ព័ត៌មានទាន់ហេតុការណ៍៖

សេះបង្កង់Juventus ចង់បាន Lewandowski មកជំនួស Gonzalo Higuain

សារព័ត៌មានរបស់ប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិបសេះបង្កង់Juventus ចង់បានខ្សែ ប្រយុទ្ធ Robert Lewandowski របស់ក្លិបBayern Munich ដើម្បីមកជំនួសតំណែងរបស់ខ្សែ ប្រយុទ្ធអាហ្សង់ទីនGonzalo Higuain។

កីឡាករអន្តរជាតិប៉ូឡូញLewandowskiត្រូវបានក្លិបជាច្រើនប្រជែងគ្នាទិញយកក្រោយពេលគាត់ប្រកាសថាចង់ចាកចេញពីក្រុមជើងឯកនៅក្នុងប្រទេសអាល្លឺម៉ង់។ បើតាមសារព័ត៌ មានកីឡាCorriere dello Sport ក្រុមសេះបង្កង់Juventusក៏មានចំណាប់អារម្មណ៍ ខ្លាំងលើLewandowski ដែរដើម្បីយកមកបន្ថែមកម្លាំងប្រយុទ្ធនិងអាចជំនួស តំណែងកីឡាករវ័យ៣០ឆ្នាំHiguainតែម្តង។

Juventusបានទិញខ្សែប្រយុទ្ធHiguainពីក្រុមNapoliក្នុងតម្លៃខ្លួន៧៦លានផោនកាលពី២ឆ្នាំមុន ហើយក្រោយពីបានឈ្នះជើងឯកអ៊ីតាលី Serie A ចំនួន៤សម័យជាប់ៗគ្នាមក ពួកគេក៏កំពុងតែសម្លឹងមើលទៅលើខ្សែប្រយុទ្ធផ្សេងទៀតដូចជា Lewandowski, Alvaro Morata របស់តោខៀវ និងMauro Icardi របស់ក្រុម Inter Milan។

Lewandowskiរកបាន៤១គ្រាប់ក្នុងចំណោម៤៨ប្រកួតឲ្យក្រុម Bayern Munich កាលពីក្នុងរដូវកាលមុន។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងបង្ហាញថ្វីជើងលេចធ្លោនៅក្នុងកម្មវិធីWorld Cupក្នុងប្រទេសរុស្ស៊ីនេះ ៕ ដេវីត