ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត លើចំណីអាហារ

ប៉ោយប៉ែត៖ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលទើបចូលកាន់ដំណែងលោក សាន វិជ្ជាសារ៉ាវុធ ជំនួសលោក ស៊ាន ស៊ីណាត ដែលថ្នាក់លើផ្ទេរកិច្ចទៅខេត្តកំពង់ចាមបាន ដឹកនាំក្រុមការងារសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញ បន្លែ ត្រី សាច់ ។

ការចុះត្រួតពិនិត្យទំនិញលើទីផ្សារនេះបានធ្វើឡើងថ្ងៃអង្គារ ៦រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិបាលិលេយ្យ០១ សង្កាត់-ក្រុងប៉ោយប៉ែត ។

លោកសាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) សសៃមីធំ បាញ់កាញ់ សសៃគុយទាយ បង្គា លើចំនីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឲ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនាំចូល។

លោកបន្តថា៖ ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឲ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។

ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម(Test Kit) ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារដើម្បីរកសារធាតុទៅលើ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ។ មន្ត្រីកាំកុងត្រូលប្រមូលបានកម្ទេចមី នំ ទឹកក្រូចដបតូចធំ ម្សៅគោជល់ និងមុខទំនិញចម្រុះជាច្រើនមុខទៀត ៕ វណ្ណា