ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហេង សំរិន ជំរុញក្រសួងការពារជាតិកម្ពុជានិងវៀតណាមពង្រឹងការយកចិត្តទុក ដាក់ ថែរក្សា សន្តិសុខ សុវត្ថិភាពតាមព្រំដែន

ភ្នំពេញ ៖ ក្នុងដំណើរអញ្ជើញមកបំពេញ បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូក្រសួងការពារជាតិសាធារណ រដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួង ការពារជាតិវៀតណាម Ngo Xuan Lich បានអនុញ្ញាតចូលជួបសវនាការ និងសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមាន រដ្ឋសភាកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដែលនៅក្នុងជំនួបសវនាការ នេះសម្តេចប្រធានរដ្ឋសភាបានជំរុញដល់ក្រសួងការពារជាតិប្រទេសកម្ពុជានិងវៀតណាមរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាពនៅតាមព្រំដែនប្រទេសទំាងពីរ ។

សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ការអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះរបស់គណៈ ប្រតិភូថា មានសារសំខាន់ណាស់ក្នុងការ ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិ បត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាមលើគ្រប់វិស័យពិសេសលើវិស័យការពារជាតិឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជានិងវៀតណាមជាមិត្តជិតខាងដ៏ល្អដែលបានជួយគ្នាទៅវិញទៅមកនៅ គ្រប់កាលៈទេសៈ គឺនៅពេលលំបាកនិងនៅពេលប្រទេសមានសុខសន្តិភាព និង ការអភិវឌ្ឍ ។ សម្តេចបានបានលើកឡើង ថា កងទ័ពវៀតណាមបានពលីកម្មយ៉ាង ច្រើននៅក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ។

លោក Ngo Xuan Lich បានសម្តែង ការអបអរសារទចំពោះស្មាដៃដឹកនាំស្ថាប័នរដ្ឋសភារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានធ្វើឲ្យកម្ពុជាមានការគោរពច្បាប់និងមានការអភិវឌ្ឍលើគ្រប់ វិស័យ ។ លោករដ្ឋមន្រ្តីបានលើកឡើងថា ប្រទេសវៀតណាមមានការសប្បាយរីក រាយយ៉ាងក្រៃលែងនៅពេលឃើញកម្ពុជាមានការរីកចម្រើន ។

ជាមួយគ្នានេះលោកប្រធានគណៈ ប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជានឹងរដ្ឋសភាវៀតណាម ជាពិសេសការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចបទពិសោធន៍គ្នាទៅវិញទៅមករវាងរដ្ឋសភាប្រទេសទំាងពីរ ។

លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបានស្នើសុំសម្តេចប្រធានរដ្ឋសភាមេត្តាជួយជំរុញ និងគំាទ្រ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជានឹងក្រសួងការពារជាតិវៀតណាមបន្តទៀតដើម្បីឲ្យស្ថាប័នការពារជាតិ ប្រទេសទំាងពីរមានឱកាសបន្តកិច្ចសហប្រតិបត្តិនឹងគ្នាកាន់តែល្អបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងពីរ ។

សម្តេចប្រធានរដ្ឋសភាបានគំាទ្រការលើកឡើងរបស់ឯកឧត្តមប្រធានគណៈ ប្រតិភូនិងបានស្នើដល់ក្រសួងការពារជាតិទំាងពីរប្រទេស កម្ពុជា-វៀតណាមបន្ថែម ការយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សុវត្ថិភាពនៅតាមបន្ទាត់ព្រំដែនដើម្បីជំរុញដល់ការបោះបង្គោលព្រំដែនប្រទេសទំាងពីរឲ្យបានលឿនក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាមផងដែរ ៕ ហេង សូរិយា

ses (2)

ses (1)