ព័ត៌មានទាន់ហេតុការណ៍៖

សុន ឆ័យ អះអាងថា គោលដៅរបស់សង្គ្រោះជាតិគឺការបោះឆ្នោត ឆ្នាំ២០១៨

ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែតកាល ពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក សុន ឆ័យ ប្រធានក្រុមសមាជិកសភាគណ បក្សសង្គ្រោះជាតិបានបដិសេធពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវនិងគ្មានការទទួលខុសត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយលោក សុន ឆ័យ ប្រកាសថា គណ បក្សសង្រ្គោះជាតិនឹងចូលរួមបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ ។

ការប្រកាសរបស់លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ បានប្រកាសនៅមុខពន្ធនាគារត្រពាំងប្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា គណបក្សសង្គ្រោះ ជាតិនឹងមិនចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះនោះទេបើសិនជាមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិឱ្យមានសេរីភាពឡើងវិញ ។

លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា «យើងត្រូវការការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជា លោកប្រធាន កឹម សុខា ដែលជាប្រធាន នៃគណបក្សសង្គ្រោះជាតិមិនមានការដោះលែងមិនបានមកចូលរួមក្នុងការបោះឆ្នោតខាងមុខនិងលក្ខខណ្ឌដទៃទៀតដើម្បីឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការ បោះឆ្នោតមួយដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្តយើង»។

ជាការចំអកលោក សុន ឆ័យ បាន បញ្ជាក់តបវិញថា «គណបក្សសង្គ្រោះជាតិ មានទិសដៅតែមួយទេគឺឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ២០១៨។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្គ្រោះជាតិហើយគណៈកម្មាធិការអចិន្រៃ្តយ៍បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជា ធម្មតា» ។

លោក សុន ឆ័យ បានបន្តថា «គណបក្ស សង្គ្រោះជាតិមានសមាជិកច្រើនមានអ្នក ដឹកនាំច្រើន ប៉ុន្តែគណៈកម្មាធិការអចិន្រៃ្តយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការ មានមតិជាឯកជនជាបុគ្គលដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍មិនមែនជាការសម្រេចរបស់ គណៈកម្មាធិការនាយកមិនមែនជាការ សម្រេចរបស់សមាជនោះមិនមែនជាសម្តី របស់គណបក្សសង្គ្រោះជាតិទេ»។

NKD-36x6_outline

លោកបានបន្ថែមទៀតថា «ត្រង់ចំណុច នេះយើងសូមបញ្ជាក់ថា យើងមិនអាចទទួល យកសម្តីជាឯកជនណាមួយដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍មិនមែនជាការសម្រេចរបស់គណៈ កម្មាធិការនាយក មិនមែនជាការសម្រេច របស់សមាជគណបក្សថា ជាសម្តីជាទង្វើ របស់គណបក្សសង្គ្រោះជាតិបានទេ»។

លោក សុន ឆ័យ បានបញ្ជាក់ទៀតថា «ការប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខរបស់សមាជិកណាម្នាក់នោះវាមិនមែនជាការ សម្រេចរបស់គណៈកម្មាធិការកណ្តាល របស់គណបក្សឡើយ។ គោលជំហររបស់គណបក្សសង្គ្រោះជាតិនឹងបន្តដំណើរដើម្បីចូលរួមប្រកួកប្រជែងក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ដោយ ឥតងាកថយទេ។ គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើការងារជាធម្មតាដើម្បីឆ្ពោះទៅ រកការបោះឆ្នោតឆ្នាំ២០១៨ ទោះបីលោក កឹម សុខា នៅតែបន្តស្ថិតក្នុងការឃុំខ្លួនក៏ដោយ» ។

លោក សុន ឆ័យ បានប្រកាសថា «បើ សិនមានគេសួរថា ចុះបើស្ថានភាពបែបហ្នឹង តើគណបក្សសង្គ្រោះជាតិនៅតែចូលរួមបោះឆ្នោត ឬយ៉ាងណា? លោកថា គណ បក្សមានគោលការណ៍ច្បាស់លាស់មិន អាចកែប្រែបានទេគឺបក្សចង់ឲ្យមានការ ផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោត ដូច្នេះបក្សមិនរារែកទេក្នុងការសម្រេចចិត្ត ឆ្ពោះទៅរកការបោះឆ្នោត» ។

លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមមន្រ្តី គណបក្សសង្គ្រោះជាតិគ្មាន គម្រោងឬផែនការណាមួយដើម្បីធ្វើបាតុ កម្មនោះទេបន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។

លោកបានថ្លែងថា គណបក្សបានហៅថ្នាក់ដឹកនាំទាំងអស់ពីខេត្តក្រុមការងារ ខេត្តសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មកប្រជុំគ្នាដើម្បីជម្រាបជូនហើយសូមការគាំទ្រ។ មកទល់ពេលនេះគណបក្ស សង្គ្រោះជាតិយើងគ្មានផែនការដើម្បីធ្វើ បាតុកម្មទេ ។

លោកបានបន្ដថា គណបក្សសង្គ្រោះជាតិនឹងពង្រឹងសមត្ថភាពមេឃុំចៅ-សង្កាត់ របស់ខ្លួនដែលបានបោះឆ្នោតជាប់ថ្មីៗនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ចិត្ត និងមានការរៀបចំប្រព័ន្ធការងារ ជាពិសេសការងារបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខនេះ ៕ ហេង​ សូរិយា