ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីភ្នំពេញលើកយកសំណុំរឿងបុរសជនជាតិអូស្ត្រាលីម្នាក់ដោយសម្រេចដាក់ពន្ធនាគារកំណត់៦ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងបុរសជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងជាប់ឃុំពាក់ព័ន្ធនិងបទចោទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យាដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ» ដោយសម្រេចដាក់ពន្ធនាគារកំណត់៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លូន តែទុកសិទ្ធិប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំ​ពេញ​លោក ពេជ្រ វិជ្ជាធរ បានចេញដីកាកោះឲ្យអនុរក្សពន្ធនាគារព្រៃស១ នាំខ្លួនបុរសជនជាតិអូស្រ្តាលី ឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ដែលបង្ហោះដ្រូនមកតុលាការ ដើម្បីបើកសវនាការ ពាក់ព័ន្ធជនបរទេសរូបនេះបានបង្ហោះដ្រូន ដើម្បីប្រមូលផ្តុំព័ត៌មានកាលពីពេលកន្លងទៅ។

លើសំណុំរឿងជនបរទេសរូបនេះដែរ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ២០១៧ កន្លងទៅ តុលាការបាន​សម្រេចឃុំខ្លួនបុរសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញ ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មាន វិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»​។

បុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានបង្ហោះដ្រូនពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ តែត្រូវបានសមត្តកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្ត​និតិវិធី ផែនអន្តោប្រវេសន៍ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕អារុណរះ