ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់បារាំងគាំទ្រគ្រូបង្វឹកបច្ចុប្បន្ន ខណៈ Zinedine Zidane នៅទំនេរ

សហព័ន្ធបាល់ទាត់ប្រទេសបារាំង (FFF) បានចេញមកបញ្ជាក់សាជាថ្មីថា គ្រូបង្វឹកបច្ចុប្បន្ន លោក Didier Deschampsនឹងនៅដឹកនាំក្រុមជម្រើសជាតិមាន់គក បារាំងរហូតដល់ឆ្នាំ២០២០ ។

លោក Noel Le Graetប្រធាន (FFF)ក៏បានច្រានចោលព័ត៌មានដែលថា អតីតអ្នកចាត់ការទូទៅក្លិបReal Madrid លោកZinedine Zidane នឹងមកកាន់តំណែងគ្រូបង្វឹក ក្រុមជម្រើសជាតិបារាំង ។

Zinedine Zidane បានលាលែងចេញពីតំណែងរបស់គាត់នៅក្នុងក្រុមReal Madridក្រោយពីបានជួយក្រុមយក្សរបស់អេស្ប៉ាញនេះឈ្នះជើងឯក Champions League ៣សម័យជាប់ៗគ្នា។

លោក Noel Le Graet បានបញ្ជាក់ថា “ពេលនេះខ្ញុំមិនដឹងអ្វីនោះទេពីរឿងរបស់ Zinedine Zidane។ គាត់អាចនឹងទៅដឹកនាំក្រុមJuventusនៅថ្ងៃស្អែកក៏ថាបាន។ សម្រាប់World Cupនៅរុស្ស៊ី លោកDidier Deschampsនឹងដឹកនាំក្រុមជម្រើសជាតិបារាំង ហើយគាត់មានកុងត្រារហូតដល់ឆ្នាំ២០២០ឯណោះ” ។

គួររំលឹកថា Zinedine Zidane បានធ្វើឲ្យអ្នកនិយមទស្សនាកីឡាបាល់ទាត់ ពិសេសប្រធានក្លិបReal Madrid ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែគាត់សម្រេចចិត្ត លាលែងចេញពីតំណែង។ លោក Florentino Perezប្រធានក្លិប Real Madridបាននិយាយថា លោកមិនបានរំពឹងទុកថា លោក Zinedine Zidane នឹងលាលែងពីតំណែងជាអ្នកចាត់ការក្លិបឡើយ ៕ ដេវីត