ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាទឹកកកកំពុងជំរុញសិស្សអាហារូបករណ៍របស់ខ្លួនបានចេញទៅប្រកួតនៅក្រៅប្រទេស

ភ្នំពេញ ៖ យុវជនវ័យក្មេង ដែលសហព័ន្ធកីឡាស្គីទឹកកក ជ្រើសរើសបាន ដើម្បីឲ្យពួកគេទទួលការហ្វឹកហាត់ ជំនាញកីឡាស្គីទឹកកក ដោយឥតបង់ប្រាក់១០២ នាក់ ក៏ទទួលបានឱកាសជាបណ្តើរៗ សម្រាប់ការចេញទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាចុងឆ្នាំ២០១៧។

សិស្ស អាហារូបករណ៍របស់សហ័ន្ធកីឡាស្គីទឹកកកឆ្នាំសិក្សា២០១៦-២០១៧ ទាំង១០២នាក់ មកពីសាលានានាទូទាំងរាជធានីភ្នំពេញ ត្រូវបានសហព័ន្ធសម្រេចផ្តល់វិញ្ញាបនបត្រ បន្ទាប់ពិពួកគេឆ្លងផុតវគ្គតេស្តសមត្ថភាពកាលពីល្ងាចថៃ្ងទី១១ ខែកក្កដា ឆ្នាំ២០១៧ ។

កញ្ញា ឡុង សុធាវី អគ្គលេខាធិការសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានឲ្យដឹងថា សិស្សទាំង១០២ នាក់ដែលសហព័ន្ធប្រគល់វិញ្ញាប័នបត្រជូនពួកគាត់ គឺជាសិស្សដែលសហព័ន្ធផ្តល់អាហារូបករណ៍ជូន ចាប់ពីកម្រឹតទី១ រហូតដល់កម្រឹតទី១០ ។

កញ្ញាបានបន្តថា គោលបំណងដែលសហព័ន្ធផ្តល់អាហារូបករណ៍ជូនសិស្ស ទាំងអស់សម្រាប់ការហ្វឹកហាត់ដោយឥតគិតថ្លៃព្រោះសហព័ន្ធចង់បណ្តុះបណ្តាលធនធានកីឡាករកីឡាការិនីវ័យក្មេងឲ្យបានច្រើន សម្រាប់ចូលរួមការប្រកួតកម្រឹតអន្តរជាតិនានា ពិសេសឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

NKD-36x6_outline

កញ្ញាបន្ថែមថា សិស្សស្គីទឹកកទាំង១០២នាក់ ទទួលបានវិញ្ញាបនបត្រ បាននិងកំពុងទទួលបានឱកាស ចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិជាបណ្តើរៗ ជាក់ស្តែងនៅក្នុង ខែធ្នូខាងមុខនេះ សហព័ន្ធគ្រោងនិងបញ្ជូនកីឡាករកីឡាការិនីមួយចំនួនទៅចូលរួមប្រកួត ព្រឹត្តិការណ៍ Skate Bangkok 2017 នៅព្រះរាជាណាចក្រថៃ។ ដើម្បីឆ្លើយតបនិងតម្រូវការ របស់សហព័ន្ធស្គីទឹកកក ដែលមានគម្រោងប្រកួតជ្រើស រើសកីឡាករកីឡាការិនីនៅចុងឆ្នាំ២០១៧ ចម្រាញ់យកកីឡាករកីឡាការិនីល្អៗ មកប្រមូលផ្តុំហ្វឹកហាត់ ក្នុងឆ្នាំ២០១៨៕ សារីម