ព័ត៌មានទាន់ហេតុការណ៍៖

សិស្សអនុវិទ្យាល័យសន្តិភាពឃុំស្ទឹងកាច់ជាង១០នាក់អង្គុយរៀនសុខៗដួលសន្លប់រកមូលហេតុច្បាស់លាស់មិនឃើញ

ខេត្តប៉ៃលិន៖ សិស្សនៃសាលាអនុវិទ្យាល័យសន្តិភាពជាង១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់រហូតមកដល់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ ក្នុងសាលាអនុវិទ្យាល័យសន្តិភាព ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅតែបន្តដួលសន្លប់ជាបន្តបន្ទាប់ ដោយសារក្រសួងសុខាភិបាល និងមន្ត្រីជំនាញ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមិនទាន់រកឃើញមូលហេតុនៃជំងឺ ដែលសិស្សរងគ្រោះ ប៉ុន្តែត្រូវបានមន្ត្រីជំនាញសុខាភិបាលផ្នែកពិនិត្យឈាម ចាប់អារម្មណ៍ទៅលើផ្នែកការកើនឡើងនៃប៉ូតាស្យូម ដែលនៅក្នុងខ្លួន របស់សិស្សរងគ្រោះ ។

តាមលោកគ្រូដែលបង្រៀននៅសាលាអនុវិទ្យាល័យសន្តិភាពបានលើកឡើងថា៖ មុនពេលកើតហេតុស្ថានភាពនៃអាកាសធាតុនិងមានការប្រែប្រួលនៅក្នុងសាលារៀន ដោយក្តៅផង ហើយត្រជាក់ផង បន្ទាប់មកក៏ភ្លៀង បណ្តាលឲ្យសិស្ស២នាក់ អស់កម្លាំង ល្ងឹតមុខ នេះកាលពីថ្ងៃទី២ កន្លងទៅ ហើយបើនិយាយពីស្ថានភាពរាល់ថ្ងៃគឺ អាកាសធាតុនៅខាងក្រៅបន្ទុបរៀន គឺមានខ្យល់វ៉ូរៗ ចំណែកក្នុងបន្ទុបវិញ ហាក់បីដូចជាខ្សត់ខ្យល់ទៅវិញ បណ្តាលឲ្យសិស្សខ្លះ អស់កម្លាំង ស្លេកមុខ រហូតដួលសន្លប់ជាបន្តបន្ទាប់ ។ លោកគ្រូបានបន្តថា៖សិស្សដែលដួលសន្លប់ភាគច្រើនគឺសិស្សដែលអង្គុយមិនជាប់នឹងបង្អួចចំណែកសិស្សដែលអង្គុយជាប់បង្អួចគឺមិនមានបញ្ហាអ្វីកើតឡើងនោះទេ ។ លោកគ្រូបញ្ជាក់ទៀតថា៖រយៈពីរថ្ងៃជាប់ៗគ្នា បញ្ហាសិស្សដួលសន្លប់គឺកើតឡើង ដោយការបន្លាចតគ្នា ដែលមាននៅក្នុងបន្ទុបទឹក និងបន្លាចនៅក្នុងថ្នាក់រៀនតែម្តង ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងថា៖ បញ្ហាខាងលើ តាំងនាមមន្ទីរអប់រំ គឺយើងខិតខំយកចិត្តទុកដាក់ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្តក៏ដូចជាក្រសួងសុខាភិបាលក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តប៉ៃលិនគឺយើងនិងខិតខំបន្តទៀត ក្នុងការស្រាវជ្រាវរកមូលហេតុដែលកើតមានឡើងចំពោះសិស្សានុសិស្សយើង។

លោកប្រធានមន្ទីរអប់រំបានបន្តថា៖ នៅថ្ងៃនេះដែរ គឺមានសិស្សចំនួន១០នាក់ដែលមានបញ្ហាប៉ុន្តែបើយើងពិនិត្យមើលគឺសិស្សដែលមានបញ្ហាគឺសិស្សដដែលៗ ហើយចំពោះសិស្សខ្លះ ដែលសាកសួរគឺគាត់មានការតមអាហារ ខ្លះទៀតផឹកទឹកត្នោតជូរក៏មានដែរ ដូច្នោះករណីនេះវាជាបញ្ហាមួយ ដែលយើងគួរគឹតគូរឲ្យមែនទែន ជាមួយគ្នានេះដែរ លោកក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាលោកនាយកសាលាដែលមានស្មារតីរឹងមាំក្នុងការជួយសង្គ្រោះសិស្សរងគ្រោះកន្លងមកប្រសិនលោកគ្រូអ្នកគ្រូមិនមានស្មារតីរឹងប៉ឹងនោះទេ វានិងអាចកើតបញ្ហារឹតតែខ្លាំងឡើងៗ ។

ចំណែកលោកអាងនាងប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ឲ្យដឹងថា៖ករណីខាងលើនេះគឺយើងមានការសហការគ្នាជាបន្តបន្ទាប់ ហើយបើយើងពិនិត្យមើលកន្លងទៅគឺរោគសញ្ញាវាដដែលៗ ទើបតែថ្ងៃវាមានរោគសញ្ញាផ្សេង គឺសិស្ស មានការលេបថ្នាក់សម្រកទំងន់និងតមអាហាររួមផ្សំនិងធាតុអាកាសក្តៅក៏វាជាបញ្ហាមួយដែរពាក់ព័ន្ធនិងសុខភាពហើយរហូតមកដល់ពេលនេះអ្វី ដែលយើរង់ចាំ គឺលទ្ធផលនៃការពិនិត្យរកមូលហេតុ ដោយពេលនេះយើងមិនបញ្ជាក់បាននៅឡើយទេ ចំពោះបញ្ហាខាងលើ ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាល ក៏ដូចក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្លាំងណាស់ សម្រាប់បញ្ហាមួយនេះ គឺធ្វើយ៉ាងណា រកមូលហេតុឃើញថា តើវាកើតឡើងដោយសារអ្វី ។

រីឯលោកគ្រូពេទ្យផ្នែកពិនិត្យឈាម នៃមន្ទីរសុខាភិបាលលោកមានប្រសាសន៍ឲ្យដឹងដែរថា៖ សិស្សរងគ្រោះដែលយើងយកឈាមទៅពិនិត្យនោះ គឺ០៦នាក់ ហើយក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ គឺឈាមទាំង០៦នាក់នោះគឺសុទ្ធតែឈាមល្អទាំងអស់ លើកលែកតែបញ្ហាមួយគឺមានជាតិប៉ូតាស្យូមខ្ពស់ ហើយយើងក៏កំពុងស្វែងរកមូលហេតុអ្វីបានជាធ្វើឲ្យប៉ូតាស្យូមលើកខ្ពស់ដូច្នោះ ។

លោកបានបន្តថា៖ប្រសិនប៉ូតាស្យូមឡើងខ្ពស់វាអាចរុញច្រានឈាមឡើងដល់បេះដូងហើយប្រសិនជាមានបញ្ហាអាកាសធាតុកើតឡើង ក៏ដូចជាបញ្ហាការបន្លាចគ្នាចុះឡើងៗ វាធ្វើឲ្យអ្នកទទួលឥទ្ធិពល មានការតក់ស្លុតផងដែរ ហើយនេះជាអ្វីដែលយើងរកឃើញ ៕ ស សារ៉េត