ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សំរាមគរដូចភ្នំបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួចក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ គំនរសំរាមក្នុងក្រុងសៀមរាបទុកគរដូចភ្នំ បន្ទាប់ពីចូលឆ្នាំខ្មែរ រួចដោយគេ ពុំទាន់ឃើញមានរថយន្តដឹកសំរាមទៅប្រមូលទេ ជាពិសេសនៅក្នុង បរិវេណរបងព្រះអង្គចេក ព្រះអង្គចមពុំ ឃើញមានអ្នកសម្អាតធ្វើអនាម័យ ឬ បរិស្ថាន ទៅប្រមូលកើបយកទៅចោល ឡើយ ដូចជាទឹកហូរចេញពីកន្លែងព្រះអង្គ ដល់ភ្ញៀវជាតិ អន្តរជាតិ ដើរកាត់ឃើញ សុទ្ធតែសំរាមជះក្លិនស្អុយ ខណៈអ្នក គ្រប់គ្រងនៅទីនោះពុំយកចិត្តទុកដាក់ព្រមទាំងនគរបាលគិតតែប្រមូលលុយពីការផ្ញើម៉ូតូ ដាក់ចូលហោប៉ៅធ្វើយ៉ាងព្រងើយ ។

តាមប្រភពពីពលរដ្ឋម្នាក់មកពីភ្នំពេញ បានចូលទៅអុជធូបនៅកន្លែងព្រះអង្គចេក ព្រះអង្គចមបាននិយាយថា សម្រាប់ទីក្រុង សៀមរាប គឺមានការរៀបចំបានល្អណាស់ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ប៉ុន្តែបែរជា នៅកន្លែងព្រះអង្គ ពុំឃើញមានការរៀបចំ សម្អាត អនាម័យ ឬ បរិស្ថាន សោះឡើយ ប្រហែលគាត់គិតថា ការលុបមុខរបស់ភ្ញៀវ ដែលបានសុំទឹកមន្ត ពីព្រះអង្គចេកព្រះ អង្គចមយកមកលុបនោះមិនហូរ ចេញទៅ ណាឆ្ងាយ ។ បើយើងមើលពីកន្លែង ព្រះអង្គទៅក្រោយវិញ ឃើញទឹកហូរ គ្មាន ឈប់ ហើយសុទ្ធតែភក់ល្បាប់ ហើយ បើពួកគាត់យកលុយនោះមកចាក់សាប ហើយ ធ្វើចង្អូរសម្រាប់បង្ហូរទឹកនោះចូលទៅក្នុងលូវិញប្រហែលគ្មានទឹកដក់បែបនេះឡើយ។

រីឯពលរដ្ឋម្នាក់ទៀត គឺអ្នក ស្រី ធារី អាយុ៥៨ឆ្នាំ មកពីខេត្តបាត់ដំបងបាន និយាយប្រាប់ថា ពួកគាត់មកលេងសៀម រាប នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និង ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានការសប្បាយរីករាយ ដោយសារ ឃើញមានការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់បានល្អ ជាងខេត្ត ផ្សេងៗ ។ ប៉ុន្តែនៅមានចន្លោះប្រហោង ត្រង់ចប់ចូលឆ្នាំទៅហើយនៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប ពុំទាន់ឃើញមាន រថយន្តរបស់ ក្រុម​ហ៊ុនដឹកសំរាមនោះមកដើរប្រមូល យកទៅបោះចោលសោះ។

ជុំវិញករណីខាងលើ កាសែតនគរវត្ត មិនអាច ទាក់ទងសុំការបកស្រាយពី លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបបានទេ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ដោយសារទូរស័ព្ទនៅក្រៅតំបន់សេវា។

បើតាមការបញ្ជាក់ពីលោក សូវ សុខ ចេតនា ប្រធានប្រតិបត្តិការដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន GAEA បានប្រាប់ឱ្យដឹងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ថា រថយន្តប្រភេទ៥តោន ដែលចូលទៅដឹកនៅក្នុង បរិវេណអង្គរវត្ត រយៈពេល៣ថ្ងៃចូលឆ្នាំខ្មែរនោះ ក្នុង១ថ្ងៃ ដឹកបាន ៦ជើង ក្នុង១ជើង ដឹកបាន៥តោន សរុបស្មើនឹង ៣០តោន។ ចំណែកទ្រុង កុងតឺន័រតូច សម្រាប់ដាក់សំរាម ក្នុង១ថ្ងៃ ដាក់បាន ៦ទ្រុង ស្មើនឹង ៥០តោនក្នុង១ថ្ងៃ បើគិតរយៈពេល ៣ថ្ងៃ ស្មើនឹង១៥០តោន ចំពោះសំរាមដែលដឹកចេញពីក្នុងបរិវេណអង្គរតែប៉ុណ្ណោះ ដោយមិនបានបូកបញ្ចូល ជាមួយក្រុងសៀមរាបទេ។ លោកបាន បន្តថា រីឯសំរាមដែលដឹកចេញពីក្នុងក្រុងសៀមរាបវិញ១ថ្ងៃ ស្មើនឹង៣០០តោន ជារៀងរាល់ថ្ងៃ ៕ ប៊ុន រិទ្ធី