ព័ត៌មានទាន់ហេតុការណ៍៖

សុខ ដែន បញ្ចេញបទចម្រៀងជំនួប DJ Klam លើកដំបូង

ភ្នំពេញ៖ ជិតចូលរដូវបុណ្យភ្ជុំបិណ្ឌស្រាប់តែតារាសម្តែង និងចម្រៀងសុខដែនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយ រសជាតិប្លែកជាមួយនឹង DJ Klam ។ បទថ្មី ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ របស់ពួកគេបានចេញហើយលើបណ្តាញសង្គមនានា ដែលជាប្រភេទបទលាយបញ្ចូលគ្នារវាងចង្វាក់ប្រជាប្រិយនឹងហ៊ីបហប ដែលពួកគេរំពឹងថា នឹងពេញចិត្តសម្រាប់ទស្សនិកជនជាមិនខាន ។

តារាចម្រៀង សុខ ដែន បានបញ្ជាក់ថា ទោះបីជារវល់នឹងការងារបង្ហាត់បង្រៀងក្បាច់គុន សិស្ស និងការងារសម្តែងក៏លោកនៅតែឆ្លៀតពេលចេញថតបទចម្រៀងសម្រាប់កំដរអារម្មណ៍ទស្សនិកជនផងដែរ ។ លោកថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះលោកបានផលិតបទចម្រៀងប្រមាណ៣បីបទមានបទជាច្រើនប្រភេទលាយបញ្ចូលគ្នាទាំងជាប្រភេទបទសម័យ បទប្រជាប្រិយ និងបទលាយបញ្ចូលគ្នារវាងបទប្រជាប្រិយនឹងសម័យផងដែរ ក្នុងនោះមានបទ ស្រីប្តីសោះ បទ ព្រឹកស្តាយលេខល្ងាចស្តាយលុយ និងបទរួមគ្នាលើកដំបូងរវាងលោកនឹងDJ Klamគឺបទ ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ សម្រាប់ទស្សនិកជនរាំលេងកម្សាន្ត ជួបជុំនាឱកាសភ្ជុំបិណ្ឌខាងមុខនេះ ។

លោកថាការចាប់ដៃគូជាមួយDJ Klamព្រោះតែលោកក៏ធ្លាប់មានឈ្មោះបោះសំឡេង លើវិស័យសិល្បៈ ហើយក៏ចង់ឲ្យបទចម្រៀងថ្មីរបស់លោកសម្រាប់ទស្សនិកជនរាំលេងកម្សាន្តមានលក្ខណៈប្លែកជាងបទចម្រៀងមុនៗ ។ ក្រៅពីច្រៀង បទចម្រៀងទាំងអស់ក៏បានចេញថតជាវីដេអូដើម្បីចាញ់ផ្សាយលើបណ្តាញទំនាក់ទំនងសង្គមនានាផងដែរ ។ លោករំពឹងថា តាមរយៈស្នាដៃថ្មីៗនេះនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត និងបន្តគាំទ្រស្នាដៃបទចម្រៀង និងការថតភាពយន្តបែបក្បាច់គុនរបស់លោកបន្តទៀត៕ វឌ្ឍនា