ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធមិត្តក៏មិនលើកលែង! អាមេរិកតម្លើងពន្ធ លើប្រទេសសម្ព័ន្ធមិត្តណាតូ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែតម្លើងពន្ធទ្វេដងដល់ដែកថែប និងអាលុយមីញ៉ម របស់ប្រទេសទួរគី ដោយសារតែ រដ្ឋាភិបាលទីក្រុង Ankara មិនព្រមដោះលែងសកម្មជន Brunson ។

កាលពីថ្ងៃទី១០ ខែសីហា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសតម្លើងពន្ធ ដល់ប្រទេសទួរគី ដោយបញ្ចាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ មិនល្អនោះឡើយ ។ អាមេរិកតម្លើងពន្ធ ទៅលើផលិតផលដែកថែប ៥០ភាគរយ និង អាលុយមីញ៉ម ២០ភាគរយ ។ ការតម្លើងពន្ធនឹងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន និងអែនការ៉ា ប្រឆម និងវិវាទកាន់តែខ្លាំងក្នុងពេលប្រទេសទាំងពីកំពុងប្រឈមវិវាទ ជុំវិញការចាប់ខ្លួន អ្នកផ្សព្វផ្សាយសាសនាជនជាតិអាមេរិក Dandrew Brunson ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅក្នុងប្រទេសទួរគី ។

លោក Brunson ប្រឈមនឹងការដាក់ទោស ៣៥ឆ្នាំពីបទ គាំទ្រដល់ការធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Tayyip Erdogan កាលពីឆ្នាំ២០១៦ ។ ការប្រេះឆានៅក្នុងទំនាក់ទំនង អាមេរិក ទួរគី កាន់តែខ្លាំងឡើង ធ្វើឲ្យអ្នកវិនិយោគនៅទួរគីបង្ហញក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ ។

ចំណែករដ្ឋាភិបាលទួរគីវិញ ក៏បានសម្រេចតម្លើងពន្ធនាំចូលពីអាមេរិកនូវទំនិញដែលមានទឹកប្រាក់ ១,៨ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពតម្លើងពន្ធរបស់អាមេរិក ។

កាលពីដើម ខែសីហា ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីទួរគីពីររូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងហាមប្រាំពលរដ្ឋអាមេរិក សហការរកស៊ីជាមួយមន្ត្រីជាន់ខ្ពស់ទួរគី ក្រោយប្រទេសនេះមិនព្រមដោះលែង Brunson ។ ចំណែករដ្ឋាភិបាលទួរគីវិញបានបញ្ចាក់ថា នឹងមិនកែប្រែសេចក្តីសម្រេចរបស់តុលាការនោះឡើយ បើទោះបីរងការដាក់ទណ្ឌកម្មពីអាមេរិកក្តី ។

ទួរគីក៏បានព្រមានតបតទៅលើអាមេរិកវិញ ថា សម្ព័ន្ធមិត្តណាតូ និងត្រូវបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនប្រសិនបើរដ្ឋាភីបាលទីក្រុងវ៉ាស៊ីនតោន មិនផ្លាសប្តូរ គោលជំហរដាក់ទណ្ឌកម្មទេនោះ ។

កន្លងមកទួរគីក៏បានប្រឆាំង និងអាមេរិក ដោយបន្តទិញឧស្ម័នពីប្រទេសអីរ៉ង នឹងរក្សាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដដែល ។ សកម្មភាពទាំងនោះបានធ្វើឲ្យអាមេរិកកាន់តែខឹងសម្បាយ៉ាងខ្លាំង ។

សកម្មភាពរបស់អាមេរិកនៅពេលនេះ បានបាត់បង់ប្រសិទ្ធិភាពហើយ ដោយគ្មានប្រទេសណាមួយធ្វើតាមអាមេរិកទៀតឡើយ ពីព្រោះអាមេរិក គិតតែផលប្រយោជន៍ខ្លួនឯងមិនគិតដល់ប្រទេសជាសម្ព័ន្ធមិត្ត ធ្លាប់កៀកស្មាគ្នា ។

ប៉ុន្តែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសទួរគី ក៏បានធ្វើឲ្យប្រទេសនេះរងការខាតបង់ជាច្រើនពិសេសគឺរូបិយវត្ថុទួរគីធ្លាប់ខ្លាំងមិនធ្លាប់មានពីមុនមក ។ នៅថ្ងៃសុក្រទី១០សីហានេះ រូបិយបណ្ណ Livre របស់ទួរគី បានធ្លាក់ចុះជាខ្លាំង ដល់ទៅ១០ភាគរយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទួរគី ។ រូបិយបណ្ណទួរគីធ្លាក់ចុះបែបនេះ គឺដោយសារត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក របស់លោក ដូណាល់់ ត្រាំ ។ ភ្លាមៗ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសឲ្យពលរដ្ឋចូលរួមប្រកៀកស្មាគ្នា គាំទ្ររូបិយបណ្ណជាតិ ។

រូបិយបណ្ណទួរគី ធ្លាក់ចុះជាខ្លាំង យ៉ាងគំហុក ដល់ទៅ១០ភាគរយ នៅថ្ងៃសុក្រទី១០សីហា ។ ការស្រុតដាំក្បាលចុះនេះគឺបន្ទាប់ពីបានធ្លាក់ចុះចំនួន៥ភាគរយរួចម្តងហើយ កាលពីដើមឆ្នាំ២០១៨ ។ ពោល គឺនៅពេលនេះ ប្រាក់ Livre របស់ទួរគី ចំនួន៦ ទើបអាចប្តូរយកប្រាក់១ដុល្លាររបស់អាមេរិក ។ ការធ្លាក់ចុះយ៉ាងច្រើនដូច្នេះ គឺដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយអាមេរិក ។

នៅថ្ងៃសុក្រទី១០ សីហានេះ ប្រធានាធិបតីអាមេរិក ដូណាល់់ ត្រាំ បានសរសេរប្រកាសតាម Tweeter យ៉ាងមានមោទនភាព ថាលុយដុល្លារអាមេរិកខ្លាំង មិនដូចលុយទួរគី ដែលខ្សោយ ហើយបានដាំក្បាលចូលយ៉ាងឆាប់រហ័សនោះទេ ។ លោក ត្រាំ សរសេរបញ្ជាក់ថា លោកទើបតែបានសម្រេចដំឡើងពន្ធពីរដងថែមទៀត ចំពោះពន្ធនាំចូលធ្យូងថ្ម និងអាលុយមីញ៉ូមពីប្រទេសទួរគី ។

ដូច្នេះនៅពេលនេះ ពន្ធគយនាំចូលទំនិញពីទួរគីចូលអាមេរិក គឺធ្យូងថ្ម ត្រូវឡើង រហូតដល់៥០ភាគរយ ហើយពន្ធអាលុយមីញ៉ូម ត្រូវឡើងដល់២០ភាគរយ ។

ប្រឈមមុខនឹងទណ្ឌកម្មជាបន្តបន្ទាប់របស់អាមេរិក ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសឲ្យប្រជាពលរដ្ឋគាំទ្ររូបិយបណ្ឌជាតិ ។ លោកប្រកាសថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថា “ប្រសិនបើបងប្អូនមានប្រាក់ដុល្លារ លុយអឺរ៉ូ ឬក៏មាសសុទ្ធ នៅក្រោមខ្នើយ គ្រែដំណេករបស់បងប្អូន សូមបងប្អូនអញ្ជើញយកវាទៅធនាគារជាតិរបស់យើង ហើយប្តូរយកលុយ Livre របស់ទួរគីយើងវិញ ។ នៅក្នុងស្ថានភាពនេះ យើងត្រូវការចូលរួមប្រយុទ្ធប្រកៀកស្នាទាំងអស់គ្នាដើម្បីជាតិយើង ។ ” ប្រមុខរដ្ឋទួរគី បានបន្ថែមថា “យើងមិនចាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ ព្រោះយើងមានព្រះអាឡះជួយ ។ យើងនឹងឈ្នះសង្គ្រាមនេះ ។ ”

គួររម្លឹកជូនថា ទួរគី និងអាមេរិក មានភាពតានតឹងគ្នាជាច្រើនខែមកហើយ ហើយរឹងរឹតតែក្តៅគគុកថែមទៀត នៅពេលដែលទួរគីបានចាប់ឃុំខ្លួនគ្រូគង្វាលសាសនាជាតិអាមេរិកម្នាក់ នៅទីក្រុងអង់ការ៉ា ។ អាមេរិកបានប្រកាសឲ្យដោះលែងគ្រូគង្វាលនោះភ្លាម តែរដ្ឋទួរគីមិនព្រម ព្រោះអាជ្ញាធរទួរគីយល់ថា អាចារ្យសាសនាម្នាក់នេះ ធ្វើសកម្មភាពចារកម្ម និងភេរវកម្ម ។ កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីជាន់ខ្ពស់ផ្នែកការទូតរបស់ប្រទេសទាំងពីរបានជួបជជែកគ្នាដែរ នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែហាក់ពុំអាចបន្ធូរបន្ថយភាពតានតឹងសោះ៕ ម៉ែវ សាធី