ព័ត៌មានទាន់ហេតុការណ៍៖

សាលក្រម​ពន្យារពេល​ជាង​៦ខែ​​ទើប​ប្រកាស​ !​ ឥឡូវ​តុលាការ​ត្រូវ​ការ​ពេលវេលា​មិន​កំណត់​ដើម្បី​ស៊ើបសួរ​បន្ថែម​រឿង​ក្តី​លោក​ថោង​ សារ៉ាត់​

ភ្នំពេញ​៖ ជនជាប់ចោទ​កំពុង​ជាប់​ពន្ធនាគារ​ជិត​បី​ឆ្នាំ​មក​ហើយ​ ដែល​អ្នក​ខ្លះ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ថែម​ទៀត​ផង​ តែ​សាលក្រម​ត្រូវ​ពន្យារពេល​ជាង​៦ខែ​ទើប​កំណត់​កាលបរិច្ឆេទ​ប្រកាស​ ដែល​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដែល​ពុំ​ធ្លាប់​មាន​ ។​ ទោះបី​យ៉ាងណា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​ប្រកាស​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ដោយ​ចេញ​សាលក្រម​របៀប​ ឬ​ ពាក្យ​ច្បាប់​សរសេរ​ថា​”​បង្គាប់​តាម​សាលក្រម​ឱ្យ​ធ្វើ​ការ​ស៊ើបសួរ​បន្ថែម​”​ ស្រប​តាម​មាត្រា​៣៣៩នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ។

លោក​ តុប​ ឈុន​ហេង​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ប្រកាស​សាលក្រម​ចាត់​របៀប​ឱ្យ​លោក​ លី​ សុខ​លេង​ ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​ស៊ើបសួរ​បន្ថែម​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ដែល​មាន​លោក​ ថោង​ សារ៉ាត់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ដែល​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដើម្បី​ស៊ើបសួរ​បន្ថែម​ទៀត​ រក​ការ​ពិត​នៃ​សំណុំរឿង​ដ៏​កក្រើក​មួយ​នេះ​ ។

មាត្រា​៣៣៩នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ចែង​ថា”ប្រសិន​បើ​យល់​ថា​ ការ​ស្រាវជ្រាវ​ថ្មី​ជា​ការ​ចាំបាច់​តុលាការ​អាច​បង្គាប់​តាម​សាលក្រម​ឱ្យ​ធ្វើ​ការ​ស៊ើបសួរ​បន្ថែម​។​

ក្នុង​មាត្រា​នេះ​ គឺ​ ពុំ​បាន​កំណត់​​រយៈពេល​ពិតប្រាកដ​ នៃ​ការ​ស៊ើបសួរ​បន្ថែម​នោះ​ទេ​ ។​ ដូច្នេះ​មជ្ឈដ្ឋាន​មួយ​ចំនួន​ យល់​ថា​ រឿង​ក្តី​ដ៏​កក្រើក​មួយ​នេះ​ ពុំ​ដឹង​ប្រើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នោះ​ទេ​ ទើប​បញ្ចប់​ ហើយ​ពន្លឺ​យុត្តិធម៌​មាន​សម្រាប់​ជនរងគ្រោះ​នោះ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា