ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដោយសារជីវភាពក្រីក្រពេក រកស៊ីដឹកឈើដួលម៉ូតូផ្ងារក្រោយ ត្រូវឈើសង្កត់បែកក្បាលស្លាប់ចោលកូន៥នាក់

ខេត្តមណ្ឌលគីរី៖ ស្រីម្នាក់ប្រកបរបររកស៊ីដឹកឈើតាមម៉ូតូចិញ្ចឹមជីវិតបានជួបគ្រោះថ្នាក់ចររាចរណ៍ខណៈដែលកំពុងដឹកឈើមានមុកាត់ធំៗរត់គេចពីសមត្ថកិច្ចតាមប្រមាញ់ត្រូវដួលម៉ូតូឈើសង្កត់ពីលើបោកបែកក្បាលស្លាប់ភ្លាមៗមួយរំពិចចោលកូនឲ្យកំព្រា៥នាក់។

ហេតុការណ៍នេះ បានកើត ឡើងនៅវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃសុក្រ ៣ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ស្ថិតត្រង់ចំណុចចំការកៅស៊ូក្រុមហ៊ុនប៊ិនភឿក ១ ក្នុងភូមិចក់ចារ ឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគីរី។

ប្រភពពីកន្លែងកើតបានឲ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះយ៉ន ទូច អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានប្តីឈ្មោះ សោម ផា អាយុ៣៩ឆ្នាំ មានកូន៥នាក់ ស្រី២ ប្រុស៣នាក់ ។

ប្រភពបន្តទៀតថា គេតែងសង្កេតឃើញស្រ្តីរងគ្រោះខាងលើមកដឹកឈើពីតំបន់ស្រែឈូកជារៀងរាល់ថ្ងៃ ។

មុនពេលគ្រោះចររាចរណ៍ដ៏សែនរន្ធត់នេះ គេបានឃើញសមត្ថកិច្ចស្ទាក់ហើយមិនដឹងសួរនាំគាត់រឿងអីទេ ហើយក៏ចេញដំណើរបន្ត ស្រាប់សមត្ថកិច្ចនោះដេញតាម រហូតគាត់ដួលបោកក្បាលស្លាប់ ទើបពួកសមត្ថកិច្ចគេចខ្លួនចេញបាត់អស់ ។

អ្នកឃើញហេតុការណ៍គ្រប់ៗគ្នា គេគិតថា ពិបាកភ្នែកមើលខ្លាំងណាស់ ដោយជីវភាពក្រខ្សត់របស់គាត់ ។

តែទោះជាយ៉ាងណា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ បានឆក់យកជីវិតមួយពព្រិចភ្នែកបន្សល់ទុកកូននៅកំព្រាម្តាយទាំង៥នាក់ ៕ ជីវ័ន្ត