ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៨ ក្រោមប្រធានបទ « បច្ចុប្បន្ន​ភាពទីផ្សារ​មូលបត្រកម្ពុជា »

ភ្នំពេញៈសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៨ បានធ្វើឡើងកាលពីព្រឹក ថ្ងៃ សុក្រ ១១ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៨ នៅទីស្តីការគណៈកម្មការមូលបត្រកម្ពុជា ក្រោមប្រធានបទ « បច្ចុប្បន្ន​ភាពទីផ្សារ​មូលបត្រកម្ពុជា »ក្រោមអធិបតីភាព លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូល​បត្រ​កម្ពុជា និងមានការចូលរួមពីសិក្ខាកាម និងតំណាងបណ្តាអង្គភាពព័ត៌មាននានា ជាច្រើន។

នៅក្នុងឱកាសនោះ អង្គសិក្ខាសាលា បានស្តាប់បទបង្ហាញ ពីគ្រូឧទ្ទេសនាម និងវាគ្មិនជាច្រើន ដែលលើកឡើង ស្តីពីវឌ្ឍនភាពទីផ្សារមូល​បត្រ​កម្ពុជា- ការវិវឌ្ឍន៍នៃការចូលរួមវិនិយោគ ក្នុងវិស័យមូលបត្រ​កម្ពុជា- អត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងទីផ្សារមូលបត្រ – អត្ថ​ប្រ​យោជន៍នៃការចុះបញ្ជី លក់មូលបត្រ- ហានិភ័យសម្រាប់វិនិយោគិន និងក្រុមហ៊ុនចុះបញ្ជីលក់​មូលបត្រ ព្រមទាំងបទបង្ហាញស្តីពី កិច្ចគាំពារនិងការដោះស្រាយវិវាទក្នុងវិស័យមូលបត្រ ផងដែរ ។

រាល់បទបង្ហាញនីមួយៗ ក៏មានការបកស្រាយនូវសំណួរ និងចម្លើយយ៉ាងក្បោះក្បាយពីវាគ្មិន របស់សិក្ខាកាមដែលមានចម្ងល់​ទាក់ទិននឹងមូលបត្រកម្ពុជា ដោយធ្វើយ៉ាងណាឲ្យយល់កាន់ តែច្បាស់ ឈប់ស្រពិចស្រពឹល និងអនុវត្តចំទិសដៅប្រកបដោយចីរភាព ។

អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃ ក្នុងបរិយាកាសស្និទ្ធស្នាលនិងទទួលបាន​ផ្លែផ្កាល្អ ហើយត្រូវបានបញ្ចប់បន្ទាប់ពីបានប្រគល់វិញ្ញាបនបត្រ ជូនដល់អង្គសិក្ខាកាម​ទាំងអស់​ផងដែរ ៕ ប្រាថ្នា