មួយៗ​ជម្រត់​គ្នា​មិនមែន​ជា​ប្តី​ប្រ​ព​ន្ឋ​ពិតប្រាកដ​។​ ពួក​ខ្ញុំ​គ្មាន​ជំរើស​អ្វី​ក្រៅ​តែ​ពី​ទទួលយក​តាម​ការ​រៀបចំ​របស់​ម្ចាស់ផ្ទះ​ ដើម្បី​កុំឱ្យ​គាត់​លំបាក​ដោយសារ​យើង​។​ ពេល​ព្រឹក​ឡើង​ម៉ូតូ​បាន​មក​ទទួល​យើង​ទៅ​កាន់​ទីបញ្ជាការ​យោធា​តំបន់​ ខ្ញុំ​ត្រូវ​បំពេញ​កិច្ចការ​តាំងពី​ពេល​ទៅ​ដល់​រហូត​ពេល​យប់​ តែ​នៅ​ទី​នេះ​មិន​មាន​បញ្ហា​អ្វី​ទេ​។​ ប្រធាន​យោធា​តំបន់​ឈ្មោះ​ អួ​ង​ ឯក​ មាន​អធ្យាស្រ័យ​ល្អ​។​ នេះ​ជា​រាត្រី​ទី​៣​ត្រូវ​នឹង​ថ្ងៃ​ ៧​ មក​រា​។​ ថ្ងៃ​ទី​៨​មក​រា​ ម៉ូតូ​មន្ទីរ​យោធា​តំបន់​បាន​ជូន​ប្តី​ ប្រ​ព​ន្ឋ​ខ្ញុំ​ទៅ​កាន់​ទីបញ្ជាការ​កងវរសេនាធំ​ដែល​បោះទីតាំង​នៅ​ភូមិ​កោះ​ថ្ម​ ឃុំ​ទ​ង្លូ​ង​ ស្រុក​ត្រ​មូង​នា​ពេល​នោះ​។​ ពេល​ទៅ​ដល់​កម្មាភិបាល​ និង​ យុ​ទ្ឋ​ជន​ដែល​ធ្លាប់​បាន​លេងល្បែង​ផ្សំផ្គុំ​ខ្ញុំ​ជាមួយ​ប្រ​ព​ន្ឋ​កាលពី​ឆ្នាំ​១៩៧៣​ និង​ដើមឆ្នាំ​១៩៧៤​ បាន​នាំ​គ្នា​មក​អបអរ​ផង​ និង​ បង្អាប់​ខ្ញុំ​ផង​។​

​ប្តី​ប្រ​ព​ន្ឋ​យើង​បាន​រស់នៅ​ជាមួយ​គ្នា​ពី​ថ្ងៃ​ទី​ ៨​ ខែ​ មក​រា​ បន្ទាប់​ពី​បាន​រៀប​ការ​នៅ​ថ្ងៃ​៥​មក​រា​ ដែល​ត្រូវ​ដើរ​ដេក​នៅ​ទីកន្លែង​ខុសៗ​គ្នា​។​ ភាព​រីករាយ​មាន​ត្រឹមតែ​៤​ថ្ងៃ​ប៉ុណ្ណោះ​សំរាប់​ប្តី​ប្រ​ព​ន្ឋ​របស់ខ្ញុំ​។​

​ថ្ងៃ​ទី​១២​ ខែ​ មក​រា​ ឆ្នាំ​ ១៩៧៦​ បទបញ្ជា​បន្ទាន់​ឱ្យ​ភរិយា​ខ្ញុំ​ចេញដំណើរ​ទៅ​មន្នីរ​ពេទ្យ​ដែល​មា​នទី​តាំងនៅ​វត្ត​ពពេល​ ឃុំ​ពពេល​ ស្រុក​ទឹក​ជ្រៅ​ នា​ពេល​នោះ​គឺ​ស្រុក​ពញ្ញាក្រែក​។​ នា​ពេល​នេះ​ហើយ​បន្ទាប់​ទៅ​ត្រូវ​ទៅ​លើក​ប្រ​ព័​ន្ឋ​ភ្លឺស្រែ​នៅ​ភូមិ​ខ្នារ​ ស្រុក​ត្បូងឃ្មុំ​។​ ទឹកភ្នែក​ខ្ញុំ​ហូរ​ទៀត​ហើយ​ នៅ​ពេល​ដែល​គេ​ដឹក​ប្រ​ព​ន្ឋ​ខ្ញុំ​ចេញ​ទៅ​ សូ​ម្បី​តែ​ខ្ញុំ​ជា​ប្តី​ក៏​គ្មាន​សិ​ទ្ឋិ​ និង​ជូន​ដំណើរ​នាង​ដែរ​។​ តើ​នេះ​ជា​ចម្លើយ​ដែល​ឆ្លើយ​និង​សំណួរ​ដែល​អង្គការ​សួរ​ខ្ញុំ​ថា​ តើ​សម​មិត្ត​មាន​ល​ទ្ឋ​ភាព​កសាង​ភរិយា​ឱ្យ​ក្លាយជា​វណ្ណៈ​អធន​ វណ្ណៈ​ក​ម្មា​ជីព​បាន​ឬទេ​?​។​
​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​ពេល​នេះ​មិន​ទាន់​ចប់​ទេ​ ខ្ញុំ​នឹង​បន្ត​សរសេរ​រឿងរ៉ាវ​ដែល​ទាក់ទង​និង​ប្រ​វ​តិ្ត​របស់ខ្ញុំ​ជា​បន្ត​ទៀត​ ដែល​នឹង​បញ្ចេញ​តាម​ Facebook​ របស់ខ្ញុំ​។​ ​សុំ​រង់ចាំ​អាន​បន្ត​ សុំ​អរគុណ​» ៕

1

7

6

5

4

3

2