ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញសារធាតុគីមីហាមឃាត់នៅលើសរសៃគុយទាវ បាញ់កាញ់ជាង១១គីឡូក្រាម របស់អាជីវករនៅផ្សារពង្រ

ខេត្តកំពង់ឆ្នាំង ៖ សរសៃគុយទាវ និង សរសៃបាញ់កាញ់ សរុបជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដកហូតយកមកកម្ទេចចោល ក្រោយពីបានពិនិត្យឃើញមានសាធាតុគីមីហាមឃាត់ (បូរ៉ាក់) ដែលអាជីវករកំពុងដាក់លក់នៅក្នុងផ្សារពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ។

ប្រធានសាខាកាំកុងខេត្តកំពង់ឆ្នាំង លោកយីវ ណារិន បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមកដល់នេះ សាខាកាំកុងត្រូល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញប្រភេទ បន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុងផ្សារពង្រ ក្នុងការចុះត្រួតពិនិត្យមន្ត្រីកាំកុងត្រូលបានណែនាំ ដល់អាជីវករ ពាណិជ្ជករឲ្យយល់ដឹង និងមានការប្រុងប្រយ័ត្ន ជៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និងការរៀបចំទំនិញលក់ដូរទុកឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញ ដោយដាក់ដាច់ដោយឡែកៗពីគ្នា ។

NKD-36x6_outline

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ សមត្ថកិច្ចកាំកុងត្រួលបានរកឃើញសារធាតុគីមីហាមឃាត់ ដាក់នៅក្នុងសរសៃគុយទាវ និង សរសៃបាញ់កាញ់ចំនួន១១,៣គីឡូក្រាម ដែលម្ចាស់អាជីកចំនួន៣នាក់បានផលិត ហើយដាក់លក់នៅទីផ្សារ ក្រោយពីពិនិត្យឃើញ សមត្ថកិច្ចកាំកុងត្រូលបានដកហូត និង ឲ្យម្ចាស់កិច្ចសន្យាបញ្ឈប់លក់សរសៃគុយទាវ និង សរសៃបាញ់ ដែលមានសារធាតុគីមីនេះ ។

សារធាតុគីមីហាមឃាត់(បូរ៉ាក់)នេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ប៉ះពាល់ដល់ប្រព័ន្ធប្រដាប់រំលាយអាហារ និង ធ្វើឲ្យមនុស្សក្អួតចង្អោរ ឈឺក្បាល ថប់ដង្ហើម ៕ ចន្ថា