ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់អាមេរិកនៅអឺរ៉ុប គឺអង់គ្លេស ក៏រងការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោនដែរ

អាចនិយាយបានថា អង់គ្លេសគឺជាសម្ព័ន្ធមិត្ត ស្លាប់រស់ និងជាទីទុកចិត្តបំផុតរបស់អាមេរិក នៅលើពិភពលោក ពេលនេះអាមេរិក ក៏បានគំរាមកំហែងដល់សម្ព័ន្ធមិត្តដ៏សំខាន់មួយនេះ ដោយខ្លាច អង់គ្លេសងាកចេញពីអាមេរិកដូចប្រទេសអឺរ៉ុបផ្សេងទៀត។

អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស លោក Woody Johnson បានព្រមានថា ទីក្រុងឡុង ត្រូវតែកៀកស្មាជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមិនចង់ប្រឈមមុខនឹងលទ្ធផល អាក្រក់នៅក្នុងវិស័យពាណិជ្ជកម្ម ។

អត្ថបទវិភាគមួយដែលបានចុះផ្សាយនៅលើ សារព័ត៌មាន Sunday Telegrah របស់អង់គ្លេស អគ្គរដ្ឋទូត អាមេរិក បានសរសេរថា «អាមេរិកកំពុងតែដាក់គំនៀប ហើយយើងចង់ឲ្យអង់គ្លេស ឈរខាងអាមេរិក គាំទ្រគោលនយោបាយរបស់អាមេរិក នៅលើពិភពលោក ។ ដល់ពេលដែល អង់គ្លេស ត្រូវចាកចេញពីកិច្ចព្រមព្រៀង បរមាណូ អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ។ យើងសូមស្នើដល់អង់គ្លេស ប្រើប្រាស់នូវឥទ្ធិពលរបស់ខ្លួន និងកម្លាំងទំនាក់ទំនងការបរទេសដ៏ធំរបស់ខ្លួនរួមដៃជាមួយអាមេរិក ឆ្ពោះទៅរកកិច្ចព្រមព្រៀង ជាទ្រង់ទ្រាយធំជាងនេះ»។

លោកWoody Johnson ចង់លើកលើងពីកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាងប្រទេស មហាអំណាចអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា រួមជាមួយ បារាំង អង់គ្លេស រុស្ស៊ី ចិន រួមជាមួយអាល្លឺម៉ង និងអ៊ីរ៉ង់ ។ ប្រធានាធិបតីត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០១៨ បើទោះបីរងការប្រឆាំងពីបណ្តាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប។

នៅក្នុងសេចក្តីប្រកាស កាលពីសប្តាហ៍កន្លងមក អង់គ្លេស បារាំង អាល្លឺម៉ង់ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ នៅតែមានប្រសិទ្ធិភាព ហើយប្រទេសទាំង៣បានបង្ហាញការខកចិត្ត ចំពោះទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ។ អឺរ៉ុបបានខិតខំដើម្បី ប្រឆាំងនិងការដាក់ទណ្ឌកម្ម របស់អាមេរិកទៅលើអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បណ្តាក្រុមហ៊ុន អឺរ៉ូប ដែលកំពុងរកស៊ី នៅ ក្នុងទីក្រុងតែអ៊ីរ៉ង់។

ប៉ុន្តែ អគ្គរដ្ឋទូតអាមេរិកនៅប្រទេសនៅប្រទេសអង់គ្លេស បានអំពាវនាវដល់បណ្តាក្រុមហ៊ុន អង់គ្លេស កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ។ លោក Woody Johnson បានបញ្ជាក់ថា « ប្រធានាធិបតីត្រាំ បានបញ្ចាកថា បើទោះបីក្រុមហ៊ុន ណា ដែល កំពុងរកស៊ីជាមួយអ៊ីរ៉ង់ អាចនឹងទទួលនៅលទ្ធផលអាក្រក់ ។ នៅពេលនេះយើងចាំបាច់ត្រូវតែសមគ្គី ដាក់គំនៀបទៅលើប្រទេសអ៊ីរ៉ង់ បង្ខំឲ្យអ៊ីរ៉ង់ ផ្លាសប្តូរ គោលជំហរ បញ្ចប់សកម្មភាពឃោឃៅរបស់អ៊ីរ៉ង់ »។

កន្លងមកថ្មីៗ ប្រទេសជាច្រើនជុំវិញ ពិភពលោក បានសម្រេច បន្តបង្កើនទំនាក់ទំនងរកស៊ីជាមួយអ៊ីរ៉ង់ ដដែល បើទោះបីរងការគម្រាមកំហែង ពីអាមេរិកក្តី ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង លោកPeter Altmaier បាននិយាយថាសហរដ្ឋអាមេរិកមិនអាចដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដា ប្រទេសដ៏ទៃនោះទេ ហើយថាប្រទេសរបស់លោកគួរតែបង្ហាញពីជំហរម៉ឺងម៉ាត់ និងប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មអាមេរិក តាមរយៈការបង្កើនការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Peter Altmaier ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកកាលពីចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចបណ្ដោយឱ្យសហរដ្ឋអាមេរិក ដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដាប្រទេសដទៃបាននោះទេ…ដូច្នេះក្រុមហ៊ុនអាល្លឺម៉ង់អាចបន្តធ្វើពាណិជ្ជកម្ម និងវិនិយោគតាមដែលពួកគេចង់បាននៅក្នុងប្រទេសអ៊ីរ៉ង់»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន ក៏បានព្រមានផងដែរថានឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ប៉ុន្តែបើតាមលោក Peter Altmaier ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់ សហរដ្ឋអាមេរិកគឺជាការធ្វេសប្រហែស និងមិនខ្វាយខ្វល់ចំពោះគោលជំហរនៃសម្ព័ន្ធមិត្តរបស់ខ្លួន។

ពាក់ព័ន្ធនឹងការប្រឈមមុខ អាមេរិក អ៊ីរ៉ង់ នៅពេលនេះអ៊ីរ៉ង់បានប្រកាសថា នឹងមិនមានជំនួបណាមួយជាមួយភាគីអាមេរិក ដោយអាមេរិកពេលនេះមិនគួរឲ្យទុកចិត្តឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានអះអាងថា គ្មានឡើយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រួមទាំងសមាភាគីអាមេរិករបស់លោក គឺលោក ម៉ៃក៍ ប៉ុមប៉េអូ នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាង មុខនេះ។

លោក Zarif ធ្វើការកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក មៃក៍ ប៉ុមប៉េអូ នៅអំឡុងពេលលោកចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ។

បញ្ជាក់ដូច្នេះថា៖«គ្មានឡើយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រួមទាំងលោក ប៉ុមប៉េអូ នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជា ជាតិ ហើយយើងក៏បានបញ្ជាក់គោលជំហរនេះជាច្រើនដងរួចហើយដែរ»។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី ក៏នឹង មានវត្តមាននៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉ក នៅខែកញ្ញាមុខនេះដែរ។ ប៉ុន្តែលោកបញ្ជាក់ ថាលោក រូហានី គ្មានគំរោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំឡើយ៕ ម៉ែវ សាធី