ព័ត៌មានទាន់ហេតុការណ៍៖

ស្គូពីជែងជាមួយរថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះជាមួយម៉ូតូ១ទៀតដួលរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បើកម៉ូតូជែងគ្នុងស្ថានភាពគ្រោះថ្នាក់រួចមក ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីថ្ងៃចន្ទ១រោច ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១៥នាទី លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត៣៣លេខ៣៤ ចំណុចភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ រវាងម៉ូតូ នឹងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា។

នគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-6200 បើកបរដោយឈ្មោះ ហៀង ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ (របួសរលាត់ស្បែកខ្នង)រស់នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនពាក់មួកសុវត្ថិភាព ឌុបមិត្តភក្តិពីក្រោយ ឈ្មោះ លី វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំជាមួយគ្នា (បាក់ដងកាំបិតខាងស្ដាំ) បើកបរពីទិសខាងជើងឆ្ពោះមកទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ បានវ៉ាក់អឺជាមួយរថយន្តមួយគ្រឿង ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យរងរបួសបាក់ប្រអប់ជើងខាងឆ្វេង ។

ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FU-0387 បើកបរដោយឈ្មោះ បេង សីហា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ មានមួក ម៉ូតូអត់កញ្ចក់ ។ ក្រោយរងរបួស ជនរងគ្រោះត្រវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យសង្គ្រោះ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុវាស់វែង ។ ចំពោះវត្ថុតាងទាំងពីរ កម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយគ្នាដោយសន្តិវិធី ៕ សេនាស័ក្តិ