ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍ចិញ្ចឹមមាន់ស្រុករមាសហែកទទួលស្គាល់ពីកំហុសដែលមិនទាន់មានច្បាប់ទើបអាជ្ញាធរហាមឃាត់ការជួបជុំ

ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ កញ្ញា ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រោមការត្រួត ពិនិត្យ និងបញ្ជាពីអធិការស្រុករមាសហែក គឺលោក សំអុល បានចុះហាមឃាត់ប្រជាសហគមន៍ដែលកំពុងតែទទួលវគ្គបណ្តុះ បណ្តាលពីវិធីចិញ្ចឹមមាន់ តាមបែបធម្មជាតិនិងការផ្សំចំណីមាន់តាមបែបធម្មជាតិ របស់ប្រជាសហគមន៍នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំពោះករណីការចុះឃាត់ប្រជាសហ គមន៍បានបង្កឲ្យភ្ញាក់ផ្អើលនិងមានការងឿងឆ្ងល់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ខណៈដែលតំណាងប្រជាសហគមន៍ហៅទង្វើនេះថា ជាការគំរាមកំហែង និងរារាំងការអភិវឌ្ឍកម្រិតជីវភាពរបស់ប្រជាពល រដ្ឋ។

ពាក់ព័ន្ធនឹងករណីនេះដែរតំណាង ប្រជាសហគមន៍ក្នុងភូមិពពេល អ្នកស្រី ខៀវ សារ៉ុន បានថ្លែងប្រាប់ឲ្យដឹងថា មុនបើកវគ្គបណ្តុះបណ្តាលពីវិធីចិញ្ចឹមមាន់នេះ អ្នកភូមិបានទៅសុំការអនុញ្ញាតពីលោក អភិបាលស្រុក និងការិយាល័យកសិកម្មស្រុករួចហើយដែរហើយក៏ទទួលបានការយល់ព្រមឯកភាពផងដែរប៉ុន្តែដល់ពេល បង្រៀន បែរជាសមត្ថកិច្ចចុះមកបិទវគ្គ បណ្តុះបណ្តាលវិញដោយនគរបាលប្រាប់ថា មកពីអ្នកភូមិមិនសុំច្បាប់ជួបជុំគ្នាពី សាលាខេត្ត ។

អ្នកស្រីបានហៅទង្វើនេះថា ជាទង្វើ ដែលបង្អាក់ការចង់ចេះចង់ដឹងរបស់អ្នក ភូមិ ហើយអ្នកស្រីស្នើឱ្យសមត្ថកិច្ចថ្នាក់លើមេត្តាអន្តរាគមន៍ដោះស្រាយចំពោះរឿងនេះផង។

ផ្ទុយពីការលើកឡើងពីតំណាងប្រជាសហគមន៍ លោក សំអុល អធិការស្រុក រមាសហែកបានថ្លែងប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តឲ្យដឹងនៅរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថាការធ្វើសកម្មភាពបង្រៀនពីវិធី ចិញ្ចឹមមាន់របស់សហគមន៍សាមគ្គីរមាសហែកនោះ គឺពួកគាត់មិនបានសុំច្បាប់ទេហើយក៏គ្មានច្បាប់មកដែរ ដោយនាំគ្នារៀនគ្មានការសុំច្បាប់ឡើយ ទើបមានកម្លាំងទៅហាមឃាត់នូវសកម្មភាពទាំងនេះ ។

ករណីហាមឃាត់នេះដែរ លោក ស៊ឹង សែនករុណាមន្ត្រីជាន់ខ្ពស់នៃសមាគម អាដហុកបានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅរសៀលរសៀលថៃ្ងម្សិលមិញឲ្យដឹងថា «ក្នុងករណីបើយើងពិនិត្យមើលទៅរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាយើងដូចជាសេចក្តីប្រកាសជាសកល កតិកាសញ្ញា ស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយទៅលើ កតិកាសញ្ញាទាំងអស់នេះ ហើយទង្វើដែល អាជ្ញាធរចុះទៅឃាត់នោះគឺជាទង្វើបំពានទៅលើការបិទសិទ្ធិសេរីភាពនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងនោះមាន បីរួមមាន សិទ្ធិក្នុងការជួបប្រជុំសិទ្ធិខាង សមាគម និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ »។

លោកស៊ឹង សែនករុណា បានបន្ថែមថា ខាងសមត្ថកិច្ចចម្រុះចុះទៅឃាត់ប្រជា សហគមន៍នោះ គឺជាការរំលោភបំពានទៅលើសិទ្ធិទាំងនេះការរំលោភទៅលើរដ្ឋធម្មនុញ និងសេចក្តីប្រកាសកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ។

ការហាមឃាត់ពីសំណាក់ក្រុមនគរ បាលនេះដែរ លោក ថេង សាវឿន អ្នក សម្របសម្រួលសម្ព័ន្ធសហគមន៍កសិករ កម្ពុជាបានប្រាប់អ្នកយកព័ត៌មាននៅរសៀលថៃ្ងម្សិលមិញថា « ខ្ញុំគិតថាខាងអាជ្ញាធរនៅស្រុករមាសហែក នៅមានការភាន់ច្រឡំ អំពីសហគមន៍តម្រូវឲ្យមានច្បាប់ ពីព្រោះ ថានៅប្រទេសកម្ពុជាយើងសម្រាបសហ គមន៍យើងមិនមានច្បាប់ណាមួយគ្រប ដណ្តប់ទេទោះបីជាមានច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែសម្រាប់សហគមន៍កសិករតូចតាចគឺមិនមានច្បាប់មួយមកគ្របដណ្តប់ឡើយ ហើយពួកគាត់អាចធ្វើការងារបានដោយសេរី និងត្រឹមត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ សទ្ធិសញ្ញាស្តីពីកតិកាសញ្ញាអន្តរជាតិនិងច្បាប់សិទ្ធិមនុស្សនានា ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខ្លីចែក រំលែកបទពិសោធន៍ពីវិធីចិញ្ចឹមមាន់របស់ប្រជាសហគមន៍នៅភូមិត្រពាំងពពេលមាន អ្នកចូលរួមចំនួន៣៤នាក់ដែលមកពី៣៤គ្រួសាររស់នៅស្រុករមាសហែកខេត្ត ស្វាយរៀង។ ហើយវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ពីវិធីចិញ្ចឹមមាន់ការជ្រើស រើសពូជមាន់ ចំណីមាន់ តាមបែបធម្មជាតិ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោក ចាប ណុល អភិបាលរងស្រុក រមាសហែក និងកម្លាំងសមត្ថកិច្ចការិយា ល័យជំនាញនគរបាលសន្តិសុខ លោកអធិ ការនគរបាលស្រុករមាសហែកនៅព្រឹក ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨បានចុះទៅធ្វើការពន្យល់អំពី ករណីសហគមន៍សាមគ្គី រមាសហែកដែលត្រូវបានសមត្ថកិច្ចហាមឃាត់ផ្អាកមិនឲ្យធ្វើសកម្មភាពកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅភូមិត្រពាំង ពពេល ឃុំអំពិល ស្រុករមាសហែកដោយសារមិនមានច្បាប់អនុញ្ញាត ។

ពេលក្រុមការងារចុះជួបពួកគាត់ផ្ទាល់ដើម្បីពន្យល់ណែនាំ លោកស្រី ខៀវ សារ៉ុន តំណាងសហគមន៍សាមគ្គីរមាស ហែកក៏បានសារភាពនិងសុំអភ័យទោស ពីក្រុមការងារ អំពីបញ្ហាខុសឆ្គង ដែលគាត់បានធ្វើសកម្មភាពបើកវគ្គបណ្តុះបណ្តាល ក្នុងនាមសហគមន៍សាមគ្គីរមាសហែក ដែលមិនមានច្បាប់អនុញ្ញាតពិតមែន ។

ចំណែកលោក សំ សំអុល អធិការនគរបាលស្រុករមាសហែកបានប្រាប់ឲ្យដឹងថាការឃាត់សកម្មភាពរបស់សហគមន៍នោះ មិនមែនឃាត់សកម្មភាពសហគមន៍របស់លោកទេគឺឃាត់សកម្មភាពរបស់សហគមន៍សាមគ្គីរមាសហែកដែលសហគមន៍នេះមិនទាន់មានច្បាប់នៅឡើយទេ ។ ចំពោះ សំណើរបស់លោកស្រី ខៀវ សារ៉ុន នោះក៏ លោកអភិបាលស្រុករមាសហែកមិនទាន់អនុញ្ញាតច្បាប់ឲ្យធ្វើសកម្មភាពនៅឡើយ​៕ យឹម សុថាន