ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី សារភាពថាបានចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំជនជាតិភាគតិចវៀតណាមនៅឆ្នាំ២០១៣មែន

ភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានចេញមុខសារភាព ថា លោកពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះប្រាកដមែន។ លោកបន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយសារជនជាតិទាំងនោះត្រូវបានធ្វើទុក្ខបុកម្នេញរាប់ទសវត្ស។

វីដេអូអំពីកិច្ចព្រមព្រៀងនេះត្រូវបាន បណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ «Rithy Erng» ទម្លាយកាលពីថ្ងៃអង្គារ ៥រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដោយអះអាង ថា ជាកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក កុក ស កាលពីឆ្នាំ២០១៣។ នៅក្នុងវីដេអូចុះហត្ថលេខានោះលោក សម រង្ស៊ី នាពេលថ្មីៗនេះក៏បានបញ្ជាក់យ៉ាង ច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជាលោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះឲ្យ វៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះដោយ ស្វ័យភាព ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញពេញប៉ុស្តិ៍លោក សម រង្ស៊ី បានសារ ភាពថែមទៀតថា លោកពិតជាបានចុះហត្ថ លេខាជាមួយលោក Kok Ksor កាលពីឆ្នាំ២០១៣នៅសហរដ្ឋអាមេរិកប្រាកដមែន។

លោក សម រង្ស៊ី ពន្យល់ប្រាប់កាសែតភ្នំប៉ុស្តិ៍យ៉ាងដូច្នេះថា «ខ្ញុំចង់ទទួលស្គាល់ជាផ្លូវការនូវសិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចជាច្រើនក្រុមដែលគេហៅថា ម៉ុង តាញ៉ាដែលរស់នៅផ្នែកឦសានប្រទេស។ ជនជាតិភាគតិចទាំងនេះត្រូវបានធ្វើទុក្ខ បុកម្នេញរយៈពេលរាប់ទសវត្សរ៍មកហើយ។ សិទ្ធិមនុស្សរបស់ពួកគេត្រូវបានគេរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាបន្ដបន្ទាប់» ។

ក្នុងកិច្ចព្រមព្រៀងនោះមានលើកឡើងពី ពាក្យ «ជនជាតិដើមមានសិទ្ធិស្វ័យភាព»។ ប៉ុន្តែលោក សម រង្ស៊ី បកស្រាយថា «វាគ្រាន់ តែជាការអនុវត្តជាក់ស្ដែងនៃវិមជ្ឈការ ដែលស្របទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ» ។

ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងកាត់ដីបែបនេះលោក គឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានថ្លែងថា តាមច្បាប់ ព្រហ្មទណ្ឌទង្វើរបស់លោក សម រង្ស៊ី អតីត មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាបែប នេះជាទោសក្បត់ជាតិដែលប្រឈមនឹង ជាប់គុកអស់មួយជីវិត។

លោក គឹម សន្តិភាព បានបញ្ជាក់ថា សកម្មភាពនេះជាអំពើក្បត់ជាតិដែល ប្រឈមនឹងការផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ។

ដោយឡែកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បាន អះអាងថា ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើដ៏ខ្មៅកខ្វក់ក្បត់ជាតិរបស់លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ទឹកដីខេត្ត ចំនួន៤ទៅឲ្យវៀតណាម ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បាន អះអាងយ៉ាងដូច្នេះថា «ខ្ញុំបានឃើញឯក សារនោះហើយឯកសារចុះហត្ថលេខា ប្រគល់ទឹកដីខ្មែរឲ្យវៀតណាម៤ខេត្តដែល ចេញផ្សាយម្សិលមិញខ្ញុំពិតជាចាប់អារម្មណ៍ មិនគួរណាគាត់ (សម រង្ស៊ី) ប្រព្រឹត្តទង្វើខ្មៅកខ្វក់កាត់ទឹកដីឲ្យគេវាជាទង្វើខុស ច្បាប់ ខុសរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណា ចក្រកម្ពុជាវាជាអំពើក្បត់ជាតិយ៉ាងច្បាស់ មិនអាចអត់ឱនឲ្យបានទេ វាមិនខុសពី បក្ខពួកគ្នាគេដែលកំពុងនៅពន្ធនាគារ ត្រពាំងថ្លុងសហការជាមួយបរទេសបំផ្លាញជាតិសាសន៍ ក្បត់ជាតិខ្លួនឯង ហើយសកម្ម ភាពនេះក្រសួងមហាផ្ទៃកំពុងពិចារណា តាមផ្លូវច្បាប់ចាត់វិធានការលើទង្វើក្បត់ ជាតិហ៊ានកាត់ទឹកដីឲ្យគេនេះ» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែង បញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ងាកមកចាប់អារម្មណ៍នូវ ទង្វើក្បត់ជាតិរបស់គេ (សម រង្ស៊ី) នេះ ដែលហ៊ានចុះហត្ថលេខាជាមួយមេដឹកនាំក្រុមម៉ុងតាញ៉ាវៀតណាមកាត់ទឹកដីចំនួន៤ខេត្តឲ្យគ្រប់គ្រងក្បត់ប្រជាជននិងប្រទេសខ្លួនឯង» ៕ ហេង សូរិយា