ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តជាអ្នកបំផ្លាញអាកាសធាតុ ដោយមិនចូលរួមការពារដូចការសន្យា

អាមេរិកជាប្រទេសដែលបញ្ចេញជាតិ ពុល ច្រើនជាងគេចូលក្នុងបរិយាកាស ប៉ុន្តែអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ក្នុងពេលដែលប្រទេសជិត២០០នៅជុំវិញ ពិភពលោក បាននាំគ្នាគោរពទៅតាមកិច្ចព្រមព្រៀង ដើម្បីរក្សាភពផែនដីកាន់តែ ប្រសើរឡើងគេចផុតពីគ្រោះធម្មជាតិនានាដោយសារបម្រែបម្រួលអាកាសធាតុ។

នៅក្នុងកិច្ចប្រជុំស្តីពីអាកាសធាតុរយៈពេល ១សប្តាហ៍ក្នុងទីក្រុងបាងកក ប្រទេសថៃរបស់ក្រុមអ្នកជំនាញមកពីគ្រប់ជ្រុងជ្រោយក្នុងលោក គឺជាកិច្ចប្រជុំដើម្បីរៀបចំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP ២៤ នាខែធ្នូខាងមុខនៅក្នុងប្រទេស ប៉ូឡូញ។ នៅក្នុងពេលបិទកិច្ចប្រជុំ ក្រុម ប្រទេសកំពុងអភិវឌ្ឍន៍ រួមជាមួយក្រុម ប្រទេសក្រីក្រជាងគេក្នុងលោកបានចោទអាមេរិក និងក្រុមប្រទេសសម្ពន្ធមិត្តពីបទ បំផ្លាញកិច្ចចរចារឿងអាកាសធាតុ និងមិនគោរពតាមការសន្យាដែលមានចែងនៅ ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុអនុម័តក្នុងឆ្នាំ ២០១៥។

ពេញមួយសប្តាហ៍ ក្រុមអ្នកជំនាញ អាកាសធាតុមកពីគ្រប់ប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ COP២១ អនុម័តឆ្នាំ ២០១៥ បាន ជជែក និងពិភាក្សាគ្នាលើវិធានការជាក់ស្តែងមួយចំនួនដែលត្រូវអនុវត្ត។ សូមរម្លឹកថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឆ្នាំ ២០១៥ បានសម្រេចរក្សាសីតុណ្ហភាពក្នុងភពផែនដីនៅក្រោម ២អង្សា ឬត្រឹម ១,៥អង្សាធៀបនឹងសម័យមុនឧស្សាហកម្ម។ ទន្ទឹមគ្នានេះ COP២១ ក៏បានតម្រូវឲ្យផ្តល់ជំនួយប្រចាំឆ្នាំចំនួន ១០០.០០០លាន ដុល្លារពីពេលនេះដល់ឆ្នាំ ២០២០ ដល់ ក្រុមប្រទេសក្រីក្រដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅនៅក្នុងបរិយាកាស។

ក្រុមប្រតិភូតំណាងឲ្យក្រុមប្រទេសតូចតាច និងក្រុមប្រទេសក្រីក្រជាងគេក្នុងលោកបានដំឡើងសំឡេងចោទអាមេរិក និងសម្ពន្ធមិត្តអាមេរិកពីបទមិនគោរពពាក្យសន្យា និងជាអ្នកទទួលខុសត្រូវនៃវត្តមានឧស្ម័នពុលដ៏ច្រើនសម្បើមនៅក្នុងបរិយាកាសនាពេលកន្លងមក។ អ្វីដែលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការនៅចំពោះមុខ គឺថវិកា ដែលមានតម្លាភាព និងអាចព្យាករបាន។ ចំណែកក្រុមប្រទេសអាហ្វ្រិកបានថ្លែងថា ក្រុមប្រទេសអភិវឌ្ឍន៍មិនគោរពពាក្យសន្យារបស់ខ្លួន ព្រមទាំងបដិសេធមិននិយាយពីរឿងហិរញ្ញវត្ថុសម្រាប់ថ្ងៃខាងមុខ។

ជារួម ទោះបីជាមានភាពចម្រើនទៅមុខលើប្រធានបទឬរបៀបវារៈមួយចំនួននា កិច្ចប្រជុំរយៈពេល ១សប្តាហ៍ក្នុងទីក្រុង បាងកកក៏ដោយ ក៏បញ្ហាហិរញ្ញវត្ថុនៅបន្តជាប្រធានបទចម្រូងចម្រាសដដែល។ អង្គ ការក្រៅរដ្ឋាភិបាលឈ្មោះ ActionAid បានមើលឃើញថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឆ្នាំ ២០១៥ កំពុងស្ថិត នៅមាត់ជ្រោះ។ យ៉ាងណាក៏ដោយ ប្រទេសហត្ថលេខីទាំង ១៩០ប្រទេស មានពេលដល់ដំណាច់ឆ្នាំ ២០១៨ និង សន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី២៤ ក្នុងប្រទេសប៉ូឡូញនាពេលខាងមុខដើម្បីបញ្ចប់វិធានការជាក់ស្តែងដែលត្រូវដាក់ឲ្យអនុវត្ត។

ចំណែកក្រុមសកម្មជនបរិស្ថាននៅក្នុងគ្រប់ប្រទេសទូទាំងសកលលោកបានរៀបចំក្បួនបាតុកម្មដើម្បីទាមទាររដ្ឋាភិបាល យកចិត្តទុកដាក់បន្ថែមលើបញ្ហាអាកាសធាតុ។ អ្វីដែលពួកគេចង់បាន គឺវិធានការជាក់ស្តែងក្នុងការទប់ស្កាត់កំណើនសីតុណ្ហភាពនៅក្នុងបរិយាកាស។

ក្បួនបាតុកម្មសកលដើម្បីអាកាសធាតុត្រូវបានគេឲ្យឈ្មោះថា «ក្រោកឈរឡើង ដើម្បីអាកាសធាតុ » ហើយ « អាមេរិកជាភាគីដែលមានចំណែកធំណាស់នៅក្នុង បញ្ហាអាកាសធាតុ ដូច្នេះ អាមេរិកត្រូវ តែចូលរួមដោះស្រាយ » នេះជាការថ្លែង របស់បាតុករស្រ្តីម្នាក់។ « ជាមួយនឹង ការដកខ្លួនចេញពី COP២១ អាមេរិកលែងស្ថិតក្នុងក្រុមប្រទេសដែលយកចិត្តទុក ដាក់អំពីអាកាសសធាតុទៀតឡើយ ។ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វុីលីពីន ចំនួនបាតុករមានរហូតដល់ទៅ ៨០០នាក់ជាមួយនឹងបដាទាមទារឲ្យបិទបញ្ចប់ថាមពលបានមកពីធ្យូងថ្មទៅជាថាមពលបៃ តងដែលមិនបំពុលបរិយាកាស។ គួររម្លឹក ជូនថា ហ្វុីលីពីនជាប្រទេសដែលប្រភពថាម ពលបានពឹងសឹងតែទាំងស្រុងលើមជ្ឈ មណ្ឌលដើរដោយធ្យូងថ្ម។

នៅអាមេរិក ក្បួនបាតុកម្មដើម្បីអាកាសធាតុនឹងត្រូវរៀបចំក្រោមទ្រង់ទ្រាយក្នុងទីក្រុង San Francisco ដែលជាទីកន្លែងត្រូវរៀបចំជំនួបកំពូលពិភពលោកនៃទីក្រុង និងរោងចក្រ សហគ្រាសដើម្បីអាកាសធាតុចាប់ពីថ្ងៃទី១២ ខែកញ្ញានេះ។

ជារៀងរាល់ឆ្នាំមានមនុស្សរាប់លាននាក់រងគ្រោះដោយសារតែបម្រែបម្រួលអាកាសធាតុ និងបង្កឲ្យមានអព្ភូតហេតុផ្សេងដូច គ្នា ព្យុះភ្លៀងធំៗ គ្រោះរាំងស្ងួត ក្តៅខ្លាំង ខុសប្រក្រតី កើតឡើងគ្រប់ទិសទីជុំវិញ ពិភពលោក។ ប៉ុន្តែប្រទេសមហាអំណាច អាមេរិក បែរជាមិនចូលរួមការពារភពផែន ដីទៅវិញ ដោយគិតតែប្រយោជន៍ផ្ទាល់ ខ្លួន៕ ម៉ែវ សាធី