ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនក្រោយពីការធ្វើសកម្មភាពលួចកាបូប

ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែចាប់ឃាត់ខ្លួនក្រោយពីស្ត្រីខាងលើ បានធ្វើសកម្មភាពលួចយកកាបូបកាលពីវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្សារទួលសង្កែ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ បេ ឧត្តម ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកឯជនសង្ស័យឈ្មោះ សាយ កា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ស្នាក់នៅម្តុំអង់តែងទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីសាក្សីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដាក់កាបូបនៅក្នុងតូបរវល់តែលក់ដូរ ពេលនោះស្រាប់តែមានស្ត្រីដែលជាជនសង្ស័យបានចូលមកលួចយកកាបូបនៅក្នុងតូប ដោយសារតែឃើញជនរងគ្រោះរវល់លក់ដូរខ្លាំងពេកក៏ជនសង្ស័យបានចូលទៅលួចយកកាបូប ក្រោយមកជនរងគ្រោះបានឃើញជនសង្ស័យកំពុងតែលួចយកកាបូបក៏បានស្រែកថាចោរៗ ខណៈពេលនោះក៏មានក្រុមសន្តិសុខផ្សារបានចាប់ និងឃាត់ខ្លួនជនសង្ស័យតែម្តង ។

ចំណែកឯនៅក្នុងកាបូបជនរងគ្រោះដែលត្រូវបានចោរលួចនោះគឺមានប្រាក់ចំនួន ៣មឺុនរៀល និងទូរស័ព្ទដៃ១គ្រឿង ម៉ាក Samsung ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីិតិវិធីច្បាប់ ៕ អារុណរះ

1-352