ព័ត៌មានទាន់ហេតុការណ៍៖

សំរាមនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយជាប់របងប៉ុស្តិ៍ទឹកថ្លា សូមអាជ្ញាធរខណ្ឌសែនសុខជួយមើលផង ជិះកាត់ជះក្លិនស្អុយខ្លាំងណាស់

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ​ ជាប់នឹងរបងប៉ុស្តិ៍ទឹកថ្លា​ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ត្រូវ​មហាជនមើលឃើញថាដូចជាមិនសូវមានកន្លែងដាក់សំរាមអោយបានត្រឹមត្រូវ និងអនាម័យសោះ ដែលកំពុងតែក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ​ ចំណែកលូបង្ហូរទឹកស្អុយវិញ​ ត្រូវសំរាមគ្រប់ពាសពេញថែមទាំងធ្លាក់សំរាមចូលទៅក្នុងទឹកបង្កជាការកកស្ទះ និងជះក្លិនយ៉ាងស្អុយធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់បានរិះគន់ ថាហេតុអីបានជាមិនរកកន្លែងទុកដាក់សំរាមអោយបានត្រឹមត្រូវសោះចឹង? ចុះអាជ្ញាធរខណ្ឌសែនសុខ​ ធ្វើដំណើរកាត់ទីនេះគ្មានធំក្លិនសំរាមរឺទេ ហើយជាពិសេសនោះគឺមន្រ្តីប៉ុស្តិ៍តែម្តងតើពួកគាត់គិតយ៉ាងណា ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរិះគន់ទៅលើអាជ្ញាធរខណ្ឌសែនសុខថា​ គំនរសំរាមដែលគេយកមកចាក់ចោលទាំងនេះ វាហាក់បីដូចជាឥតសណ្តាប់ធ្នាប់និងអាណាធិបតេយ្យ​ដល់ហើយ​ មិនតែប៉ុណ្ណោះសំរាមនេះ ក៏បានជះក្លិនស្អុយពាសពេញផ្លូវ​ ដែលអាចធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងអ្នកធ្វើដំណើរ​ ។ ​

ចំពោះប្រជាពលរដ្ឋមួយចំនួនតូច ដែលរស់នៅម្តុំនោះ ដូចជាខ្វះការពិចារណានិងមិនគិតពីសុខភាពខ្លួន និងពលរដ្ឋដទៃឡើយ​ បានយកសំរាមមកចាក់គរចោលជារៀងរាល់ថ្ងៃ ដោយគិតថាក្រុមហ៊ុន​ សិនទ្រី​ និងមកសំអាតវិញដដែល​ ព្រោះតែសំអាងលើក្រុមហ៊ុន​ សិនទ្រី​ ទើបចាក់សំរាម​ គរចោលពេញផ្លូវ​ គ្មានគិតពីសុខភាព​ និងសណ្តាប់ធ្នាប់បរិស្ថានសោះឡើយ ។

សំណូមពរពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់​ សុំឲ្យអាជ្ញាធរខណ្ឌសែនសុខ​ ជួយពិនិត្យលើបញ្ហានេះផង សុំអោយមានធុងដាក់សំរាមតាមតំបន់អោយបានត្រឹមត្រូវ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ​ដាក់សំរាមអោយបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ជៀសវាងការដាក់រាយប៉ាយពាសវាលពាសកាល និងអោយប្រជាពលរដ្ឋចូលរួម​អនុវត្តទាំងអស់គ្នា ដើម្បី​រួមចំណែកថែរក្សានៅ​ (​បរិស្ថានស្អាត​​ ទីក្រុងស្អាត​ អនាម័យ​ល្អ​ ) ៕ ជ្រោយពេជ្រ

image6

image5

image4

image3

image2

image1