ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យវត្តភ្នំ និងម្នាក់ជាជាងទង ឆក់កាបូបយួរប្រតិភូចិនបានលុយជាង៧ពាន់ដុល្លារ ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមស្រាវជ្រាវនិងបង្ក្រាបបានជនសង្ស័យ២នាក់ ម្នាក់ជាសិស្សវិទ្យាល័យវត្តភ្នំ និងម្នាក់ជាជាងទង ដែលបានធ្វើសកម្មភាពឆក់កាបូបយួរពីប្រតិភូចិនម្នាក់កំពុងដើរតាមផ្លូវលេខ២៩៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្រេចហើយ គេចខ្លួនបាត់៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបចោរឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ​ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

លោកវរសេនីយ៍ឯកនាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍ឆក់កាបូបនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ វេង ម៉េងលាង មុខរបរជាងទង និងម្នាក់ទៀតឈ្មោះ គន្ធា ម៉េងលី ហៅសាល សិស្សវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប៊ិច បានធ្វើសកម្មភាពឆក់ទៅលើបុរសរងគ្រោះជាជនជាតិចិន ឈ្មោះ Xu Dong Hui ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវសាធារណៈ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯកនាយការិយាល័យ បានបន្តទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យដែលបង្ក្រាបបាន នៅពេលឃើញជនជាតិចិន២នាក់ ដើរនៅតាមផ្លូវដោយមានយូរកាបូប ឃើញដូច្នេះពួកខ្លួនបានជិះម៉ូតូទៅអែប ហើយធ្វើសកម្មភាពឆក់យកកាបូបយួរនោះពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនទៅវត្តទួលទំពូង ដើម្បីពិនិត្យមើលសម្ភារដែលឆក់បាននោះមានអ្វីខ្លះ ។ ពេលនោះពួកគេឆែកមើលក្នុងកាបូបឃើញមានប្រាក់ចំនួន៧,២០០ដុល្លារ, ទូរស័ព្ទដៃមួយគ្រឿង ម៉ាក Huwai, លិខិតឆ្លងដែន១ក្បាល, កាតធនាគារមួយចំនួន និងឯកសារផ្សេងៗ ហើយពួកខ្លួនបានចែកប្រាក់គ្នាបានម្នាក់ ៣,៥០០ដុល្លារ និងយកទូរស័ព្ទទៅលក់បានចំនួន៥០ដុល្លារ ចំណែកឯកសារផ្សេង ពួកខ្លួនបានយកទៅបោះចោលនៅម្ដុំវង្វង់មូលផ្សារដើមថ្កូវ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមច្បាប់៕​ស តារា