ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវគេប្រទះឃើញធ្វើអត្តឃាតនៅក្នុងវត្ត ផ្អើលព្រះសង្ឃទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោពីសំណាក់ក្មេងវត្ត និងព្រះសង្ឃ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួន ក្នុងបរិវេណវត្តលក្ខ័រាជា នៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិលក្ខ័រាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ ឃឺម សារីន អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឆ្អឺងពោះ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពបន្តថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអ្នកភូមិរួច នគរបាលស្រុក នគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានមកពិនិត្យសាកសពភ្លាមៗឃើញថា សពស្លាប់ដោយចងកជាមួយដើមអាកាស្សាក្នុងវត្ត ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ ។

បើតាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើ គឺមានជំងឺរ៉ាំរៃសរសៃប្រសាទយូរឆ្នាំមកហើយ ខណៈជំងឺធ្វើទុក្ខម្ដងៗ តែងតែប្រកាច់ម្នាក់ឯង ត្រូវបានអ្នកភូមិជួយសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យឪពុកម្តាយយកសពទៅធ្វើបុណ្យយតាមប្រពៃណី ៕ យឹម សុថាន