ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡា E- Sports ប្រកាសប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេសនាចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ទូទាំងប្រទេសឆ្នាំ២០១៧នេះ ដោយចាប់ដំណើរប្រកួតជម្រុះនៅ តំបន់ទី១នាចុងសប្តាហ៍នេះ ដើម្បីស្វែងរកក្រុមខ្លាំងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

តំបន់ទី១នេះមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា និងថៃ្ងអាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧។ នៅតំបន់ដែលប្រជុំដោយខេត្តទាំង៥នេះនឹងស្វែងរកក្រុមជើងខ្លាំងដើម្បីធ្វើដំណើរមកប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

សម្រាប់វិញ្ញាសាដែលដាក់ឲ្យប្រកួតឆ្នាំនេះមាន៣វិញ្ញាសាគឺវិញ្ញាសា AK2 (Bomb Mode), វិញ្ញាសា AK2 (Holy Region 2) និងវិញ្ញាសា Dota 2 (Captain Mode)។

ក្រុមចំនួន៤ (AK2 ២ក្រុម វិញ្ញាសា AK2 ១ក្រុម និងវិញ្ញាសា Dota 2 ១ក្រុម) នឹងត្រូវជ្រើសរើសយកមកប្រកួតជុំផ្តាច់ព្រ័ត្រនៅភ្នំពេញដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាជាអ្នកចេញថ្លៃធ្វើដំណើរ ស្នាក់នៅ និងអាហារ ។ ប្រាក់រង្វាន់ប្រចាំតំបន់ , វិញ្ញាសា AK2 (Bomb Mode) លេខ១ ទទួលបាន១.០០០ដុល្លារ បូកនឹង២០,០០០ Sabay gold, លេខ២ ទទួលបាន៥០០ដុល្លារ បូកនឹង២០.០០០ Sabay gold។ វិញ្ញាសា AK2 (Holy Region 2) ជើងឯកទទួលបាន ១០.០០០ Sabay gold, វិញ្ញាសា Dota 2 (Captain Mode) ជើងឯក ទទួលបាន ១០.០០០ Sabay gold ។

ប្រាក់រង្វាន់ ជើងឯកប្រចាំប្រទេសសម្រាប់ វិញ្ញាសា AK2 (Bomb Mode) ជើងឯកទទួលបាន ២០០០ដុល្លារបូកនឹង៤០.០០០ Sabay gold, ជើងឯករងទទួលបាន ១.០០០ដុល្លារបូកនឹង៤០.០០០ Sabay gold, ជើងឯកលេខ ៣ ទទួលបាន៤0.០០០ Sabay gold។ វិញ្ញាសា AK2 (Holy Region 2) ជើងឯកទទួលបាន១.០០០ដុល្លារបូកនឹង១០.០០០ Sabay Gold, ជើងឯករងទទួលបាន៥០០ដុល្លារបូកនឹង១០.០០០ Sabay gold។ វិញ្ញាសា Dota 2 (Captain Mode) ជើងឯកទទួលបាន ១០០០ដុល្លារបូកនឹង១០.០០០ Sabay Gold ,ជើងឯករងទទួលបាន ៥០០ដុល្លារបូកនឹង១០.០០០ Sabay gold ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសរើសជើងឯកប្រចាំប្រទេសនឹងធ្វើនៅ រាជធានីភ្នំពេញ ចំពោះកាលបរិច្ឆេទនឹងប្រកាសនៅពេលក្រោយ។ ក្រុមដែលទទួលបានជ័យជម្នះប្រចាំតំបន់នឹងទទួលបានការធ្វើដំណើរ ស្នាក់នៅនិងម្ហូបអាហារ ដើម្បីទៅចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ៕ សារីម


ចែករំលែក៖