ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យ៣៤ឆ្នាំម្នាក់ជិះម៉ូតូតាមផ្លូវត្រូវរន្ទះបាញ់ស្លាប់ និងរងរបួសកូនក្មួយ២នាក់

ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវមានឌុបកូនប្រុសម្នាក់ និងក្មួយស្រី ខណៈមេឃកំពុងរលិមស្រិចៗ ជនរងគ្រោះក៏ជិះចូលផ្ទះវិញក៏ត្រូវរន្ទះបាញ់ស្លាប់ និងរងរបួសធ្ងន់កូនប្រុសម្នាក់ និងក្មួយស្រីម្នាក់ នៅចំណុចវល្ល័ប្រេង ស្ថិតក្នុងភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះសួន ស្រីនេត្រ ភេទស្រី អាយុ ៣៤ឆ្នាំ បានជិះម៉ូតូដាក់កូនពីមុខឌុបក្មួយពីក្រោយតាមបណ្តោយផ្លូវមួយខ្សែ មួយសន្ទះក្រោយមកមេឃក៏ធ្លាក់ភ្លៀងរលិមស្រិចៗ ឃើញដូច្នេះជនរងគ្រោះក៏ជិះត្រឡប់មកផ្ទះវិញ អកុសល្យអាក្រក់ជនរងគ្រោះជិះមកដល់ចំណុចខាងលើស្រាប់តែមានរន្ទះកំណាច់បានបាញ់ឆក់យកជីវិតម្តាយស្លាប់កូន និង រងរបួសធ្ងន់កូនប្រុសម្នាក់ ក្មួយស្រីម្នាក់ជាអ្នករួមដំណើរជាមួយគ្នា ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនកុមាររងគ្រោះទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

ប្រភពដដែលបានបន្តថា កុមាររងគ្រោះឈ្មោះលាង ផាន់ណា ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាកូន រងរបួសធ្ងន់ និងឈ្មោះយ៉ុម លិនដា ភេទស្រី អាយុ៧ឆ្នាំ ត្រូវជាក្មួយរងរបួសធ្ងន់ អ្នកទាំងបីនាក់រស់នៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឃើញហេតុការណ៍ដូចនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ បានអះអាងថា ជនរងគ្រោះពិតជាស្លាប់ និងរងរបួសដោយឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដោយរន្ទះបាញ់ពិតប្រាកដមែន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅលំនៅដ្ឋានរបស់ខ្លួន។

គួរំលឹកផងដែរថានៅស្រុកភ្នំក្រវាញ ក្នុងខែកញ្ញា ឆ្នាំ២០១៨នេះជនរងគ្រោះស្លាប់ដោយករណីរន្ទះបាញ់ចំនួន២ករណីធ្វើឱ្យមនុស្សប្រុសស្រី៤នាក់ស្លាប់ និងរងរបួសធ្ងន់កុមារ២នាក់ផងដែរ ៕ ប៉ឹម ពិន