ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ជិះម៉ូតូទៅធ្វើការបត់ឆ្លងផ្លូវ​ទៅវ៉ាក់អើជាមួយម៉ូតូបញ្ច្រាសទិសក៏ចាប់ហ្វ្រាំងបង្ខំ បណ្ដាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ខណ:ដែលកំពុងជិះម៉ូតូទៅធ្វើការ ហើយបត់ឆ្លងផ្លូវ ស្រាប់តែវ៉ាក់អើជាមួយម៉ូតូមួយគ្រឿងផ្សែងទៀត ដែលជិះបញ្ច្រាសទិស ក៏ចាប់ហ្វ្រាំងបោកដួលតែម្នាក់ឯង បណ្ដាលឲ្យសន្លប់ស្តូកកណ្តាលផ្លូវជាតិ និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ស្ត្រីរងគ្រោះ ឈ្មោះ រិន ដានី អាយុ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងត្របែក ឃុំរ៉ុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-7232 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវ ដើម្បីចូលរោងចក្រ ខណ:ដែលកំពុងបត់ឆ្លងផ្លូវ ស្រាប់តែវ៉ាក់អើជាមួយម៉ូតូបញ្ច្រាសទិស ធ្វើឲ្យជនរងគ្រោះ ជាន់ហ្វ្រាំងបង្ខំ បណ្ដាលឲ្យបោកដួលតែម្នាក់ឯង នៅកណ្តាលផ្លូវជាតិ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ​ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រងចាំប្រគល់ឲ្យជនរងគ្រោះវិញពេលក្រោយ ៕ ភារ៉ា ដង្កោ