ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីរីប្រកាសអាសន្នដោយសារតែយន្តហោះចម្បាំងអុីស្រាអែលចូលកៀកព្រំដែន

សារព័ត៌មាន al Masdar News បានផ្សាយថា កម្លាំងទាហានការពារស៊ីរី បានប្រកាសអាសន្ន ក្រោយពេលមានយន្តយោះចម្បាំងអុីស្រាអែលបង្ហាញខ្លួននៅតំបន់ព្រំដែនរបស់ខ្លួន និងលីបង់។

កម្លាំងទាហានការពារស៊ីរីបានឲ្យដឹងថា កម្លាំងទាហានអាកាសអុីស្រាអែលបានចូលរួមជាមួយកម្លាំងទាហានអាកាសលីបង់ នៅក្នុងសប្តាហ៍នេះ នៅពេលដែលយន្តហោះអុីស្រាអែលត្រូវបានគេប្រទះឃើញនៅតាមបណ្តោយព្រំដែនភាគខាងកើតស៊ីរី និងលីបង់។

តាមប្រភពព័ត៌មានពីយោធាស៊ីរីបានឲ្យដឹងថា យន្តហោះចម្បាំង និងយាមល្បាតរបស់អុីស្រាអែល ត្រូវបានគេប្រទះឃើញនៅព្រំដែនស៊ីរី និងលីបង់។ សកម្មភាពខាងលើ មិនអាចទទួលយកបានឡើង។ ដើម្បីទប់ទល់នឹងស្ថានភាពខាងលើ កម្លាំងការពារដែនអាកាស និងទាហានអាកាសស៊ីរី បានត្រៀមលក្ខណៈធ្វើសង្គ្រាមបើមានហេតុការណ៍អាក្រក់កើតឡើងនោះ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មាន Al Masdar News បានផ្សាយថា កាលពីសប្តាហ៍កន្លងមក កម្លាំងទាហានអុីស្រាអែល បានតាមដានតំបន់ជុំវិញភ្នុំ Qalamoun និង Al Qusayr ដោយតំបន់នោះមានវត្តមានកម្លាំងទាហានហេប៉ូឡាសជាទ្រង់ទ្រាយធំ។

ក្រោយពេលដែលហោះហើរ អុីស្រាអែលក៏បានព្រមានដល់ស៊ីរីថា កម្លាំងការពារដែនអាកាសស៊ីរី មិនត្រូវល្ងង់ខ្លៅប្រើមីស៊ីលការពារវាយប្រហារមកលើយន្តហោះរបស់ខ្លួននោះឡើយ ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ អីស្រាអែលបានប្រកាសថា បើមីស៊ីលស៊ីរីហានបាញ់មកលើយន្តហោះរបស់របស់ខ្លួន នោះយើងនឹងកម្ទេចទាំងស្រុងតែម្តង។

សកម្មភាពរបស់អុីស្រាអែល បានធ្វើឲ្យស៊ីរីប្រកាសអាសន្ន ទាំងទាហានអាកាស និងទាហានការពារដែនអាកាសត្រៀមទប់ទល់នឹងហេតុការណ៍អាក្រក់ដែលអាចកើតឡើង៕ ម៉ែវ សាធី