ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានកូរ៉េខាងជើងចោទប្រកាន់អាមេរិកថា«មុខពីរ»ម្ខាងកំពុងត្រៀមធ្វើសង្គ្រាមម្ខាងញញឹមចរចា

សារព័ត៌មានកូរ៉េខាងជើង បានចោទ ប្រកាន់អាមេរិកថា កំពុងតែអនុវត្តគោល នយោបាយ «មុខពីរ»ទៅលើកូរ៉េខាង ជើង ដោយ ម្ខាងញញឹមដើម្បីចរចា និងម្ខាង ទៀត ត្រៀមធ្វើសង្គ្រាមប្រឆាំង កូរ៉េខាង ជើង ក្រោយពេលលោកត្រាំបានប្រកាសឲ្យលុបដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសMike Pompeo ទៅកាន់កូរ៉េខាងជើងនៅនាទីចុងក្រោយ។

សារព័ត៌មានRodong Sinmunរបស់កូរ៉េ ខាងជើង កាលពីថ្ងៃទី២៦ ខែសីហា បាន ចោទប្រកាន់ កម្លាំងពិសេសរបស់អាមេរិក នៅប្រទេសជប៉ុនថាបានត្រៀមធ្វើសមយុទ្ធទាហានអាកាសដើម្បីត្រៀមឈ្លានពានទឹកដីកូរ៉េខាងជើង ។ សកម្មភាពទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកកំពុងតែត្រៀមធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើង ។ សារព័ត៌មានខាងលើបានបញ្ជាក់ថា«យើងមើលឃើញនូវឥរិយាបថ មុខពីររបស់អាមេ រិក ដោយញញឹមចរចា និងត្រៀមវាយ ប្រហារដោយសម្ងាត់»។

អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកូរ៉េខាងត្បូង បានឲ្យដឹងថា លោក មិនទទួលបានព័ត៌មានស្តីពីគម្រោងធ្វើសមយុទ្ធណាមួយនៅជប៉ុននោះឡើយ។ សារព័ត៌មាន Rodong Sinmunមិនបានលើកឡើងពីការលុបចោលដំណើរទស្សនកិច្ចរបស់ លោក Mike Pompeo នោះឡើយ ប៉ុន្តែបានជំរុញដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យបោះបង់សកម្មភាពយោធាដែលអត់ន័យនោះចោល ដើម្បី ឈានដល់សន្ធិសញ្ញាសន្តិភាព ដូចអ្វីដែល មេដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានៅក្នុងជំនួបកាលពីថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន ស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនាសប្តាហ៍ក្រោយ ដោយលើកហេតុផលថា ខ្វះខាតវឌ្ឍនភាពជុំវិញបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។

សំណើរបស់លោក ត្រាំ ត្រូវបានធ្វើ ឡើងបន្ទាប់ពី លោក ប៉ុមប៉េអូ បាន ប្រកាសថា រូបលោកបានតែងតាំងលោក ស្ទីវិន ប៊ីហ្គាន់ ជាបេសកជនពិសេសថ្មី ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ហើយលោករដ្ឋមន្រ្តីការបរទេសអាមេរិក បាន បញ្ជាក់ទៀតថា លោករួមជាមួយលោក ប៊ីហ្គាន់ នឹងធ្វើដំណើរទៅបំពេញទស្សន កិច្ចនៅទីក្រុងព្យុងយ៉ាង នាសប្តាហ៍ក្រោយ នេះ។

គួរជម្រាបថា លោក ប៉ុមប៉េអូ ធ្លាប់បានទៅបំពេញទស្សនកិច្ចចំនួន៣លើករួចមកហើយ នៅកូរ៉េខាងជើង គឺកាលពីខែមេសា ខែឧសភា និងខែកក្កដា។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រសួងការបរទេសចិន បាន និយាយថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ គឺជាសម្ដីគ្មានទំនួលខុសត្រូវទាល់តែ សោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថាទីក្រុងប៉េកាំង មិនបានដាក់សម្ពាធគ្រប់គ្រាន់ឡើយឱ្យ កូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ថ្លែងនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នាថ្ងៃសៅរ៍សប្ដាហ៍មុននេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងដូច្នេះថា «ភាគីសហ រដ្ឋអាមេរិក គឺកំពុងប្រឆាំងនឹងមូលដ្ឋានពិតជាក់ស្ដែង ហើយចិនពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហានេះ…ប៉ុន្តែទីក្រុង ប៉េកាំង នឹងបន្តចូលរួមចំណែកក្នុងលក្ខណៈស្ថាបនាដើម្បីដោះស្រាយបញ្ហានៅលើ ឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងប៉េកាំងកើតមានឡើង ក្រោយលោកដូណាល់ ត្រាំ បានចោទថា ចិនមិនបានជួយសហរដ្ឋ អាមេរិក ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេដោយសារតែជម្លោះពាណិជ្ជ កម្មបច្ចុប្បន្នរវាងប្រទេសទាំងពីរ។ លើសពី នេះទៅទៀត លោកត្រាំ ក៏បានស្នើផងដែរឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះផងដែរ៕ ម៉ែវ សាធី