ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​ជាង​២​រយ​នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​សិក្សា ស្ដីពី​ជីវិត​សត្វ​ខ្សឹប នៅ​តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប

ភ្នំពេញ​៖ សិស្សានុសិស្ស ពី​សាលាបឋមសិក្សា​ឈូក​ស្ថិត នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​សាលាបឋមសិក្សា​វត្ត​ព្រះ​ហ៊ូ​ត ស្ថិតក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​សប្ដាហ៍​កន្លងទៅ ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​

តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ទស្សនា​សត្វ​ខ្សឹប ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត នៅលើ​សាកលលោក និង​ស្វែងយល់​អំពី ទីជម្រក​ធម្មជាតិ​រប​ស់​ពួកវា នៅក្នុង​តំបន់​អភិរក្ស​នេះ​។​

​នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​(WCS) ដែល​បាន​ផ្ដួចផ្ដើម​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​។​​សត្វ​ខ្សឹប ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ​បំផុត ខណៈ​ចំនួន​របស់​វា​នៅលើ​សាកលលោក​មាន​តិចជាង ៨០០​ក្បាល​។ កម្ពុជា គឺជា​ប្រទេស​ដ៏​សំខាន់ បំផុត​នៅលើ​សាកលលោក ដើម្បី​អភិរក្ស​សត្វ​ខ្សឹប​នេះ កុំ​ឲ្យ​បាត់បង់ ខណៈ​ចំនួន​របស់​សត្វ​ខ្សឹប នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រមាណ​៤៣២​ក្បាល​។​

​ទីជម្រក​វាលស្មៅ នៃ​តំបន់​ទំនាប​ទន្លេសាប ក្នុង​ខេត្តកំពង់ធំ និង​សៀមរាប គាំទ្រ​ដល់​​ការរស់នៅ​របស់​សត្វ​ខ្សឹបច្រើនជាងគេបង្អស់ ​នៅលើ​សាកលលោក ​​និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការរស់រានមានជីវិត​របស់​ពួកវា​។ តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប ត្រូវបាន​បង្កើតឡើង​ក្នុង នៅ​ឆ្នាំ​២០១៦ និង​គ្របដណ្តប់​លើ​ផ្ទៃដី​៣១.១៥៩​ហិកតា នៅក្នុង​ខេត្តកំពង់ធំ និង​សៀមរាប​។

NKD-36x6_outline

អង្គការ​WCS កំពុង ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ អភិរក្ស​តំបន់ការពារទេសភាព​ទំនាប​ខាងជើង ទន្លេសាប ​​និង​សត្វ​ស្លាប​សំខាន់ៗ ដូចជា​៖ សត្វ​ខ្សឹប​ជាដើម​តាមរយៈ សកម្មភាព​ជាច្រើន ដូចជា ការអនុវត្តន៍​ច្បាប់ ការការពារ​សំបុក​សត្វ​ខ្សឹប​​គម្រោង​និរន្តរភាព​ស្រូវ និង​ការលើកកម្ពស់​ការ យល់ដឹង​ដល់​ប្រជា​សហគមន៍​ជាដើម​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ ក្រសួងបរិស្ថាន នៃ​ប្រទេស​កម្ពុជា​​ បានរៀបចំ​ពិ​ពណ៌​សត្វ​ស្លាប​អន្តរជាតិ​លើក​ទី​១ ក្រោម​ប្រធានបទ​“ សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​សត្វ​ស្លាប​នៅ​កម្ពុជា​” ​ប្រយោជន៍​ដើម្បី​ទាក់ទាញ​ក្ដី​ស្រលាញ់ និង​គាំពារ​ដល់​ជីវិត​សត្វ​ស្លាប​៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក