ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានតំណាងកម្ពុជានៅក្រៅប្រទេសធ្វើអន្តរាគមន៍ពលរដ្ឋខ្មែរចំនួន២៦នាក់

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨បានបញ្ជាក់ថា ស្ថានតំណាងកម្ពុជានៅក្រៅប្រទេសបានធ្វើអន្តរាគមន៍ជួយ ពលរដ្ឋខ្មែរចំនួន២៦នាក់មកកាន់មាតុ ប្រទេសវិញ ។

យោងតាមការបញ្ជាក់ពីការជូនដំណឹងរបស់ក្រសួងនាព្រឹកថ្ងៃទី២៨ ខែសីហាថា ១-ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិនធ្វើអន្តរាគមន៍ជួយសង្គ្រោះនិងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៧នាក់ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួក គេបានមកដល់កម្ពុជាវិញនៅថ្ងៃទី៩ និងទី ២៣ ខែសីហា ឆ្នាំ២០១៨ ។

២-ស្ថានឯកអគ្គរាជទូតព្រះរាជាណា ចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ម៉ាឡេស៊ីរៀបចំមាតុភូមិនិវត្តន៍របស់ពលករពលការិនីខ្មែរចំនួន៧នាក់ (ស្រី១នាក់) មកពីខេត្តក្រចេះ កណ្តាល កំពង់ចាម ត្បូង ឃ្មុំ និងខេត្តបាត់ដំបងដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយ មានបំណងត្រឡប់មកកម្ពុជាវិញ។ ពលករ ពលការិនីទាំង៧នាក់បានមកដល់កម្ពុជា វិញចន្លោះពីថ្ងៃទី៤ ដល់ទី១៥ ខែសីហា ឆ្នាំ២០១៨ ។

៣-ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសឥណ្ឌូនេស៊ីបានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរចំនួន២នាក់មានអាយុ២៨ឆ្នាំ និងអាយុ ៣៦ឆ្នាំមកពីខេត្តកំពង់ធំដែលត្រូវបាន អាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួនក្រោយពីទូកនេសាទដែលពួកគេធ្វើការបានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។ ពលករទាំង២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។

៤-ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិនបានសហការជាមួយ អាជ្ញាធរចិនធ្វើអន្តរាគមន៍ជួយស្រ្តីខ្មែរចំនួន១០នាក់មានអាយុចន្លោះពី១៩ឆ្នាំដល់ អាយុ៣៤ឆ្នាំ មកពីខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និងរាជធានីភ្នំពេញដែលត្រូវបាន មេខ្យល់បោកបញ្ឆោតនាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ស្រ្តីរងគ្រោះទាំង ១០នាក់ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់នៅថ្ងៃទី១៣ ទី១៨ និងទី២៥ ខែសីហា ឆ្នាំ២០១៨ ៕ ហេង សូរិយា