ព័ត៌មានទាន់ហេតុការណ៍៖

សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ចូលរួម​បុណ្យមាឃបូជា​នៅ​វត្ត​ជេដ្ឋា​ឧត្តម​

ភ្នំពេញ​៖​ ដើម្បី​ចូលរួម​លើក​ស្ទួយ​ក្នុង​វិស័យ ​ព្រះពុទ្ធ​សាសនា​នៃ​ពិធីបុណ្យ​មាឃបូជា​ដែល​ជា​បុណ្យប្រពៃណី​យ​ជាតិ​កម្ពុជា​ តែងតែ​ប្រារ​ព​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ព្រមទាំង​ជា​បុណ្យ​មួយ​ក្នុង​បណ្ដា​បុណ្យ​ធំៗ​ទាំងឡាយ​ នៃ​បណ្តា​ប្រទេស​ដែល​កាន់ ​ព្រះពុទ្ធ​សាសនា​នា​សកលលោក​តែងតែ​ប្រារព្ធ​ធ្វើ​ពុំដែល​ខាន​ក៍​ដូច​ជា​នៅ​ថ្ងៃ​ទី ​១៥​កើត​ ខែមាឃ​ ព​.​ស​ ២៥៥៨​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ​ នៅ​ក្នុង​វត្ត​ជេដ្ឋា​ឧត្តម​ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ម៉ៅ​ បូ​រ៉ា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ និង​លោក​ជា​ ខេ​មា​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ​ ព្រមទាំង​មន្ត្រី​សាលា​ខណ្ឌ​ទាំងមូល ​និង ​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​បាន​ចូលរួម​យ៉ាង​ឱឡារិក​ផង​ដែរ​។​

បន្ទាប់​ពី​ពិធី​នានា​ខាង​សាសនា​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​នាសា​លា​បុណ្យ​ក្នុង​វត្ត​ជេដ្ឋា​ឧត្តម​ (​ហៅ​វត្ត​គ្រោះ​)​ ស្ថិត​ក្នុងភូមិ​គ្រោះ​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ ដែល​រួម​មាន​ប្រកាស​បួងសួង​ នមស្សការ​ព្រះ​រតនត្រ័យ​ និង ​សមាទានសីល​ប្រកាស​មាឃបូជា​ វេរភត្ត​ប្រគេន​ព្រះសង្ឃ​ ព្រះសង្ឃ​ភត្ដានុមោទនា​ព្រមទាំង​អាចារ្យ​ឧទ្ទិស​កុសល​រួច​មក​ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ ដែល​មាន​លោក​ម៉ៅ​ បូ​រ៉ា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ និង​លោក​ជា​ ខេ​មា​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ​ ព្រមទាំង​មន្ត្រី​សាលា​ខណ្ឌ​ទាំងមូល​និង​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​បាន​ចូលរួម​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ និង​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ជា​កិច្ច​បង្ហើយ​ហើយ​បុណ្យ​នៅ​ថ្ងៃ​នោះ​ទៀត​ផង​។​

សូម​រំលឹក​ថា​ ពិធីបុណ្យ​ព្រះពុទ្ធ​ដាក់​អាយុសង្ខា​ ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ហៅ​ថា​ បុណ្យ​ «​មាឃបូជា​»​ នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡារិក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ ១៥​កើត​ ខែមាឃ​នៅ​គ្រប់​វត្ត​អារាម​នៅ​ទូ​ទាំង​ ប្រទេស​ដោយ​ចាត់​ទុក​ថា​ ជា​ការ​បំពេញ​មហាកុសល​ដ៏​ថ្លៃថ្លា​បំផុត​ចំពោះ​ព្រះពុទ្ធ​សាសនា​។​ហើយ​ពិធីបុណ្យ​មាឃបូជា​នេះ​ផង​ដែរ​ប្រារព្ធ​ធ្វើ​ឡើង​ ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធ​សាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី​២៦០៣​ ឆ្នាំ​មុន​ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​បាន​ ៩​ខែ​គត់​។​

ក្នុង​ពិធីបុណ្យ​ការ​បង្កើត​ព្រះពុទ្ធ​សាសនា​ ក្នុង​ឋានៈ​ជា​អង្គការ​សាសនា​នេះ​ផង​ដែរ​ក៍​ដើម្បី​ប្រារព្ធ​ធ្វើ​ឡើង​រំលឹក​ដល់​ថ្ងៃជា​មហា​មង្គល​ទាំង​ពីរ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ដែល​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ផង​ និង​ជា​ថ្ងៃ​ប្រជុំ​ចតុរង្គ​មហាសន្និបាត​នៃ​ព្រះអរហន្ត​ទាំង​ ១២៥០​ អង្គ​ដែល​សុទ្ធតែ​ជា​ឯ​ហិ​ភិក្ខុ​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​

​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បានផ្តល់ឱវាទ​ចំនួន​១១​ប្រការ​សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ ទាំងអស់​កាន់​យក​ជា​វិ​ថី​ជីវិត​និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត​ឲ្យ​បាន​យល់​ពី​ព្រះពុទ្ធ​សាសនា​ទៅ​ទូ​ទាំង​ពិភពលោក​។​

គួ​បញ្ជាក់​ដែរ​ថា​ នៅ​នា​បច្ចុប្បន្ន​នេះ​បើ​យោង​តាម​គេហទំព័រ​ស្រាវជ្រាវ​របស់​ពិភពលោក​ បាន​បង្ហាញ​ថា​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​ឈរ​នៅ​លំដាប់​ទី​៤​ លើ​ពិភពលោក​ ដែល​មាន​អ្នក​ប្រតិបត្តិ​ប្រមាណ​៣៧៦​លាន​នាក់​ ស្មើនឹង​ ៦​ភាគរយ​ នៃ​ប្រជាពលរដ្ឋ​លើ​ពិភពលោក​កាន់​ព្រះពុទ្ធ​សាសនា​។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ធ្វើបុណ្យ​មាឃបូជា​ដូច​ពុទ្ធសាសនិក​ទូ​ទាំង​ពិភពលោក​ផង​ដែរ​គឺ​ប្រារព្ធ​ធ្វើ​តាំងពី​រជ្ជកាល​ព្រះបាទ​ សម្ដេចព្រះ​មុនី​វង្ស​មក​ ហើយ​រាជរដ្ឋាភិបាល​ក៍បាន​កំណត់​ថ្ងៃពេញបូណ៌មី​ ខែមាឃ​ជា​ថ្ងៃ​បុណ្យ​សម្រាប់​ជាតិ​ហៅ​យ៉ាង​ ខ្លី​ថា​ជា​ថ្ងៃ​បុណ្យមាឃបូជា​ខាង​ព្រះពុទ្ធ​សាសនា​ទៀត​ផង​៕
uuoqlulx

enim9s8z

h1gwkjkr

i5iqcjdr