ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សិប្បកម្ម​ផលិត​និង​វេច​ខ្ចប់​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្ការ​ឈូក​នៅ​ខណ្ឌ​សែន​សុខ​ ត្រូវសមត្ថកិច្ចចុះត្រួតពិនិត្យដោយ​រក​ឃើញ​ថា​ការ​ផលិត​និង​វេច​ខ្ចប់​គ្មានស្តង់ដា​ត្រឹមត្រូវ​

ភ្នំពេញ៖ កម្លាំងនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃចុះត្រួតពិនិត្យសិប្បកម្ម​ផលិត​និង​វេច​ខ្ចប់​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្ការ​ឈូក​មួយ​កន្លែង ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ដោយ​រក​ឃើញ​ថា​ការ​ផលិត​និង​វេច​ខ្ចប់​ពុំមានលក្ខណៈ​និង​ស្តង់ដា​ត្រឹមត្រូវ​ ក្រោយត្រួតពិនិត្យរួចកម្លាំង​ចម្រុះ​ បានធ្វើការសម្រេច​បិទ​ សិប្បកម្ម​នេះ​ជា​បណ្តោះអាសន្ន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ ។​

​លោក​វរសេនីយ៍ឯក​ ម៉ាត់​ យូ​សុះ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា​ បានឲ្យដឹងថា ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​នោះ​ថា​ ប្រតិបត្តិការ​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ចាន់​វ៉ា​ន់​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ មានការ​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​រង​លោក​ ហឹ​ង​ វ៉ា​ន់​ថន​ រួម​ទាំង​សហការ​ជាមួយ​មន្ត្រី​កាំ​កុង​ត្រួ​ល​ វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ និង​អាជ្ញាធរ​មូលដ្ឋាន​ក្រោយ​ពី​មានការ​សង្ស័យ​ថា​សិប្បកម្ម​ដែល​គ្មាន​ស្លាក​យីហោ​នេះ​ បាន​ផលិត​និង​វេច​ ខ្ចប់​នូវ​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​គ្មាន​ស្តង់ដា​ត្រឹមត្រូវ​និ​ងី​គ្មាន​អនាម័យ​។​

​លោក​វរសេនីយ៍ឯក​ ម៉ាត់​ យូ​សុះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ពិ​ន្យ​របស់​ក្រុម​មន្ត្រី​ ចម្រុះ​មក​បា​នរក​ឃើញ​ថា​ សិប្បកម្ម​នេះ​បាន​ផលិត​នូវ​ទឹកត្រី​ និង​ទឹកស៊ីអ៊ីវ​គ្មាន​ប្រភព​ច្បាស់​ លាស់​ហើយ​ដាក់​ស្លាក់​យីហោ​សញ្ញា​ផ្ការ​ឈូក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ផង​ដែរ​។​

​បើ​តាម​វរសេនីយ៍​ឯករូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​ហើយ​ មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ​សម្រេច​បិទ​សិប្បកម្ម​នេះ​ជា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ និង​ម្ចាស់​សិប្បកម្ម​ក៏​ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​បន្ថែម​នៅ​ក្រសួងមហាផ្ទៃ​ផង​ដែរ​។​ យ៉ាងណា​ក្តី​លោក​ម៉ាត់​ យូ​សុះមិន​បាន​បញ្ជាក់​ថា​សិប្បកម្ម​នេះ​បាន​ផលិត​តាំងពី​ពេល​ណា​នោះ​ទេ​ ហើយ​ប្រភព​ធាតុ​ដើម​ក៏​មិនដឹង​យក​មកពីណា​នោះ​ដែរ​ ។​

​គួររំលឹកផងដែរ​ថា​ក្នុងការបង្រ្កាបទីតាំងផលិត​និង​វេច​ខ្ចប់​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ មួយចំនួនកន្លងមក​ គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ និង​សិប្បកម្ម​ផលិត​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ ដោយ​សង្ស័យ​ថា​ការ​ផលិត​នោះ​ពុំ​ស្រប​តាម​ស្តង់ដា​ត្រឹមត្រូវ​និង​គ្មាន​អនាម័យ​ដែល​ជា​កត្តា​ធ្វើ​ ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​និង​អ្នក​បរិភោគ​ជាដើម​។​ ជាក់ស្តែង​កាលពី​ដើមខែ​កន្លង​ទៅ​នេះ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ដុត​កំទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​រាប់រយ​តោន​ ហើយ​សិប្បកម្ម​ខ្លះ​ត្រូវ​បាន​បិទ​និង​ម្ចាស់​សិប្បកម្ម​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បីចាត់ការតាមច្បាប់​ផង​ដែរ​ ៕ស តារា