ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីបរទេសម្នាក់ត្រូវនគរបាលបញ្ជូនទៅតុលាការខេត្តពាក់ព័ន្ធការជួញដូរ​គ្រឿង​ញៀ​ន​​

ខេត្តសៀមរាប៖ ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួននាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ​បាន​បញ្ជូន ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បីចំណាត់ការទៅតាមនីតិវិធីច្បាប់ ពាក់​ព័ន្ធ​នឹងករណីរក្សាទុកនិងដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ បន្ទាប់​ពី​​ឃាត់​ខ្លួន​បាន​នៅចំណុចអាកាសយានដ្ឋានអន្តរ​ជាតិសៀមរាប កាល​ពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងការចុះបង្រ្កាបនេះដឹក​នាំ​ដោយ​លោកឧត្តម​សេនីយ៍​ត្រី៍ អ៊ុំ អមរា ស្នងការរងនគរបាលខេត្តទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង​ការិយា​ល័យ (ក១) របស់មន្ទីប្រឆាំងគ្រឿងញៀន កម្លាំង​​គយនិងរដ្ឋាករ និង កម្លាំង​​អន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រលាន​យន្តហោះអន្តរជាតិសៀមរាប។

តាមប្រភពពីមន្ត្រីគ្រឿងញៀនខេត្ត បានប្រាប់ថា ជនសង្ស័យ​មាន​ឈ្មោះFLORES GONZAILZ YOSREILYS KATERINE ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ វេណេហ្សូអេឡា VANEZUELA មានមុខរបរ ជាគណនេយ្យ កាន់លិខិតឆ្លងដែនលេខ 116131197 មានទីលំ​នៅ​ទីក្រុងការាកាស ប្រទេសវេណេហ្សូអេឡា ពាក់​ព័ន្ធ​នឹងករណីរក្សាទុកនិងដឹកជញ្ជូន ប៉ុន្តែ​ ​គ្មានសារ​ធាតុញៀនក្នុងខ្លួន​ ដោយ​កម្លាំងយើងដកហូតវត្ថុតាងបានម្សៅកូកាអ៊ីន ចំនួន១០៤ដុំ ស្មើទំងន់១០៤៧,២២ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង លិខិតឆ្លងដែនចំនួន១​ក្បាល ដោយស្រ្ដីនេះលាក់ទុកនៅក្នុងខ្លួន មកពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ Dubai និងBangkok តាមជើងយន្តហោះលេខ PG 913 ចុះចត នៅអាកាសយានដ្ឋានអន្តជាតិសៀមរាប សមត្ថកិច្ចជំនាញយើងបានចាប់ខ្លួនជនសង្ស័យនោះស្ថិតនៅចំណុចអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

បច្ចុប្បន្ន ស្ត្រី បរទេស ជាជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅ​តុលាការខេត្តសៀមរាប នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ប៊ុន រិទ្ធី

NKD-36x6_outline