ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌព្រែកព្នៅចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្ត ជេដ្ឋាឧត្តមហៅវត្តគ្រួស

ភ្នំពេញ៖ លោកឃួងស្រេង និង ថ្នាក់ដឹកនាំមន្ដ្រីរាជការសាលារាជធានីភ្នំពេញ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្ត ជេដ្ឋាឧត្តម ហៅវត្តគ្រួស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និង លោកស្រី រួមនឹង មន្ដ្រីក្នុងសាលារាជធានីភ្នំពេញ ព្រមទាំង សាលាខណ្ឌព្រែកព្នៅផង បាននាំយកនូវចង្ហាន់ គ្រឿង ឧបភោគ បរិភោគ និងបច្ច័យ មួយចំនួនដើម្បី ចូលរួមក្នុង ពិធីកាន់បិណ្ឌវេនទី៨ នៅវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ស្ថិតក្នុង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នេះគឺជាការប្រតិបត្តិទៅតាមទំនៀមទំលាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ដែលធ្វើឡើងនារសៀលថ្ងៃ ទី១២ និង ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ដោយមានពីធី នមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងធម្មទេសនា រាប់បាត្រ បង្សុកូល វេរចង្ហាន់ និង គ្រឿងបរិក្ខាប្រគេនព្រះសង្ឃដើម្បី ឧទ្ទិស កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ បុព្វការីជន ញាតិកា បុព្វបុរសជាតិ ព្រមទាំងមន្ដ្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានចែកឋាន និងពលីជីវិត ទៅកាន់អបាយភូមិ សូមអោយ បានរួចរំដោះទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ។

ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែនៅ មានអត្ថនយ័សំខាន់មួយទៀត គឺ ការពិចារណានូវសង្សារវដ្ដ ដែលមនុស្សកើតមកតែងតែស្លាប់ទៅវិញ ជា ធម្មតាដែលអាចជំរុញទឹកចិត្តអោយលះបង់អំពើបាបហើយខិតខំធ្វើតែអំពើល្អដើម្បីវៀរចាក ពីអបាយភូមិទាំង ៤ មាន នរក តិរិច្ឆាន អសុរកាយ និងប្រេតជាដើម។ 

ប្រកបដោយ ទឹកចិត្តជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តជេដ្ឋាឧត្តមនេះ ប្រមូលបច្ចយ័បានចំនួន១៦លាន ៣សែន ៦ម៉ឺនរៀល និង ១១៨០ដុល្លា ដែលជាបច្ចយ័តំកល់ជើងបិណ្ឌ សំរាប់ ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានាក្នុងទីអារាមនេះអោយកាន់តែល្អប្រសើរសក្ដិសម ជាកន្លែងសក្ការៈ បូជាសំរាប់ជាប្រយោជន៍ដល់ពុទ្ធសាសនិកជន។

NKD-36x6_outline

នៅល្ងាចថ្ងៃ១២ខែកញ្ញា នេះដែរ លោក
ឃួង ស្រេង និង លោកស្រី រួមនឹងមន្ដ្រី សមាជិកសមាជិកាជាច្រើនរូបទៀត បាននាំយកបច្ច័យ ចំនួន ១០លានរៀល និង ៥០០ ដុល្លា ទៅវេរប្រគេន សម្ដេចព្រះវនរ័តណយច្រឹក សម្ដេចសង្ឃនាយករងទី៣ នៅ វត្តច័ន្ទបូរីវង្ស សម្រាប់ការចូលរួមកាន់បិណ្ឌវេន ទី៨ នេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ខណ្ឌ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ឱ្យបានល្អបំផុត នៅតាមវត្តអារ៉ាម នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ព្រោះថាមានពុទ្ធ បរិស័ទជាច្រើន បាននាំយកបច្ច័យ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្រែងមានទមិឡអន្តិរ្ថិយ មានគំនិតយារយីដោយប្រការណាមួយ៕ព្រែកជ័យ