ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សូមប្រកាសៗ! ល្បែងស្ទូចប្រេងក្រឡានៅក្នុងភូមិមួយក្បែរវត្តចាក់អង្រែក្រោមគឺគេលេងភ្នាល់១សង១០

ភ្នំពេញ៖ នៅក្នុងភូមិមួយក្បែរវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យភាគច្រើនសំបូរដោយពលរដ្ឋវៀតណាមរស់នៅបានពពាក់ពពួនគ្នាលេងល្បែងស៊ីសងប្រភេទថ្មី គឺល្បែងស្ទូចប្រេងក្រឡា។ ល្បែងនេះស្រដៀងគ្នានឹងល្បែងយូគី ដែលគេលេងស៊ីសងចាញ់ឈ្នះមិនដឹងខ្លួននោះទេ គឺគេលេងភ្នាល់១សង១០។

បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រមាត់ទន្លេ ក្បែរវត្តចាក់អង្រែក្រោម មានវង់ល្បែងស្ទូចប្រេងក្រឡាចំនួន២កន្លែង។ មួយកន្លែងស្ថិតនៅក្បែរមាត់ទន្លេចាប់បើកលេងពីម៉ោង២រសៀលរហូតដល់ម៉ោង៥ល្ងាច ។ បន្ទាប់មក កន្លែងទី២ចាប់ផ្តើមលេងពីម៉ោង៥ល្ងាចរហូតដល់យប់ជ្រៅ នៅច្រកផ្លូវចូលក្បែរវត្តចាកអង្រែក្រោមនោះតែម្តង ។

ជុំវិញបញ្ហាល្បែងស្ទូចប្រេងក្រឡានេះ លោកនាយប៉ុសិ៍្តចាក់អង្រែក្រោមក៏ធ្លាប់បានឡើងរាយការណ៍ផងដែរ នៅពេលប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌមានជ័យ។ ក៏ប៉ុន្តែការលើកឡើងរបស់លោកនាយប៉ុសិ៍្តហាក់បីដូចជាមានការលាក់លៀម បានន័យថានគរបាលមណ្ឌលក៏ជាអ្នកពាក់ព័ន្ធផងដែរ។

លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យក៏បានលើកឡើងផងដែរថា បញ្ហាល្បែងស៊ីសងត្រូវតែបង្ក្រាបឲ្យតែមានការសហការល្អជាមួយពលរដ្ឋ និងជួយរាយការណ៍ដល់សមត្ថកិច្ច។ លោកថា លោកមិនដែលបានទទួលផលប្រយោជន៍ណាមួយពីអ្នកបើកបនល្បែងនោះទេ។

ជុំវិញបញ្ហាល្បែងស្ទូចប្រឡាក្នុងភូមិខាងលើ ដែលបើកលេងរាល់ថ្ងៃនេះវិញ លោកអធិការខណ្ឌមានជ័យបានប្រាប់ថា លោកបានទទួលរបាយការណ៍ពីមេប៉ុសិ៍្តចាក់អង្រែក្រោមថាគេបិទអស់ហើយ។ នេះគ្រាន់តែជាការដោះសាររបស់លោកតែប៉ុណ្ណោះ។

ពួកអ្នកញៀនល្បែងប្រភេទនេះបាននិយាយថា គេលេងរាល់ថ្ងៃ។ មេម្នាក់បើកលេងពីម៉ោងជាង២ថ្ងៃ រហូតដល់ម៉ោង៥ ហើយទើបមេវង់ម្នាក់ទៀតបើកលេងពីម៉ោង៥ល្ងាចដល់យប់ជ្រៅ។ ប្រភពដដែលបន្តថា ឃើញមាននគរបាលស្លៀកពាក់ស៊ីវិល និងសមត្ថកិច្ចខ្លះឯកសណ្ឋានជិះម៉ូតូមកយកលុយរាល់ថ្ងៃផងដែរចំនួន៣ពាន់រៀល ជួនកាល៥ពាន់រៀល។

ដោយឡែកលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ កាលពីម្សិលមិញក៏បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា ជុំវិញបញ្ហាល្បែងស្ទូចប្រេងក្រឡានៅក្បែរវត្តចាក់អង្រែក្រោមនេះ លោកបានសុំយោបល់ពីលោកអធិការខណ្ឌរួចហើយ ហេតុដូច្នេះកំពុងរកពេលវេលាណាមួយដើម្បីដឹកនាំចុះប្រតិបត្តិការតែម្តង ៕ តាឡឹម