ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់ត្រីមាសទី១នេះអាជ្ញាធររាជធានីភ្នំពេញបង្ក្រាបករណីគ្រឿងញៀនបានជាង៧០០ករណីនិងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់

ភ្នំពេញ៖ សម្រាប់ត្រីមាសទី១នេះ អាជ្ញាធររជធានីភ្នំពេញបង្ក្រាបលើករណីគ្រឿងញៀនបានជាង៧០០ករណី និងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់ ដើម្បីចាត់ការទៅតាមច្បាប់ ។ នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ មេសានេះ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងមានការចូលរួមពីគ្រប់កងកម្លាំងនិងអាជ្ញាធរក្រោមឱវាទចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះអាជ្ញាធររាជធានីភ្នំពេញបង្ក្រាបលើករណីគ្រឿងញៀនបានចំនួន៧៥៦ករណី និងបានឃាត់ខ្លួនជនសង្ស័យបាន១៨៥៤នាក់ ស្រី២៤៤នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន១៧៩៩នាក់ ស្រី២២២នាក់ ជនជាតិវៀតណាម៤៩នាក់ ជនជាតិនីសេរីយ៉ា៣នាក់ និងជនជាតិម៉ាឡេស៊ី១នាក់។ បានបញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀនទៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន១៣៤៥នាក់ ស្រី១១០នាក់ ។បញ្ជូនទៅកាន់តុលាការចំនួន៩៣២នាក់ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញចំនួន១០៧នាក់ ស្រី២នាក់ បញ្ជូនទៅអោយគ្រួសារវិញចំនួន២៣៩នាក់ ស្រី១៥នាក់។

ចំពោះការបង្ក្រាបល្បែងស៊ីសងវិញ បង្ក្រាបបានចំនួន៥៤ករណី ឃាត់ខ្លួនមនុស្សចំនួន១៥៧នាក់ ស្រី៤១នាក់និងដកហូតបានសម្ភារៈមួយចំនួន។បង្ក្រាបការជួញដូរមនុស្សបាមចំនួន១២ករណី ឃាត់ខ្លួនបាន១៤នាក់ ស្រី០៦នាក់ និងបានបញ្ជូនជនរងគ្រោះដោយការជួញដូរមនុស្សនេះទៅមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញចំនួន១៩នាក់ ស្រី១៤នាក់។

លោកឃួង ស្រេងបានបន្តទៀតថា សម្រាប់ត្រីមាសទី១នេះដែរអាជ្ញាធររជធានីភ្នំពេញបានទទួលជនអនាថាមិនស្ម័គ្រចិត្តសរុប៤៤៧នាក់ ស្រី៩៨នាក់ កុមារ៣៧នាក់ កុមារី០៩នាក់ ។ បានធ្វើការពិគ្រោះយោបល់និងបញ្ជូនជនរងគ្រោះទៅមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញចំនួន៤៤៦នាក់ស្រី៩៨នាក់ បានបញ្ជូនទៅកាន់ស្នងការនរគបាលរាជធានីភ្នំពេញចំនួន១នាក់ ជាជនជាតិបរទេស។បានជួយពន្លត់អគ្គីភ័យបានចំនួន២៦លើក របួស០២នាក់ ឆេះសិប្បកម្ម០៥ខ្នង ៤៦បន្ទប់ រថយន្ត០៤គ្រឿង ម៉ូតូ០៤គ្រឿង។

NKD-36x6_outline

ចំណែកគ្រោះថ្នាក់ចរាចរបានកើតមានឡើងចំនួន៣២២លើក មានអ្នកស្លាប់ចំនួន៧៥នាក់ របួសចំនួន៣០៧នាក់ ខូចរថយន្តចំនួន១៧៩គ្រឿង ម៉ូតូចំនួន៣២៣គ្រឿង និងរឺម៉កម៉ូតូចំនួន០៦គ្រឿង និងកង់ចំនួន០១គ្រឿង ហើយមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់នេះគឺផ្តើមចេញពីការបើកបរល្មើសល្បឿនកំណត់៥៣,១១% មិនគោរពសិទ្ធិអាទិភាព១៦;៧៤% បើកប្រជែងគ្នា១៦,២៨% បើកបរក្នុងជាតិស្រវឹង១៣,៨៧%។

ដោយឡែកសម្រាប់រយៈពេល៣សប្តាហ៍ក្នុងខែមេសារនេះ បង្ក្រាបបានករណីជួញដូរគ្រឿងញៀនបានចំនួន៧៤ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១៧២នាក់ ស្រី២៥នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន៨៣នាក់ ស្រី០៨នាក់ ស្របពេលដែលមជ្ឈមណ្ឌលឱកាសខ្ញុំមានអ្នកញៀនថ្នាំកំពុងស្នាក់នៅជាក់ស្តែងចំនួន១៦៧៥នាក់ ស្រី១២២នាក់៕ សំរិត