ព័ត៌មានទាន់ហេតុការណ៍៖

សំណាងមួយពាន់គ្រោះថ្នាក់ ម្ចាស់ចតម៉ូតូរួចចុះទៅស្ទួចត្រីចៃដន្យរថយន្តកុងតឺន័ររេចង្កូតមកបុកម៉ូតូធ្លាក់ចូលទឹកទន្លេវៃគោ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលចោមរោមមើលយ៉ាងច្រើនកកកុញ ពីសំណាក់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍សំណាងមួយលើមួយពាន់គ្រោះថ្នាក់ ខណៈបុរសម្នាក់បានទុកម៉ូតូលើចិញ្ចើមផ្លូវ ហើយចុះទៅស្ទួចត្រីនៅខាងក្រោមស្ពាន ហាយវ៉េទន្លេវៃគោ បានមួយសន្ទុះ ស្រាប់តែមានរថយន្តកុងតឺន័រទំនងអ្នកបើកងងុយដេក រេចង្កូតមកខាងឆ្វេងដៃបុកម៉ូតូអូសធ្លាក់ចូលទឹកតែម្ដង សំណាងមនុស្សមិនរងគ្រោះថ្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅលើស្ពានទន្លេវៃគោក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ។

យោងតាមលោក ប្រាក់ ជុត អធិការនគរបាលក្រុងស្វាយរៀង បានប្រាប់កាសែតនគរវត្តឲ្យដឹងថា បុរសជាម្ចាស់ម៉ូតូពិតជាសំណាងហើយ មិនមានរងគ្រោះថ្នាក់អ្វីនោះទេ ចំណែកម៉ូតូដែលត្រូវរថយន្តបុកអូសធ្លាក់ទឹកម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ។

ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានបើកទ្វារថយន្តចេញគេចខ្លួនភ្លាមៗ បន្សល់តែរថយន្តកុងតឺន័រនៅនឹងកន្លែង ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ដែលជាកូនមន្រ្តីនគរបាលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ហើយក៏បានឈប់ចតនៅខាងក្រោមស្ពានគោលបំណងចុះទៅស្ទួចត្រីបានប្រមាណកន្លះម៉ោងស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតមកិចលើកំណាត់ផ្លូវជាតិលេខ១ស្រាប់តែបើកជិតដល់លើស្ពានហាយវ៉េទន្លេវៃគោទំនងជាងងុយដេករេចង្កូតមកខាងឆ្វេងដៃបើកបុកម៉ូតូ ដែលម្ចាស់ចតស្ងៀមអូសធ្លាក់ចូលទឹកទាំងម៉ូតូ និងរថយន្តបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកគេឃើញម្ចាសរថយន្តបើកទ្វារ ចេញពីក្នុងទឹកទាំងត្រដាបត្រដួសគេចចេញពីកន្លែងកើតហេតុតែម្ដងសំណាង ហើយគ្រោះថ្នាក់នេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសអ្វីនោះទេ ដោយនៅក្បែរកន្លែងខាងលើគឺមានអ្នកលក់ដូរផងដែរ ។

រហូតមកដល់វេលាម៉ោង៦រសៀលនេះ សមត្ថកិច្ចនគរបាលក្រុងក៏ដូចជានគរបាលចរាចរណ៍ ខេត្តកំពុងឈរធ្វើចរាចរណ៍កុំឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរផងដែរ ៕ យឹម សុថាន