ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាអបអរសមិទ្ធិផល៥ឆ្នាំនៃកម្មវិធី“សន្តិសុខស្បៀងសំរាប់អនាគត” នៅកម្ពុជា

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលីនឹងអញ្ជើញជាអធិបតីយក្នុងពិធីកត់សំគាល់រយៈពេល៥ ឆ្នាំនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត (Feed the Future) នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ មិថុនា វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅ សណ្ឋារគារ Intercontinental Hotel ក្នុងរាជធានីភ្នំពេញ ។

ពិធីនេះគឺជាការចាប់ផ្តើមនៃសន្និសីទរយៈពេល ២ ថ្ងៃ ដើម្បីពិនិត្យមើលលើសមិទ្ធិផលដ៏គួរអោយកត់សំគាល់ក្នុងវិស័យកសិកម្ម អាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រីក្រដែលបានអនុវត្តអស់រយះពេល៥ ឆ្នាំមកនេះតាមរយះកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតដែលអនុវត្តដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ សន្និសីទនេះនឹងមានការចូលរួមរបស់កសិករ អ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ មន្ត្រីរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសមាជិកនៃអង្គការសង្គមស៊ីវិល ។

រដ្ឋាភិបាលអាមេរិកបានបង្កើតកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនេះនៅកម្ពុជា នៅឆ្នាំ ២០១០ ក្នុងខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប (ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង សៀមរាប)ដើម្បីកាត់បន្ថយភាពអត់ឃ្លាន និងភាពក្រីក្រ ដោយទន្ទឹមនឹងនោះដោះស្រាយបញ្ហាសមធម៌យេនឌ័រ បរិស្ថាន និងបញ្ហានៃការប្រែប្រួលអាកាសធាតុ។ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនផលិតផលកសិកម្មនិងបង្កើនសន្តិសុខស្បៀង។ រយៈពេល៥ឆ្នាំកន្លងទៅនេះ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតបានផ្តល់ថវិការជាង ៥៥ លានដុល្លាអាមេរិកដើម្បីជួយកសិករកម្ពុជា ក្នុងការបង្កើនទិន្នផលកសិកម្ម និងប្រាក់ចំណូល ព្រមទាំងជួយពួកគេអោយមានលទ្ធភាពផ្គត់ផ្គង់អាហារបំប៉នសុខភាពដល់គ្រួសាររបស់ពួកគេ និងកាត់បន្ថយកង្វះអាហារូបត្ថម្ភ ។

លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidtនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិតយឹម ឆៃលី នឹងទស្សនាស្តង់តាំងពិព័រណ៌បន្ទាប់ពីថ្លែងសន្ទរកថាបើករួចហើយនឹងធ្វើសេចក្តីថ្លែងខ្លីមួយព្រមទាំងឆ្លើយសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន ។ អ្នកសារព័ត៌មានត្រូវបានអញ្ជើញអោយចូលយកព័ត៌មាននៅក្នុងពិធីបើកហើយត្រូវមកដល់សណ្ឋារគារIntercontinental Hotelអោយបានមុនម៉ោង៨ព្រឹក ៕