ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាសីដក និងឈិនលូនកម្ពុជានឹងបញ្ជូនកីឡាករ គ្រូបង្វឹកទៅហ្វឹកហាត់នៅប្រទេសភូមា២ខែ

ភ្នំពេញ៖ សហព័ន្ធកីឡាសីដកនិងឈិនលូនកម្ពុជានឹងបញ្ជូនកីឡាករ៨នាក់ គ្រូបង្វឹក២នាក់ ដើម្បីទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា រយៈពេល២ខែ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។ឱកាសហ្វឹកហាត់បំប៉នសមត្ថភាពរបស់ក្រុមកីឡាករ សីដក និងឈិនលូនកម្ពុជាខាងលើនេះ ដោយសារតែសហព័ន្ធកីឡាសីដកនិងឈានឡូនកម្ពុជា និងសហព័ន្ធកីឡាសីដក និងឈិនលូន ប្រទេសមីយ៉ាន់ម៉ា មានកិច្ចសហប្រតិបត្តិការគ្នាល្អ យូឆ្នាំមកហើយ។

លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធកីឡាសីដកនិងឈិនលូនកម្ពុជា បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ ក្រុមកីឡាករ គ្រូបង្វឹកសីដកនិងឈិនលូនកម្ពុជា ១០នាក់នឹងចាក់ចេញពីប្រទេសដើម្បីទៅបោះជុំរំហ្វឹកហាត់ រយៈពេល២ខែនៅប្រទេសមីយ៉ាន់ម៉ា ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា សម្រាប់ត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ីគ្រោងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ខែមិថុនាឆ្នាំ២០១៧នេះ ។

លោកទូច សុភៈបានអះអាងថា ចំពោះការផែនការត្រៀម សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ីឆ្នាំនេះ សហព័ន្ធក៏បានរំពឹងថា ក្រុមជម្រើសជាតិកីឡាសីដកនិងឈានលូន កម្ពុជា អាចស្វែងរកមេដាយណាមួយ មកជូនជាតិបាន។ លោកបានបញ្ជាក់ថា ជារៀងរាល់លើក ឲ្យតែមានព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម សហព័ន្ធរបស់លោក តែងតែបញ្ជូនកីឡាករកីឡាការិនី របស់ខ្លួន ទៅហ្វឹកហាត់ នៅក្រៅប្រទេសរហូត ដើម្បីបំពេញចំណុចខ្វះខាត់ និង បំពេញបន្ថែម នូវសមត្ថភាព បច្ចេកទេសថ្មីៗក្នុងគោលបំណងដណ្តើមមេដាយ ជូនជាតិ ។

លោកបាន បញ្ជាក់ថា នៅមុនពេលដែលក្រុមកីឡាករ និងគ្រូបង្វឹកកីឡាសីដក និងឈិនលូនកម្ពុជា ចេញហ្វឹកហាត់នៅក្រៅប្រទេសនោះ សហព័ន្ធក៏ទទួលបានការឧបត្ថម្ភជាសម្លៀកបំពាក់ពីក្រុមហ៊ុន អេនធីស្ព័តមួយចំនួនផងដែរ។ចំពោះការចូលរួមឧបត្ថម្ភជាសំលៀកបំពាក់កីឡារបស់ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡាអេនធីស្ព័តដល់សហព័ន្ធកីឡាសីដកនិងឈិនលូកម្ពុជានាពេលនេះ គឺជាសកម្មភាពមួយដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាសីដកនិងឈិនលូនកម្ពុជា។

គួរបញ្ជាក់ថាចំពោះការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំ២២០១៧នេះ កីឡាសីដក និងឈិនលូនផ្នែកនារីពុំមានវត្តមានវិញ្ញាសារប្រកួតទេ ព្រោះប្រទេសម្ចា់ផ្ទះ គ្មានវិញ្ញាសានេះ ដូច្នេះ ការប្រមូលផ្តុំ ហ្វឹកហាត់ ក្នុងជុំរំប្រមូលផ្តុំរបស់ប្រទេសកម្ពុជាក៏ពុំត្រូវបានអនុញ្ញាតឲ្យកីឡាការិនីបានប្រមូលផ្តុំដែរ ៕ សារីម