ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សួស វីហ្សា ថាបានតំណែងនៅ The voice kids Cambodia មិនមែនជារឿងចៃដន្យ

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងសម្រាប់ទស្សនិកជនក្រោយពីតារាចម្រៀង សួស វីហ្សា បានបង្ហាញមុខជាគ្រូបង្វឹកលើកដំបូងក្នុងកម្មវិធី The voice kids Cambodia រដូវកាលទី២ ជំនួសតារាចម្រៀង សុគន្ធ នីសា។ តារាស្រីរូបនេះបញ្ជាក់ថាតំណែងនេះមិនមែនទទួលបានដោយភាពចៃដន្យទេ គឺកើតឡើងពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំលើវិថីសិល្បៈ។

ចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសអស់ជាច្រើនឆ្នាំ សួស វីហ្សា ទទួលបានភាពល្បីល្បាញច្រើនគួរសម។ ថ្មីៗនេះទូរទស្សន៍ហង្សមាសក៏បានចាប់ផ្តើមចេញយុទ្ធនាការប្រកាសកម្មវិធី The Voice Kids រដូវកាលទី២។ ក្នុងរដូវកាលទី២នេះមានការផ្លាស់ប្ដូរគណៈកម្មការម្នាក់ គឺអវត្តមាន អ្នកនាង សុគន្ធ និសា ហើយជំនួសដោយកញ្ញា សួស វីហ្សា ទៅវិញគ្រាដែលលោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា នៅតែរក្សាតំណែងជាគណៈកម្មការដដែល ក្នុងរដូវកាលថ្មីនេះ ដោយឡែកតារាចម្រៀង សួស វីហ្សា បានគ្រងតំណែងជាគ្រូបង្វឹក ជំនួស សុគន្ធនិសា នេះបើយោងតាម កម្មវិធីផ្សាយផ្ទាល់បើការប្រកួតរដូវកាលថ្មីកាលពីចុងសប្តាហ៍នេះ។

សួស វីហ្សា បញ្ជាក់ថា នាងក៏មានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងដែរ ដែលទទួលបានដំណែងមួយនេះ ។ នាងលើកឡើងដែរថា មានតារាចម្រៀងជាច្រើនត្រូវបានឆ្លងកាត់ការវិនិឆ្ឆ័យពីក្រុមហ៊ុនហើយក៏មិនមែនជារឿងងាយដែរដែលនាងឈានដល់តំណាក់កាលមួយនេះ។ នាងថាពីក្មេងនាងក៏ធ្លាប់ជាអ្នកគាំទ្រតារាចម្រៀង ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ខ្លាំងដែរ ហើយនាងក៏ធ្លាប់ឆ្លងកាត់ការប្រឡងជាច្រើនបើទោះបីជាបរាជ័យក៏នាងនៅមិនបោះបង់ការតស៊ូ និងមិនអស់សង្ឃឹមក្នុងវិថីនេះទេ។ នាងថានឹងខិតខំធ្វើកិច្ចការងារជាគ្រូបង្វឹកលើកដំបូងឲ្យបានល្អ ហើយសង្ឃឹមថាទស្សនិកជននឹងគាំទ្រលើការងារសិល្បៈថ្មីរបស់នាង។

គេចាំបានថាកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកThe Voice Kids រដូវកាលទី១បានបញ្ចប់ក្រោមការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការរិះគន់មួយចំនួនផងដែរ។ ក្រោយផ្ទុះការរិះគន់លើគ្រូបង្វឹក សុគន្ធ នីសា ក្រោយពីនាងជម្រុះចោលកុមារីសំឡេងផ្អែម អ៊ុក សុវណ្ណារី តែបានជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យនៅបន្តក្នុងកម្មវិធី The voice kids Cambodia រដូវកាលទី១ធ្វើឲ្យមហាជនជាច្រើនខកបំណងមិនស្ទើរនោះ រហូតមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គម Facebook រិះគន់ សុគន្ធ នីសា ខ្លាំងៗ និងបានទម្លាក់មន្ទិលថា ការសម្រេចចិត្តរបស់ Coach រូបនេះ អាចនឹងមានទំនាក់ទំនងអ្វីពិសេសជាមួយបេក្ខភាពកុមារី ណូ ឈួស៊ីវហេង។

សួស វីហ្សា ក៏មានសមត្ថភាពច្រៀង ខ្លាំងទាំងបទសម័យ បទមរតកដើម ញាក់ រ៉ក់ ហើយបើក្រឡេកមើលអតីតកាលរបស់នាងវិញគឺនាងប្រឡងចម្រៀងជាប់លេខ១ពេលប្រឡងចូលផលិតកម្មរ៉ក់ ។ ក្នុងកម្មវិធីប្រឡង I Am A Singer Cambodia នាងច្រៀងបានគ្រប់ទម្រង់ទាំងអស់ដែលពេលនោះក៏សន្ទុះនៃការគាំទ្រក៏ប្រកៀកប្រកិតគ្នាជាមួយ ដួង វីរៈសិទ្ធដែរ ៕ វឌ្ឍនា