ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ស្ត្រីឆ្លងទន្លេម្នាក់ទៀតហើយស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានស្រ្តីឆ្លងទន្លេសម្រាលកូនធ្លាក់ឈាមរហូតដល់ស្លាប់ម្នាក់ទៀតហើយ ក្រោយពេលដឹកបញ្ជូនមកដល់មន្ទីរពេទ្យបង្អកខេត្តកន្លះម៉ោង​ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។

តាមប្រភពបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់នៅក្រោយពេលសម្រាលបានកូនភ្លោះ២នាក់​ហើយ ស្រ្តីដែលគេអះអាងថា​ ជាជនជាតិឡាវ​ បានស្លាប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨តែម្តង បន្ទាប់ពីដឹកបញ្ជូនមកពីមណ្ឌលសុខភាពវរៈជ័យនៅក្នុងភូមិវ៉ើនសៃ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី​។​

លោក​ ទឺ​ នូថង អធិការនគរបាលស្រុកវ៉ើនសៃបានប្រាប់ថាជនរងគ្រោះដែលសម្រាលកូនហើយស្លាប់​ឈ្មោះ​ ចាន់​ នីអាយុ៣៦ឆ្នាំជនជាតិឡាវមានទីលំនៅភូមិតាឡាតឃុំសេសានស្រុកសេសានខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ខេត្តរតនគិរី​។

លោក​ ហុីង​ ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់អ្នកយកព័ត៌មានដឹងនៅថ្ងៃទី២៣ ខែកុម្ភៈថា ស្រីរងគ្រោះបានស្លប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកន្លះម៉ោង ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណី ។

បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ​ នារីរងគ្រោះបានមកលេងផ្ទះឪពុកម្តាយនៅស្រុកវ៉ើនសៃ​ គាប់ជួនពេលនោះ នាងក៏បានឈឺពោះសម្រាលកូនហើយស្វាមីរបស់នាងបានបញ្ជូននាងទៅមណ្ឌលសុខភាព​ វរៈជ័យ​ ក្បែរនោះ។​

បន្ទប់មកនាងក៏សម្រាលបានកូនភ្លោះ២នាក់ តែអកុសលពេលនោះ នាងបានហូរឈាមធ្លាក់ខ្លាំងពេក សាច់ញាតិក៏ដឹកបញ្ជូននាងបន្តមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត គួរឲ្យសោកស្តាយបំផុតនាងបានបាត់បង់ជីវិតនៅ ក្រោយពេលសង្រ្គោះបានកន្លះម៉ោង។

សូមបញ្ជាក់ថា នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនេះ ធ្លាប់មានអ្នកជំងឺ និងអ្នកម្រាលកូនស្លាប់ញឹកញាប់ណាស់ ប្រធានមន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាលហាក់ដូចជាពុំសូវចាប់អរម្មណ៍សោះលើបញ្ហានេះ គឺតែតែជួបបញ្ហារឿងដដែលៗ ៕ ជីវន្ត