ព័ត៌មានទាន់ហេតុការណ៍៖

សាកសព​ជន​រង​គ្រោះ​ក្នុង​ករណី​បាញ់​សម្លាប់​ក្នុងស្រុក​កណ្តាលស្ទឹង​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​


ខេត្តកណ្តាលៈ​ សាកសព​បុរស​ម្នាក់​ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅ​ឯ​សាលាសំណាក់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ភូមិ​កោះ​ខ្នុរ​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្តាលស្ទឹង​ កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​សម​ម​ត្ថ​កិច្ច​នគរបាល​ខេត្តកណ្តាល​អះអាង​ថា​ នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ ។​

មន្ត្រី​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ សាកសព​ជន​រង​គ្រោះ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ជន​រង​គ្រោះ​មាន​អាយុប្រមាណ​៤០​ឆ្នាំ​ ទំនងជា​ជនជាតិ​ចិន​ ត្រូវ​បាន​ជនល្មើស​បាញ់​ចំនួន​៤​គ្រាប់​លើ​ដងខ្លួន​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ខេត្តកណ្តាល​ សហការ​ជាមួយ​ជំនាញ​បច្ចេកទេស​ក្រសួងមហាផ្ទៃ​ ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ​បន្ថែម​ទៀត​ ខណៈ​ដែល​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​យក​មក​តម្កល់​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​ ។​

ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ជិះ​រថយន្ត​ម៉ាក​គា​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AK-7925​ ជាមួយ​មនុស្ស​២​ទៅ​៣​នាក់​ទៀត​ឆ្វែល​ចុះឡើង​នៅ​ម្តុំ​ទីតាំង​កើតហេតុ​ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​ជន​រង​គ្រោះ​និង​មនុស្ស​២​នាក់​ទៀត​បាន​នាំ​គ្នា​ចុះ​ពី​រថយន្ត​ចូល​ទៅ​អង្គុយ​និយាយ​គ្នា​នៅ​ក្នុង​ សាលាសំណាក់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ​ ។​ មួយសន្ទុះ​ក្រោយមក​ក៏​ឮ​សម្លេង​ផ្ទុះ​ប្រមាណ​៤​ទៅ​៥​គ្រាប់​ ទើប​ប្រជាពលរដ្ឋ​ជិតខាង​នាំ​គ្នា​ឆោឡោ​ស្រាប់តែ​ឃើញ​រថយន្ត​ ដែល​ជន​រង​គ្រោះ​ជិះ​បើក​យ៉ាង​លឿន​ឆ្ពោះទៅ​ខេត្តតាកែវ​ រីឯ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ ។​

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ហើយ​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ស្រុក​បាទី​ខេត្តតាកែវ​ រហូត​ឈាន​ដល់​ដកហូត​រថយន្ត​ម៉ាក​គា​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-7925​ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី​ ខេត្តតាកែវ​ គ្រា​ដែល​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ប្លុង​រថយន្ត​ចោល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២​ ។​

សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​និយាយ​ថា​ ប្រសិនបើ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ សមត្ថកិច្ច​នឹង​ឈាន​ដល់​ឃាត់ខ្លួន​ជនល្មើស​ក្នុង​ករណី​បាញ់​សម្លាប់​នេះ​ ។​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​ ដើម្បី​ឈាន​ដល់​ឃាត់ខ្លួន​ជនល្មើស​យក​មក​ចាត់ការ​តាម​ច្បាប់​ ៕​ ស្អាង​ជ័យ​

NKD-36x6_outline

kandal4

kandal3

kandal1

kandal2